កំពូលស្មាតហ្វូន «Huawei Mate 10» នឹងបំពាក់បន្ទះឈីប «Kirin 970 ល្បឿនលឿនស៊ីថ្មតិច» និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត!

0

បរទេស៖ ទោះជាកំពុង​ស្ថិតនៅក្នុងពាក្យ​ចចាមអារ៉ាមក្តី ក៏យើងអាចសន្និដ្ឋាន​បានដែរថា ក្រុមហ៊ុន​ផលិតទូរស័ព្ទដៃ​លំដាប់​លេខ៣​លើលោក «Huawei» នឹងបញ្ចេញ​ត្រកូល Mate 10 ប្រកបដោយ​កម្លាំងខ្លាំង លំដាប់កំពូល​លើលោក ឲ្យដូចទៅនឹងកិត្តិនាម​របស់ Mate 9 ដែលអ្នក​ជំនាញអះអាងថា ជាកំពូលទូរស័ព្ទ​ល្បឿនលឿន និងទំនើបបំផុត​​របស់ក្រុមហ៊ុនយក្ស​ចិន​មួយនេះ​ ប្រចាំឆ្នាំ២០១៧។ នេះបើតាម​ការដកស្រង់ការ​ផ្សាយរបស់ GSM Arena នារសៀលថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧។

សម្រាប់បន្ទះឈីប Kirin 970 គឺនឹងត្រូវបង្កើតឡើង ដើម្បីឈរនៅលំដាប់កំពូល ឲ្យស្មើនឹងបន្ទាប់ឈីប Snapdragon 835 របស់ Qualcomm និង Exynos 8895 របស់ Samsung ដែលកំពុងតែអុកឡុកទីផ្សារ​នាពេលបច្ចុប្បន្ននេះដែរ។ ពាក្យចចាមអារ៉ាមខាងលើនេះ​បានបន្ថែមទៀតថា បន្ទះឈីប Kirin 970 នឹងត្រូវអមមក​ជាមួយនូវ Cortex-A73 cores ប្រហាក់ប្រហែលទៅនឹងអ្វីដែលបានបំពាក់ទៅនឹង Huawei P10 ផងដែរ ប៉ុន្តែសម្រាប់ដំណើរការនៅលើ Mate 10 វានឹងសន្សំសំចៃថ្មជាងមុន ជាមួយនឹងបន្ទាប់ឈីប Kirin 970 ដែលនឹង​ផលិត​ឡើងដោយ Huawei ផ្ទាល់នេះ។

ចំពោះ GPU វិញគឺក្រុមហ៊ុនអាចនឹងតម្លើងពី Mali-G71MP8 ទៅកាន់ G71MP12 ដែលមានលំដាប់ខ្ពស់ជាង​មុន​បន្តិច។ និយាយពី Mate 9 ដែលដើរដោយ Kirin 960 នៅតែជាកំពូលស្មាតហ្វូនរបស់ Huawei ដដែល បន្ទាប់ពីបានចេញលក់កាលពីចុងឆ្នាំ២០១៦ (នេះបើតាមការស្រង់ទិន្នន័យពី ក្រុមអ្នកជំនាញ​វិភាគ​លក្ខណៈសម្បត្តិ​ទូរសព័្ទនានា​របស់អន្តរជាតិ) ហើយបើទោះបីជាការចេញ Huawei P10-P10 Plus នៅឆ្នាំ២០១៧​នេះ ត្រូវបានធ្វើឡើងដោយជោគជ័យក៏ដោយ ក៏វាមិនអាចដើរលឿនជាង Mate 9 នោះដែរ។

គួរបញ្ជាក់ថា Huawei Mate 10 នឹងអាចចេញលក់នៅអំឡុងចុងឆ្នាំ២០១៧នេះហើយ ដោយក្តីរំពឹងរបស់​អ្នកគាំទ្រ នានាគឺចង់បាន កាមេរ៉ាច្បាស់ជាងមុន, ម៉ាស៊ីនល្បឿនលឿនជាងមុន, និងជាពិសេសគឺអេក្រង់ ដែលយ៉ាង​ហោចណាស់ក៏គួរបំពាក់ កម្រិតដល់ ២K ដូច P10 Plus ដែរ ទើបសាកសពជាកំពូលស្មានហ្វូន ហើយរូបរាង​របស់ Mate 10 វិញ គួរតែអាចមើលទៅទំនើបលើសសម័យដូចជា Samsung S8, Xiaomi Mi Mix, ឬក៏ LG G6 ជាដើម៕

ចែករំលែក