ក្មេងស្រីសិស្សសាលា ៣៣នាក់ស្លាប់ និងរងរបួសក្នុងគ្រោះ​អគ្គីភ័យ នៅអគារស្នាក់​នៅរបស់​ពួកគេ

0

(អង់ការ៉ា)៖ មនុស្សចំនួន ១២បានស្លាប់បាត់បង់ជីវិត និង២២នាក់ទៀតបានទទួលរងរបួស នៅយប់ថ្ងៃអង្គារ ម្សិលមិញ (ម៉ោងក្នុងទីក្រុងអង់ការ៉ា) ក្រោយពេលដែលអគ្គីភ័យដ៏សន្ធោសន្ធៅមួយ បានលេបត្របាក់យកអគារស្នាក់នៅរបស់សិស្សសាលាអនុវិទ្យាល័យមួយខ្នង ក្នុងទីក្រុងអាដាណា ភាគខាងត្បូងប្រទេសតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេសនៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

អភិបាលក្រុងអាដាណាលោក Mahmut Demirtas បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះអគ្គីភ័យខាងលើរួមមានសិស្សស្រីៗចំនួន១១នាក់មានអាយុពី ១១ ទៅ១៤ឆ្នាំ និងគ្រូបង្រៀនម្នាក់ ហើយសិស្សសាលាចំនួន ២២នាក់ផ្សេងទៀតដែលស្នាក់នៅក្នុងអគារដែលត្រូវភ្លើងឆាបឆេះខ្ទេចខ្ទីគ្មានសល់ជាមួយគ្នានោះបានរងបួស។

ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះមន្រ្តីជំនាញតួកគីបានបញ្ជាក់ថា អគ្គិភ័យខាងលើត្រូវបានបង្កឡើងដោយបញ្ហាចរន្តអគ្គិសនីរីឯជនរងគ្រោះមួយចំនួនស្ថិតក្នុងសភាពភ័យស្លន់ស្លោ បាននាំគ្នាលោតចេញតាបង្អួចអគារក្នុងគោលបំណងឲ្យរួចជីវិត ហើយអ្នកខ្លះទៀតប្រហែលជាបានបាត់បង់ជីវិត នៅពេលដែលពួកគេមិនអាចបើកទ្វារទៅរកជណ្តើរសម្រាប់អាសន្នអគ្គិភ័យដែលជាប់សោរ ដើម្បីភៀសខ្លួនចេញពីអគារកំពុងឆាបឆេះបាន។

គួរបញ្ជាក់ដែរថា អគ្គិភ័យនៅក្នុងប្រទេសតួកគី តែងតែបានកើតមានឡើងញឹកញាប់ណាស់ ដោយសារតែតំបន់មួយចំនួនគឺសម្បូរទៅដោយអគារចាស់ៗដែលសង់ពីឈើ និងដោយសារតែបញ្ហាអគ្គិសនី ប៉ុន្តែអគ្គីភ័យដែលបានផ្តាច់យកជីវិតមនុស្សច្រើនបែបនេះ កម្រនឹងកើតមានណាស់៕

ចែករំលែក