ចង់ស្រក​គីឡូឆាប់ សូមកុំជ្រើស​វិធីបង្អត់​អាហារ​ឲ្យសោះ ព្រោះវា​នឹងបង្កបញ្ហា​ធំ…

0

 

(បរទេស)៖ ការបង្អត់អាហារ​ជាប្រការគ្រោះ​ថ្នាក់បំផុត ហើយការអត់អាហារ​ គឺជារឿងមួយដែលអ្នកទាំងអស់គ្នា គួរតែជៀសវាង​ពីព្រោះ វានឹងធ្វើឲ្យស្បែក​របស់អ្នក​ មានសភាពស្ងួត ក្រិន និងជ្រីវជ្រួញ​បានយ៉ាងងាយ ដោយសារតែខ្វះ​សារធាតុ​អាហារ ដែលសម្រាប់ចិញ្ចឹមកោសិកាស្បែកទាំងនោះ។ ដូច្នេះហើយ​ប្រសិនបើអ្នកចង់​សម្រកទំងន់ នោះអ្នកមិនត្រូវបង្អត់​អាហារជា​ដាច់ខាត។ នេះបើតាម​វែបសាយ​សុខភាពសកល។

ផ្ទុយទៅវិញអ្នកគ្រាន់តែ កំណត់អាហារ ដែលគួរទទួលទាន​ឲ្យបានត្រឹមត្រូវ និងព្យាយាមហាត់​ប្រាណឲ្យបានច្រើន។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នកចង់កាត់បន្ថយ​របស់អាហារនៅពេល​ណាមួយ អ្នកត្រូវទទួលទាន​ទឹកដោះគោឆៅបន្ថែម ឬទឹកដោះគោ​ជូរ​មួយកែវ គឺរឹតតែប្រសើរ។ ទឹកផ្លែឈើស្រស់ពីធម្មជាតិ គឺជាជម្រើសយ៉ាងប្រសើរ​សម្រាប់​អ្នក ដូចញុំាក្រូចមុនម៉ោង ៩៖០០នាទីព្រឹក, ញុំាទឹកការ៉ុត​ពេលធ្វើការងារ ប្រើភ្នែកច្រើន និងញុំាទឹក​ផ្លែឈើ ឬផ្លែឈើជូរៗ​ពេលមានអារម្មណ៍ឈឺក្បាល និងមិន​ស្រស់ស្រាយ។

ងាកទៅកាន់​ចំណុចសំខាន់​បន្ថែមទៀត ការអត់អាហារ​​ក្រៅពីមាន​ផលប៉ះពាល់​ចំពោះ​ស្បែក​ហើយ វាថែមទាំងធ្វើ​ឲ្យកែវភ្នែកមានសភាព​ស្រអាប់ មិនស្រស់ថ្លា និងមានផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់សុខភាព និងផ្នែកផ្សេងៗ​នៃសារពាង្គកាយ​ផងដែរ ព្រោះគ្រប់សារីរាង្គ​លើដងខ្លួនរបស់មនុស្ស ត្រូវការសារធាតុចិញ្ចឹម​គ្រប់រសជាតិទាំងអស់ ពីរបបអាហារ​ដែលយើង​ទទួលទានទាំង ០៣ពេល បើខ្វះ​មួយពេល គឺនឹង​មានបញ្ហា។

វិធីសាស្ត្រល្អ៖ ការបង្អត់អាហារ មិនមែនមិនអាច​ធ្វើសោះនោះទេ ប៉ុន្តែអ្នកគួរប្តូរមក​ធ្វើ​ការបន្ថយអាហារវិញ ដោយមិនត្រូវញុំា​អាហារណា ដែលមានជាតិខ្លាញ់ និងខេឡេស្តូរ៉ូល​ច្រើនពេក ដូចជា ភ្លៅមាន់បំពង សាច់ជ្រូកបីជាន់ សាច់គោជាប់ខ្លាញ់ និងគ្រឿងសមុទ្រ នោះឡើយ (លើកលែងត្រី) ព្រោះទាំងអស់នេះ​ ​សុទ្ធសឹងតែជាអាហារ​ងាយ​ធ្វើឲ្យ​អ្នកធាត់ លើសឈាម និងកើតជំងឺ​ឡើងជាតិ​អាស៊ីដ។

មួយវិញទៀត ការហាត់ប្រាណ​មួយថ្ងៃ​យ៉ាងតិច ៣០នាទី តាមរយៈការ​រត់តិចៗ រាំងកម្សាន្ត គ្រវីកង លើក​ដុំដែក និងផ្សេងៗទៀត​ ដែលនាំឲ្យអ្នក​ចេញញើស និងជាតិ​ពុលនោះ ក៏ជារឿង​ដែលកាន់តែប្រសើរ​ផងដែរ ព្រោះវានឹងធ្វើ​ឲ្យខួរក្បាលអ្នក​ដំណើរការបានល្អ និងគេងឆាប់លក់ ហើយងើបពីដំណេកឡើងវិញ ​ប្រកបដោយអារម្មណ៍​ស្រស់ថ្លា ដើម្បីបំពេញ​​ការងារប្រចាំថ្ងៃ ​ប្រកបដោយ​​ប្រសិទ្ធភាព៕

ចែករំលែក