បីឆ្នាំជាងហើយ! តើយន្តហោះ MH370 នៅសង្ឃឹមថានឹងរកឃើញទៀតឬ? ពេលនេះក្រុមរុករក ទើបតែបង្ហាញតំរុយថ្មីទៀត!

0

កង់បេរ៉ា៖ ទីភ្នាក់ងារអូស្រ្តាលី​ដែលបានទទួល​បន្ទុកលើ ប្រតិបត្តិការស្វែងរុករក​ក្រោមទឹក នូវយន្តហោះដឹកអ្នក​ដំណើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​​ម៉ាឡេស៊ី​ ដែលបានបាត់ដំណឹង​សូន្យឈឹង​ដោយអាថ៌កំបាំង​បំផុតនោះ បានចេញ​របាយការណ៍​ថ្មីចំនួនពីរ ដែលទំនង​ជាអាចជួយក្នុង​ការកំណត់ទីតាំង​បាត់ខ្លួន​ របស់​យន្ត​ហោះ​ធុន Boeing 777 នេះបាន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

នាថ្ងៃពុធនេះ នាយកទីភ្នាក់ងារ​សុវត្ថិភាពដឹកជញ្ជូន​អូស្រ្តាលី ATSB លោក ហ្គ្រេក ហ៊ូដ (Greg Hood) បានចេញសេចក្តី​ថ្លែងការណ៍​មួយ អមដោយរបាយការណ៍ថ្មីចំនួនពីរ ​របស់ទីភ្នាក់ងារស្រាវជ្រាវ​វិទ្យាសាស្រ្ត-ភូមិសាស្រ្ត Geosciences Australia និងអង្គការ CSIRO ដែលបានចង្អុល​ទៅរកទីតាំងស្វែងរក​ ដែលមានទំហំតូច និង​អាច​ត្រឹម​ត្រូវ​​ជាង​មុន សម្រាប់យន្តហោះ​ដឹកអ្នកដំណើរ ដែលបាន​បាត់ដំណឹង។

លោក Hood បានឲ្យដឹងថា ទីភ្នាក់ងារ Geosciences Australia បានធ្វើការវិភាគ​ទៅលើរូបភាព​ផ្កាយរណប នៃតំបន់ដែលជា​ទីតាំង​យន្តហោះ MH370 ប្រហែល​ជា​​​អាច​​បាត់ខ្លួន និងបានរកឃើញ​វត្ថុមួយចំនួន​នៅក្រោមផ្ទៃ​មហាសមុទ្រ ក៏ប៉ុន្តែ​វត្ថុទាំងអស់​នោះ ពុំទាន់ត្រូវបាន​កំណត់ឲ្យច្បាស់​នៅឡើយទេថា ជា​របស់យន្ត​ហោះ​​ដ៏​អភ័ព្វនោះ ឬយ៉ាងណា។ លោក Hood បានបន្តថា ស្របពេល​ដែល​អូស្រ្តាលីតែឯង មិនអាចធ្វើការ​សម្រេចថា តើគួរ​ចាប់​ផ្តើម​​ប្រតិបត្តិ​ការ​រុករកក្រោម​ទឹក​ថ្មី​មួយ​ទៀត​ដែរ​ ឬ​ក៏​​អត់​នោះ ទិន្នន័យចុង​ក្រោយនេះ អាចនឹងមាន​សារៈប្រយោជន៍​យ៉ាងសំខាន់ ក្នុងការផ្តល់​ព័ត៌មាន​ដល់កិច្ចខិតខំ​ស្វែងរក​ដទៃទៀត ដែលនឹង​អាច​​ធ្វើឡើងនា​ពេលអនាគត។

គួរបញ្ជាក់ថា ប្រតិបត្តិការរុករក​ក្រោមទឹកចំពោះ​យន្តហោះ MH370 ដែលបានបាត់ខ្លួន​កាលពីឆ្នាំ២០១៤នោះ ត្រូវបានបិទបញ្ចប់​កាលពី​ខែមករា ឆ្នាំ២០១៧ បន្ទាប់​​ពីបានចំណាយ​ពេលជិតបីឆ្នាំ ដោយពុំទទួល​បានលទ្ធផល​ផ្លែផ្កាអ្វី ក៏ប៉ុន្តែ ATSB និងទីភ្នាក់ងារ​ដទៃទៀត នៅតែបន្តបង្កើត​គំរូតាងផ្សេងៗ និងធ្វើ​ការ​វិភាគ​​រូប​ភាព​ពី​ផ្កាយរណប​ជាដើម។ យន្តហោះដែល​មានជោគវាសនា​ដ៏អភ័ព្វនេះ មានគោលដៅធ្វើ​ដំណើរពីទីក្រុងប៉េកាំង​ប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុង​គូឡាឡាំពួប្រទេស​​ម៉ាឡេស៊ី ដោយមានផ្ទុក​មនុស្សសរុបទាំង​អស់ចំនួន ២៣៩នាក់ នៅលើនោះ នៅពេលដែល​វាបានបាត់ដំណឹង​កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤៕

ចែករំលែក