ចំណុចខ្សោយទាំង ០៦ របស់ «Huawei P10 និង P10 Plus» ដែលនាំឲ្យអ្នកគាំទ្រមួយចំនួនខកចិត្តស្តូក!

0

បរទេស៖ ក្រុមហ៊ុនស្មាតហ្វូន​យក្សរបស់ចិន Huawei បានកសាងកេរ្តិ៍ឈ្មោះល្អជាច្រើនឆ្នាំជាប់ៗគ្នា ដោយបាន​ធ្វើ​ឲ្យអ្នកគាំទ្រភាគច្រើន​លែងគិតថា វាជាទូរស័ព្ទចិន​ ប៉ុន្តែគឺជា Brand ទូរស័ព្ទធំលំដាប់លេខបីលើលោក ដែលមាន​ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ សូម្បីតែបណ្តាប្រទេសនៅអឺរ៉ុប។ ជាក់ស្តែងការផលិតស៊េរី P និង Mate គឺតែងតែបានទទួលការគាំទ្រ​ខ្លាំង​ជានិច្ច ប៉ុន្តែសម្រាប់ស៊េរី P នៅក្នុងឆ្នាំ២០១៧នេះ Huawei ហាក់ទទួលបានការរិះគន់ខ្លាំង​ទៅលើចំណុច​ជាច្រើន ដែលយើង​នឹង​ធ្វើការដកស្រង់តែ ០៦ ចំណុចធំៗ​ប៉ុណ្ណោះ​មកបរិយាយ។

១៖ កាមេរ៉ា


កាមេរ៉ារបស់ P10 និង P10 Plus ពិតជាអស្ចារ្យដោយបំពាក់នូវបច្ចេកវិទ្យាជំនួយកម្រិតខ្ពស់របស់ Leica (ក្រុមហ៊ុនកាមេរ៉ាលំដាប់កំពូលរបស់អាល្លឺម៉ង់) ដែលអាចថតរូបភាពបានច្បាស់ និងដាច់ Background ល្អណាស់។ សម្រាប់ការថតរូបគឺមិនជាអ្វីទេ ដោយរូបភាពចេញមក អាចប្រកួតប្រជែងជាមួយ iPhone 7 Plus និង Samsung ស៊េរីកំពូលៗឆ្នាំនេះបាន ប៉ុន្តែបើនិយាយពីការថតវីដេអូវិញ គឺមិនអាចឈរ​នៅលំដាប់កំពូល​បានឡើយ។ ដូច្នេះ​អ្នកស្រឡាញ់ការថតវីដេអូ នោះមិនគួរជ្រើសរើស P10 នោះឡើយ។

២៖ កម្លាំងម៉ាស៊ីន


ទោះបីត្រូវបានបំពាក់ដោយ បន្ទះឈីបផលិតដោយខ្លួនឯង គឺ Kirin 960 ដូចនៅលើ Mate 9 ដែលជាកំពូលស្មាតហ្វូងនៅចុងឆ្នាំ២០១៦ក៏ដោយ តែ P10 មិនអាចប្រកួតប្រជែងកំពូលទូរស័ព្ទដទៃទៀត ដូចជា Oneplus 5, Samsung S8, និងសូម្បីតែ Xiaomi Mi 6 បានឡើយ ដែលវាពិតជាការបាក់មុខមាត់ខ្លាំងណាស់ ក្នុងនាមជាស៊េរី P ដែលចេញឆ្នាំ២០១៧ជាមួយគេឯង។

៣៖ តម្លៃ


តម្លៃពិតជាបញ្ហាមួយដ៏ក្តៅគគុក ទាំងនៅទីផ្សារក្នុងស្រុក និងទូទាំងពិភពលោក ហើយសូម្បីតែអ្នក Review ទូរស័ព្ទតាម Channel Youtube ល្បីៗលើលោក ក៏បានធ្វើការរិះគន់ស្ទើរគ្រប់គ្នាដែរ អំពីរឿងតម្លៃដ៏ថ្លៃរបស់ P10 និង P10 Plus បើទោះបីជាពួកគេទទួលស្ទាល់ថា ទូរស័ព្ទម៉ូដែលទំនើបបំផុតនេះ ត្រូវបានផលិតដោយ​សម្រិតសម្រាំង និងយកគុណភាព ព្រមទាំងរូបរាងប្រណិតជាគោលក៏ដោយ។

៤៖ អេក្រង់


ទោះបីជាចំណុចនេះមិនត្រូវ​បានរិះគន់ខ្លាំង ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន​ចង់ឲ្យអេក្រង់របស់ Huawei បំពាក់នូវ​ប្រភេទ Amoled ឬក៏ឲ្យមានលក្ខណៈអ្វីពិសេស ជាងម៉ូដែលមុនៗ ដើម្បីកុំឲ្យមានភ្លើងជះចេញពីគែមអេក្រង់ខ្លាំង ដូចជាពពួក IPS Screen ហើយកម្រិត Resolution ក៏ត្រូវតែឲ្យខ្ពស់ផងដែរ។

៥៖ ថ្ម


មានការរអ៊ូរទាំខ្លាំងថា ថ្មរបស់ P10 គឺស្រកលឿន ហើយប្រើច្រើនក៏ឆាប់ឡើងកម្តៅផងដែរ។ ជាការពិតបច្ចេកវិទ្យា សាកថ្មឆាប់ពេញ ពិតជាពិសេសណាស់សម្រាប់ Huawei ដោយអាចសាកថ្មបានលឿនជាងបច្ចេកវិទ្យារបស់​ទូរស័ព្ទក្រុមហ៊ុនមួយចំនួន ប៉ុន្តែអតិថិជនភាគច្រើន មិនចង់យកទូរស័ព្ទខ្លួនទៅបន្តោងសេរ៉ូម​ ញឹកញាប់ពេក​នោះឡើយ។

៦៖ សំឡេង


សំឡេងចេញពី Huawei P10 និង P10 Plus ពិតជាលាន់លឺពិរោះ ពិសេសគឺសំឡេង Stereo របស់ P10 Plus តែម្តង ប៉ុន្តែកម្រិតសំឡេងដែលបញ្ចេញមក គឺមានសភាពខ្សោយ បើប្រៀបធៀប នឹងកំពូលស្មាតហ្វូនរបស់ម៉ាកដទៃ។ ដោយឡែកសំឡេងស្តាប់តាមកាសត្រចៀកវិញ ក៏មិនបានពិន្ទុល្អដែរពីអ្នកធ្វើតេស្តល្បីៗ ដូចជា Android Authority ជាដើម៕

ប្រភពពី៖ Youtube Channels និងអ្នកប្រើប្រាស់ផ្ទាល់

ចែករំលែក