គួររៀបចំ និងទទួលទាន តាមរបបអាហារទាំងនេះ បើចង់ឲ្យ «ជំងឺបេះដូងធូរស្រាល» មកវិញ!

0

(បរទេស)៖ បរិភោគឲ្យបានត្រឹមត្រូវ មិនល្មោភអាហារហួសហេតុពេក ជាករណីចាំបាច់​សំរាប់អ្នក​ជម្ងឺបេះដូង ដែលត្រូវឃ្លាំមើលស្ថានភាពសុខភាព​ដោយខ្លួនឯង។ អត្រាកូឡេស្តេរ៉ូល អត្រាទ្រីគ្លីសេរីដ អត្រាស្ករ សម្ពាធឈាម ឬទម្ងន់ខ្លួន សុទ្ធតែ​ជាបញ្ហាសំខាន់ៗ​សម្រាប់ត្រួតពិនិត្យ​ជាចាំបាច់ កាលណាអ្នកជាជនរងគ្រោះ​ដោយគ្រោះថ្នាក់​បេះដូង ។

​១៖ របបអាហាររបស់​អ្នកជម្ងឺនេះ​មិនអាស្រ័យលើការបំបាត់ខ្លាញ់ ស្ករ និង អំបិលនោះទេ ប៉ុន្តែគួរជ្រើសរើសយកអាហារល្អៗ និងមានសមភាព។ ហេតុនេះគេត្រូវកាត់បន្ថយខ្លាញ់សត្វ ដែលជាប្រភពនៃកូឡេស្តេរ៉ូលអាក្រក់។ ជៀសវាងការទទួលទានប៊័រ ក្រែមស្រស់ និង ប៊័រធ្វើពីប្រេងរុក្ខជាតិ។

២៖ គួរជ្រើសរើស​អាហារក្រែម​ដែលចំរាញ់ចេញពី​ទឹកដោះគោ និងបន្ថយការ​បរិភោគហ្រូម៉ាចំនួនមួយ​ភាគក្នុងមួយថ្ងៃ ត្រូវយកខ្លាញ់​ចេញពីសាច់គោ និងបន្ថយចំនួន​ភាគ ១០០ ទៅ ១២០ ក្រាមក្នុងមួយថ្ងៃ យកល្អគួរបរិភោគ​សាច់មាន់​គ្មានស្បែក និងត្រីបីដងក្នុងមួយ​សប្តាហ៍។

​៣៖ ទទួលទានអាហារដែលមានខ្លាញ់បន្លែ ដើម្បីរក្សាទុកកូឡេស្តេរ៉ូលល្អ ដូចជាប៊័រ​ដែលធ្វើពីប្រេង​រុក្ខជាតិ ឬ ប្រេងបន្លែ ២​ទៅ៣ ស្លាបព្រា ឬ ប្រើប្រេងអូលីវ សម្រាប់ចម្អិន​អាហារក្នុងមួយថ្ងៃ។ ជាពិសេសអ្នកត្រូវ​ចម្អិនមុខម្ហូបជាមួយ​ខ្ទឹមបារាំង ខ្ទឹមសនិងក្រហម អោយបានញឹក​ញាប់។ អ្នកមិនត្រូវបរិភោគអាហារ​ដែលគ្មានបន្លែបៃតងទេ ហើយពិសារផ្លែឈើពី ២ ទៅ ៣ផ្លែក្នុងមួយថ្ងៃ។

​៤៖ សូមប្រយ័ត្នប្រយែង​ចំពោះពេលវេលា​បរិភោគអាហារ ការពិសារអាហារ​បីពេលក្នុងមួយថ្ងៃ ។ ត្រូវផឹកទឹក​អោយបានច្រើន នៅចន្លោះពេល​បរិភោគអាហារនិមួយៗ ហើយអាហារត្រូវសាប អ្នកគួរពិសារ​អាហារដែលផលិត​ពីទឹកដោះ នំបុ័ង និងបន្លែជាតិម្សៅ។

• អាហារពេលព្រឹក ៖ នំបុ័ង ១បន្ទះ, ស៊ុតចៀនយកតែពណ៌ស ចំនួន៤ ដាក់បន្លែតាមចូលចិត្ត, ក្រូចពោធិ៍សាត់ ១ផ្លែ និងទឹកតែក្តៅមួយកែវ។

• អាហារពេលថ្ងៃត្រង់៖ មីសរសៃ , ឆាតៅហ៊ូលាយជាមួយខាត់ណា១ចាន និងផ្លែត្របែក ១ផ្លែ

• អាហារពេលល្ងាច៖ បុកល្ហុងជាមួយការ៉ុត ១ចាន , ត្រីប្រឡាក់គ្រឿងអាំង, បន្លែឆាប្រេងខ្យង ១ចាន , បាយសំរូប ២ទៅ ៣ វែក និងផ្លែស្រកានាគកន្លះផ្លែ។

មុខម្ហូបទាំងនេះផ្តល់ជាតិសរសៃ ទាំងអស់ប្រហែលជា ៣០ក្រាម មានជាតិខ្លាញ់ឆ្អែតទាប និងមានវីតាមីន សារធាតុរ៉ែ ធាតុប្រឆាំងអុកស៊ីដករ ដែលមានចំណែកជួយការពារ​រោគបេះដូងបានខ្ពស់។

ក្រៅពីអាហារ អ្នកគួរធ្វើការហាត់ប្រាណ និងមានពេលសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសត្រូវតមបារី ដើម្បីអោយរួចផុតពីរោគបេះដូង៕

 

ចែករំលែក