តើកូននឹងអាចចេះជក់បារីទេ បើឪពុកម្តាយ ឬសាច់ញាតិរបស់គេ ជាអ្នកចេះជក់នោះ?

0

(បរទេស)៖ ក្មេងប្រហែលចេះ​ជក់បារី ប្រសិនបើមាន​សាច់ញាតិ​ជាអ្នកជក់បារី។
ក្រុមអ្នកស្រាវជ្រាវ​ជនជាតិអាមេរិកបាននិយាយថា ក្មេងៗជំនាន់​ក្រោយ​ជនជាតិអាមេរិក នឹងអាចចេះជក់​បារី ប្រសិនបើ​ឪពុកម្តាយរបស់​ពួកគេ ឬ មានសាច់ញាតិ​ណាមួយជាអ្នកជក់បារី។ នេះបើតាម​វែបសាយ​សុខភាព​អាមេរិក​ ចេញផ្សាយ​នៅថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

លោក Mike Vuolo សាស្ត្រាចារ្យនៃមហាវិទ្យាល័យ Purdue ព្រមទាំង​លោក Jeremy Staff សាស្ត្រាចារ្យ នៃមហាវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានធ្វើការពិនិត្យ​ទិន្នន័យ ដែលទទួលបានពី​ឪពុកម្តាយ​ចំនួន ៣១៤នាក់ និង ក្មេងៗដែល​មានអាយុចាប់ពី ១១ឆ្នាំ ឡើងទៅចំនួន ៣១៤នាក់។

លទ្ធផលបាន​បង្ហាញថា ៨ភាគរយ នៃក្មេងៗ​ដែលគ្មានឪពុកម្តាយ​ជាអ្នកជក់បារី បានចាប់ផ្តើមជក់បារី​កាលពីឆ្នាំមុន។ ដោយឡែកក្មេងៗ​ដែលមានសាច់ញាតិ​ជាអ្នកជក់បារី ២៣ភាគរយ ទៅ ២៩ភាគរយ បានចាប់ផ្តើម​ចេះជក់លឿនជាង​អ្នកដែល គ្មានសាច់ញាតិ​ជាអ្នកជក់​ទៅទៀត។

គួរបញ្ជាក់ថា លទ្ធផល​ខាងលើនេះ មិនមែនសំដៅ​ទៅលើហ្សែន ឬឈាមអ្នក​ជក់នោះ​​ឡើយ ប៉ុន្តែគេចង់សំដៅ​ទៅលើរូបភាព​ដិតដាម នៃសាច់ញាតិ ឬឪពុកម្តាយ​ដែលចេះ​ជក់បារី ទៅដល់កូនៗ​ចៅៗរបស់ពួកគេ ដែលធ្វើឲ្យពួក​​គេ​ហ៊ាន​ក្នុងការ​ភ្លក្សរសជាតិ​បារី ជាងអ្នក​ដែលមិនធ្លាប់ឃើញ​សាច់ញាតិ​ជក់សោះ។

ចំណុចសំខាន់៖ បារីពិតជាបង្កការ​បំផ្លាញធ្ងន់ធ្ងរណាស់ ដល់សុខភាព​របស់មនុស្សគ្រប់វ័យ ជាពិសេសស្ត្រី​មានផ្ទៃពោះ ដែលនាំឲ្យខូចសុខភាព​ទាំងម្តាយ និងកូន ដោយគ្រាន់​តែ​ពួកគេស្រូបផ្សែងពីអ្នក​ជក់ប៉ុណ្ណោះ។ ការជក់បារី​នាំឲ្យខូចសួត ប្រព័ន្ធ​សសៃប្រសាទ និងប៉ះពាល់ធ្ងន់ធ្ងរ​ដល់បេះដូង​ផងដែរ៕

ចែករំលែក