មេ Facebook, Microsft, Alibaba, និង Amazon រួមគ្នាជួយសង្គ្រោះភពផែនដី ដោយបង្កើតគំរោងផលិត​ថាមពលស្អាត

(អាមេរិក)៖ សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsft របស់សហរដ្ឋអាមេរិកគឺកំពូលមហាសេដ្ឋី Bill Gates បានសហការគ្នាជាមួយ​និង​មហាសេដ្ឋី​កំពូលៗ​ មួយ​ចំនួន​ទៀត​រួមមាន​នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg, នាយកក្រុមហ៊ុន Alibaba លោក Jack Ma, និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ធ្វើការវិនិយោគទុន​ចំនួនមួយពាន់លានដុល្លារ​ទៅក្នុងមូលនិធិមួយសំដៅ​ជំរុញការ​បង្កើតបច្ចេក​វិទ្យាថាមពលស្អាត​គ្មានការបំពុល​បរិស្ថាន និងជួយដោះស្រាយបញ្ហាបម្រែបម្រួល​អាកាសធាតុពិភពលោក។ នេះបើតាមការ​ចេញ​ផ្សាយ​​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិច​នារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

មូលនិធិឈ្មោះថា «Breakthrough Energy Ventures» ត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារនេះ​តែ​ម្តង​ដោយ​សហ​គ្រិន​ដែល​ជា​មហា​សេដ្ឋី​ទាំង​បួន​រូប​ ក្នុងគោលបំណង​បង្កើនការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ការ​សិក្សា​ស្រាវ​ជ្រាវអំពីថាមពល និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ ដើម្បីជួយសម្រេចគោលដៅ​ដែលត្រូវបានកំណត់នៅក្នុង «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ស្តីពីបញ្ហាអាកាសធាតុ​សកលលោក។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Quartz លោក Bill Gates បានលើកឡើងថា «ពួកយើងត្រូវការ​ថាមពល​ដែលមានតម្លៃធូរថ្លៃ និង​អាចទុកចិត្តបានហើយ​មិនបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ ក្នុងការផ្គត់ផ្គង់​ថាមពល​នា​ពេលអនាគត ប៉ុន្តែដើម្បីអាចសម្រេចគោលដៅនេះបាន យើងចាំបាច់​ត្រូវមានគំរូផ្សេង​មួយសម្រាប់​ធ្វើការ​វិនិយោគទៅក្នុងការ​បង្កើតគំនិតច្នៃ​ប្រឌិតថ្មីៗ និងផ្លាស់ប្តូរពួកវាចេញ​ពីទីពិសោធន៍​ដែល​ពុំ​សូវទាក់​ទាញ​ការ​ចាប់​អារម្មណ៍​​ទៅ​កាន់​ទីផ្សា​រ​​ដ៏ធំទូលាយវិញ»។

គួរបញ្ជាក់ថា លោក Bill Gates ដែលជាបុរសមានទ្រព្យសម្បត្តិស្តុកស្តម​ជាងគេបំផុតលើ​លោកនោះ តែងតែ​បាន​ធ្វើ​ការ​​វិនិយោគ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ទាក់​ទង​​នឹង ​បច្ចេកវិទ្យានៃការបង្កើតថាមពលថ្មី​​នៅក្នុងរយៈ​ពេល​ជាច្រើន​ឆ្នាំមកនេះ ហើយ​ទោះ​បី​ជា​ការ​​វិ​និ​យោគ​ទុន​ទាំង​អស់​នោះ ​សុទ្ធ​តែ​មិនធ្លាប់​បាន​​សម្រេចចេញ​ជាផ្លែផ្កាណាមួយយ៉ាងណាក្តី ក៏រូបលោកជាមួយ​និងមហាសេដ្ឋីទាំងបីរូបទៀត​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ជា​និច្ច​ថា​ មូលនិធិនៃការអភិវឌ្ឍ​​បច្ចេកវិទ្យាដើម្បីបង្កើតថាមពលស្អាត​ហើយមិនបំពុលបរិស្ថានមួយនេះ​នឹងអាចទៅរួច៕

ពាក្យទាក់ទង់៖ , , , , , , ,

អត្ថបទផ្សេងៗជាច្រើនទៀត...