ចង់ផ្តាច់បារីដែរទេ? បន្លែ និងផ្លែឈើពិតជាអាចជួយលោកអ្នក រួចផុតពីការញៀនបារីបាន!

0

បរទេស៖ អ្នកជក់បារី​ដែលព្យាយាម​ចង់បោះបង់​ទម្លាប់អាក្រក់​របស់ខ្លួន​ដូចជា ការជក់បារីជារឿយៗ ឬជាប្រចាំ​នោះ គួរពិចារណា​បង្កើនការទទួល​ទាន​ផ្លែឈើ ព្រោះការ​សិក្សាដែល​ចុះផ្សាយថ្មីៗ ក្នុងព្រឹត្តិប័ត្រការស្រាវជ្រាវ​ពីជាតិនីកូនីន និង ថ្នាំជក់ បានបង្ហាញ​ឲ្យឃើញថា អ្នកដែលទទួលទាន​អាហារសុខភាពល្អ មានទំនោរ​ផ្តាច់បារី និងថ្នាំជក់​បានយូរដល់ទៅ ០៣ដង។

ក្នុងការសិក្សាស្រាវជ្រាវ​ដែលបានធ្វើការ​ស្ទាបស្ទង់ អ្នកជក់បារី​ចំនួន ១,០០០នាក់ ក្នុងបទសម្ភាសន៍​តាមទូរស័ព្ទ នៅអាមេរិក អ្នកស្រាវជ្រាវ​បានរកឃើញថា អ្នកដែលទទួល​ទានបន្លែ ផ្លែឈើច្រើន មានទំនោរ០៣ដង ក្នុងការឈប់​ជក់បារី រយៈពេលយ៉ាងតិច​៣០ថ្ងៃ ក្នុងកិច្ចសម្ភាសន៍​បន្តបន្ទាប់ ក្នុងរយៈពេល​១៤ខែក្រោយមកនោះ។

ម្យ៉ាងវិញទៀតអ្នក​ជក់បារីដែលទទួល​ទានបន្លែ នឹងផ្លែឈើជា​ប្រចាំអាចជក់បារី​បានតិចជាងមុនក្នុង១ថ្ងៃ និងធ្វើតេស្តទៅ​មានកំរិតនីកូទីន​ទាបផងដែរ។ លើសពីនេះការសិក្សាក៏​បានលើកឡើង​នូវការពន្យល់​ជាច្រើនផ្សេងទៀត ពាក់ព័ន្ធទៅ​នឹងការសិក្សា​ដូចជាចំនុចមួយ ធ្វើការ​ប៉ាន់ស្មានថា អាហារពពួក​សាច់ ភេសជ្ជៈមានជាតិ​កាហ្វេអ៊ីន និងជាតិស្រវឹង​អាចជំរុញរសជាតិ​របស់ថ្នាំជក់ ខណៈដែលបន្លែ​នឹងផ្លែឈើអាច​បន្ថយរសជាតិ​របស់ថ្នាំ​ជក់បាន។

ជាមួយគ្នានេះដែរ​ក្រុមអ្នកស្រាវជ្រាវបាន​និយាយថា កាកសសៃអាហារខ្ពស់ ក្នុងបន្លែ និងផ្លែឈើ អ្នកជក់បារីពេល​ខ្លះច្របូកច្របល់​រវាងការឃ្លាន និងការជំរុញ​ឲ្យថយចុះនៃការឃ្លាន។

ការសិក្សា​បានធ្វើការសន្និដ្ឋានថា ផែនការទទួលទាន​អាហារសុខភាពល្អ​ដូចជាបន្លែ ផ្លែឈើ អាចដើរតួរជាវិធានការ​មួយទៀតក្នុង​ការប្រឆាំង​នឹងការជក់បារី។ មុននេះ​ការសិក្សាមួយ បានរកឃើញថា អ្នកជក់បារីដែល​ទទួលបានការព្យាបាល ដោយប្រើថ្នាំសណ្តំ និងការចាក់ម្ជុលវិទ្យាសាស្រ្ត មានទំនោរផ្តាច់បារីដល់ទៅ ០៤ដង៕

ចែករំលែក