ចេះតែទៅរួច! ព្រលានយន្តហោះទាំង០៩ «បង្កភាពព្រឺព្រួចទាំងអ្នកជិះលើយន្តហោះ និងអ្នកនៅក្បែរព្រលាន!»

0

បរទេស)៖ សព្វថ្ងៃនេះមាន​អាកាសយានដ្ឋានរាប់ម៉ឺនកន្លែង ដែលកំពុងធ្វើប្រតិបត្តិការ​យ៉ាងមមាញឹក នៅតាមប្រទេស​នានា​ជុំវិញពិភពលោក ហើយ​​ចំនួននេះ​កំពុងកើនឡើង​ឥតឈប់ឈរ។ ខាងក្រោមនេះគឺជា កម្រងរូបភាព​នៃអាកាសយានដ្ឋាន​មួយចំនួនដ៏ខុសប្លែកពីគេបំផុត ដែលត្រូវបានស្រង់​ចេញ​ពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

១៖ អាកាស​យានដ្ឋាន Princess Juliana មានទីតាំងស្ថិត​នៅលើកោះ Saint Martin នៃតំបន់ Caribbean។ ព្រលាន​យន្តហោះនេះ ពុំមានបំពាក់ប្រព័ន្ធចុះ​ចត​ដោយស្វ័យប្រវត្តិ​ឡើយ ដែលជាហេតុ​តម្រូវឲ្យ​អាកាសយានិក ធ្វើការបញ្ជា​យន្តហោះ​របស់ពួកគេ​ដោយផ្ទាល់ដៃ។ ជាងនេះទៅទៀត ផ្លូវរបស់ព្រលាន​​យន្តហោះមានប្រវែងខ្លីខ្លាំង គឺត្រឹមតែ ២,១៣០ម៉ែត្រប៉ុណ្ណោះ ដូច្នេះហើយការហោះហើរ​ក្នុងរយៈកម្ពស់ទាប ដើម្បីធ្វើការចុះចត​ពោលគឺនៅកៀក​ពី​​លើ​ភ្ញៀវទេសចរ ដែលកម្សាន្ត​នៅឆ្នេរ​សមុទ្រ Maho តែម្តង គឺជារឿងធម្មតាៗ​ទៅហើយ​នៅទីនោះ។

២៖ អាកាសយានដ្ឋាន Courchevel ដែលព័ទ្ធជុំវិញ​ដោយជួរភ្នំអាល់​នៃប្រទេសបារាំងនោះ មានផ្លូវសម្រាប់​ការហោះចាកចេញ និងចុះចត​ប្រវែងតែ ​​៥២៥​​ម៉ែត្រប៉ុណ្ណោះ ហើយប្រវែង ១៨.៥ភាគរយក្នុងចំណោមនោះ មានសភាពជា​ជម្រាល​ថែមទៀតផង ដោយវា​មានចំណោច​ស្រួច​នៅផ្នែកខាងចុង។ មាន​តែ​អាកាសយានិក​ពោរពេញ​ដោយ​បទពិសោធន៍ប៉ុណ្ណោះ ដែលអាចដោះស្រាយ​ជាមួយការចុះចត នៅព្រលានយន្តហោះ​មួយនេះបាន​ដោយសម្រួល។

 

៣៖ ព្រលាន​យន្តហោះ Agatti របស់ប្រទេស​ឥណ្ឌា មានទីតាំងស្ថិតនៅ​លើកោះមានរាង​ដ៏តូចចង្អៀតមួយ និងហ៊ុមព័ទ្ធ​ជុំវិញដោយ​មហា​ឥណ្ឌា។ វាមានផ្លូវ​ចាក់កៅស៊ូមួយខ្សែ ដែលមានបណ្តោយ​ប្រវែង ១,២០៤ម៉ែត្រ និងទទឹង ៣០ម៉ែត្រ ហើយអគាររង់ចាំ​របស់ព្រលាន​យន្តហោះនេះ អាចផ្ទុកអ្នកដំណើរ​បាន​ត្រឹម​ ៥០នាក់ នៅអំឡុងពេល​មមាញឹកបំផុត។

៤៖ អាកាស​យានដ្ឋាន North Front នៅ Gibraltar ដែលជាដែនដី​​របស់ចក្រភព​អង់គ្លេស នៅចុងភាគត្បូងប្រទេសអេស៉្បាញនោះ ត្រូវបានស្ថាបនា​ឡើង​នៅ​ចន្លោះទីក្រុង និងភ្នំមួយ ដែលស្ថិតលើ​ឧបទ្វីបដ៏តូចនេះ មានផ្ទៃ​ដីត្រឹម ៦.៨គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ ប្រការហេតុនេះ​អាកាសយានដ្ឋាន North Front មានត្រឹមផ្លូវ​សម្រាប់ការហោះហើរ និងចុះចតតែមួយ​ខ្សែ​ប៉ុណ្ណោះ​ ដែលឆ្លងកាត់​ដងវិថី Winston Churchill ដែលឆ្ពោះទៅកាន់​ព្រំដែនគោក​ជាមួយ​​អេស៉្បាញ។ Winston Chur គឺជាផ្លូវ Highway ដែលមានភាព​មមាញឹកបំផុត​របស់ Gibraltar ហើយវាត្រូវតែ​បិទមិនឲ្យយានជំនិះ​ធ្វើចរាចរណ៍​ជាបណ្តោះ​អាសន្ន នៅរាល់ពេលដែល​មានយន្តហោះហោះ​ចាកចេញ ឬក៏ចុះចតនៅ​ឯអាកាសយានដ្ឋានម្តងៗ។

 

៥៖ នៅក្នុងប្រទេស​ស្កុតឡែន មានអាកាសយានដ្ឋាន​ដែលខុសប្លែកពីគេមួយ ស្ថិតនៅលើឆ្នេរ​សមុទ្ររាក់​ដ៏ធំទូលាយមួយ ដែលធ្វើប្រតិបត្តិការនៅអំឡុង​​ពេលជំនោរទឹកសមុទ្រ​មានកម្រិតទាប។ អាកាសយានដ្ឋាន Barra គឺជាព្រលាន​យន្តហោះតែមួយគត់​លើលោក ដែលប្រើប្រាស់​ឆ្នេរខ្សាច់ជាទីតាំង​​សម្រាប់ការហោះចាក​ចេញ និងចុះចតរបស់ជើង នៃជើងហោះហើ​រដែលបានគ្រោង​ទុកជាមុន។

 

 

៦៖ អាកាសយានដ្ឋាន Congonhas នៃប្រទេសប្រេស៊ីល ស្ថិតនៅ​ចំកណ្តាលសង្កាត់​ដ៏សែនមមាញឹក និងកកកុញជា​ទីបំផុតនៃទីក្រុង Sao Paulo ដែល​ប្រការនេះ​បង្កបញ្ហា​ប្រឈមជា​ខ្លាំង សម្រាប់អាកាសយានិក ក្នុងការឆ្ពោះ​មកកាន់ព្រលាន​យន្តហោះនេះ។ កាលពីអំឡុង​ទសវត្សរ៍១៩៣០ នៅពេល​ដែល​​អាកាសយានដ្ឋាន Congonhas ត្រូវបាន​សាងសង់ឡើង វាបានស្ថិតនៅ​ក្រៅឆ្ងាយពីតំបន់​ទីប្រជុំជន​នៅឡើយទេ ក៏ប៉ុន្តែការរីក​ចម្រើនយ៉ាងសម្បើមនៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទីក្រុង បានលេបយកព្រលានយន្តហោះនេះ​បន្តិចម្តងៗ រហូតបន្សល់​ទុកទីធ្លាដ៏តូច​ចម្អៀត សម្រាប់ឲ្យ​យន្តហោះធ្វើការហោះ​ចាកចេញ និងចុះចតនៅទីនោះ។

 

 

៧៖ អាកាសយានដ្ឋាន Madeira ឬ Funchal ដែលទើបតែ​ទទួលបានឈ្មោះ​ថ្មីមួយកាលពី​ពេលថ្មីៗ​កន្លងទៅនេះ តាមកំពូល​កីឡាករបាល់ទាត់​ដ៏ល្បីរបស់​ពិភពលោក Cristiana Ronaldo គឺជាព្រលាន​យន្តហោះ​មួយ ដែលស្ថិត​នៅចន្លោះជួរភ្នំ និងមហាសមុទ្រ​អាត្លង់ទិក ចុងកោះ Madeira របស់ប្រទេស​ព័រទុយ​ហ្គាល់។ ដោយសារតែ​ធ្លាប់មានផ្លូវសម្រាប់​ការហោះចាកចេញ និងចុះចតខ្លី​ពេកនោះ ព្រលានយន្តហោះនេះ ក៏បានពង្រីក​ផ្លូវរបស់ខ្លួន តាមរយៈការសាង​សង់បន្ថែម​នៅលើសសរស្តម្ភ​ស៊ីម៉ង់ ដែលមានគុណភាពខ្ពស់បំផុត​ប្រមាណ ១៨០ដើម ខណៈនិមួយៗ​មានអង្កត់ផ្ចិតប្រវែង ០៥ម៉ែត្រ។

 

 

៨៖ អាកាសយានដ្ឋាន Kansai នៃប្រទេសជប៉ុន ស្ថិតនៅកោះសិប្បនិមិត្ត​ចំនួនពីរ ដែលតភ្ជាប់ទៅ​កាន់ដីគោក តាមរយៈស្ពានប្រវែង ០៣គីឡូម៉ែត្រមួយ​ប៉ុណ្ណោះ។ សំដៅឆ្ពោះទៅកាន់​ព្រលានយន្តហោះ​នេះ មានអារម្មណ៍ថា អាកាសយានិក​រៀបនឹងធ្វើការចុះចត​នៅលើផ្ទៃ​ទឹកអ៊ីចឹង។ ឆកសមុទ្រ Osaka ជាទីដែល​អាកាសយានដ្ឋាននេះ​តាំងនៅនោះ គឺជាតំបន់ដ៏ងាយ​នឹងរងគ្រោះ​ពីហេតុការណ៍​រញ្ជួយដី​បំផុតនៅ​លើពិភពលោក ដូច្នេះហើយ​គេត្រូវការ​ចំណាយថវិកា​យ៉ាងច្រើន ដើម្បីបង្កើនភាពរឹងមាំ​នៃអគាររង់ចាំ និងផ្លូវរបស់​ព្រលានយន្តហោះ​នេះ។

 

៩៖ ព្រលានយន្តហោះ Juancho E. Yrausquin ដែលស្ថិត​នៅលើកោះ Saba នៃតំបន់ Caribbean មានផ្លូវសម្រាក់ធ្វើ​ការហោះចាកចេញ និងចុះចតដ៏ខ្លី​​បំផុត​​មួយនៅលើ​ពិភពលោក គឺមានប្រវែង​ត្រឹមតែ ៤០០ម៉ែត្រប៉ុណ្ណោះ ជាមួយនិង​ជ្រោះធ្លាក់ទៅកាន់​ផ្ទៃសមុទ្រ នៅចុងទាំង​សង​ខាងរបស់វា។ មានតែ​​យន្តហោះ​ធុនតូចមួយ​ចំនួន ឬឧទ្ធម្ភាគចក្រនោះទេ ដែល​អាចធ្វើការ​ចុះចតនៅ​ទីនោះបាន៕

 

 

ចែករំលែក