ទទួលទានមើមខ្ញីច្រើន ពិតជាជួយបំប៉នដល់សុខភាពពោះវៀនអ្នកឬ?

0

សុខភាព៖ ការសិក្សាកាលពី​ពេលថ្មីៗនេះ​បានរកឃើញថា មើមខ្ញី​អាចកាត់បន្ថយ​ការរលាក​នៅក្នុងពោះវៀន ដែលវាអាចបង្ក​ឲ្យមានជំងឺមហារីក​ពោះវៀនធំ។ ទោះបីជា​យ៉ាងណាក្តី ការសិក្សានៅមិន​ទាន់បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវ​ក៏មិនទាន់បាន​ណែនាំដែរថា អ្នកទាំងអស់គ្នាគួរតែចាប់ផ្តើម​បន្ថែមមើមខ្ញី​នៅក្នុងរបបអាហារ​របស់អ្នក។



ដោយយោងទៅតាមការ​សិក្សាស្រាវជ្រាវ លោក ម៉ែម ហ្ស៊ីក ដែលជាអ្នកជំនាញព្យាបាល​រោគតាមបែបធម្មជាតិ ព្រមទាំងជា អ្នកស្រាវជ្រាវនៅ​ មជ្ឈមណ្ឌលវិជ្ជាពេទ្យ Ann Arbor បាននិយាយថា «ប្រសិនបើអ្នកចង់បន្ថែមខ្ញី នៅក្នុងរបបអាហាររបស់អ្នក វាគឺជាការប្រសើរណាស់»។ នេះបើការសិក្សាដែល​ត្រូវបានស្រាវជ្រាវ​ដោយ វិទ្យាស្ថានជំងឺមហារីកជាតិ​សហរដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ។



ខ្ញីដែលជាប្រភេទមើម​បន្លែដ៏មានអត្ថ​ប្រយោជន៍ ព្រមទាំងជាឪសថ​បុរាណដ៏សាកសិទ្ធ ត្រូវបានរកឃើញ​ នៅក្នុងម្ហូប​របស់ជនជាតិ​អាស៊ី​ជាច្រើនមុខ។ ការស្រាវជ្រាវ​បានបង្ហាញថា ខ្ញីអាចជួយព្យាបាល​បញ្ហាក្រពះដូចជា ការឆ្អល់ពោះ និងក្អួតចង្អោរ។ ការសិក្សាស្រាវជ្រាវ​កាលពីលើកមុ​នទៅលើខ្លួន​របស់សត្វ លោក ហ្ស៊ីក បានកត់សំគាល់ថា ខ្ញីអាចកាត់បន្ថយការរលាក។

មិនតែប៉ុណ្ណោះអ្នកវិទ្យាសាស្រ្តបាន​បន្តការស្រាវជ្រាវ​ទៅលើអាកាៈរោក​រលាកពោះវៀន​រុំារ៉ៃ ដែលវាអាច​ឈានទៅដល់​ជំងឺមហារីក​ពោះវៀនធំ បន្ទាប់មកលទ្ធផល​ក៏បានបង្ហាញថា ខ្ញីពិតជាអាចកាត់​បន្ថយការ​រលាកពោះវៀនមែន។



ចំណុចពិសេស៖

១. សម្រាប់ម្ហូបដែលអាចដាច់ខ្ញីបានមានដូចជា៖ ឆាខ្ញីសាច់គោ មាន់ កង្កែប ជ្រូក និងត្រីក៏បាន។
២. ខ្ញីអាចយកទៅដាំទឹកក្តៅ ដើម្បីទទួលទានបំបាត់ផ្តាសាយ និងឆ្អល់ពោះបានយ៉ាងប្រសើរ។
៣. បង្អែមមួយចំនួន ក៏អាចបន្ថែមបន្ទះស្តើងៗនៃខ្ញីខ្ចីផងដែរ ដូចជានុំលត និងតៅហ៊ូទឹកស្ករជាដើម៕

ចែករំលែក