កំពូលទូរស័ព្ទ Mate 10 របស់ Huawei ជិតបង្ហាញខ្លួនហើយ តែមិនមែនជាស្មាតហ្វូនទៀតទេ ដោយវានឹងប្រែមុខមាត់ជា…

0

(បរទេស)៖ ក្រុមហ៊ុន​ទូរស័ព្ទដៃ Huawei របស់ប្រទេសចិន​នាពេលថ្មីៗនេះ បានបញ្ចេញ​ឃ្លីបវីដេអូ Teaser ដ៏ថ្មីសន្លាងមួយ ក្នុង​គោល​បំណង​​ញ៉ាំង​អារម្មណ៍​​អ្នកគាំទ្រ ឲ្យរំភើបញាប់ញ័រ ជាមួយនិងត្រកូល​ស្មាតហ្វូនលំដាប់​កំពូលរបស់ខ្លួន នោះគឺ «Mate 10» ដែលនឹងត្រូវ​បង្ហាញ​​រូប​រាងជាផ្លូវការ​នៅក្នុងរយៈពេលពីរ​សប្តាហ៍ទៀត ពោលគឺនា​ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០១៧។

នៅក្នុងវីដេអូបង្ហោះ​ដោយ Huawei នៅលើប្រព័ន្ធ​បណ្តាញសង្គម ក្រុមហ៊ុនស្មាតហ្វូន​ដ៏ល្បីមិនចាញ់ Apple និង Samsung នេះ​បាន​លើក​ឡើងថា Mate 10 «មិនមែនជាស្មាតហ្វូនឡើយ» តែជា «ឧបករណ៍មួយ​ប្រកបដោយ​បញ្ញាឆ្លាតវ័យ» ដោយសារតែវា អាចមើ​ល​ឃើញ, គិត, និងរៀនសូត្រ ដូចយើងអ៊ីចឹង។ វីដេអូដ​ដែលនេះ ក៏បានបង្ហាញពី​ប្រព័ន្ធកាមេរ៉ា​ភ្លោះ (Dual Rear Camera) ដែលមាន​បំពាក់​នៅលើត្រកូល Mate ជំនាន់មុន រួមទាំងស៊ុម​លោហធាតុព័ទ្ធ​ជុំវិញផងដែរ។

បើតាមសេចក្តីរាយ​ការណ៍មិនផ្លូវការ​ជាច្រើន ស្មាតហ្វូនត្រកូល Mate 10 របស់ Huawei នឹងមាន​ប្រព័ន្ធ AI (បញ្ញាសិប្បនិម្មិត្ត) នៅក្នុង​​​ទូស័ព្ទ​ដៃនេះផ្ទាល់ ដោយសារតែ​សមត្ថភាពដ៏អស្ចារ្យ​ នៃបន្ទះឈីបម៉ូដែល​ថ្មី Kinrin 970 ផ្សំឡើងពី Processor ដល់ទៅ ០៨គ្រាប់។ ​មួយ​វិញទៀត​យោងតាម​ការអះអាងតៗ​គ្នា Mate 10 នឹងមានស្មាត​ហ្វូន ០៣ប្រភេទ ឲ្យជ្រើសរើស​រួមមាន Mate 10 ធម្មតា, Mate 10 Lite, និង Mate 10 Pro។

ដូច្នេះសូមរង់ចាំតាមដាន​ទាំងអស់គ្នាថា តើ Huawei Mate 10 នេះ នឹងផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ បើនិយាយពី AI នោះ រួមទាំងសមត្ថភាព​​ទាំងមូលរបស់វា។ បើតាម​សេចក្តីប្រកាស ក្រុមហ៊ុន Huawei នឹងបង្ហាញរា​ងត្រកូល Mate 10 ទាំងនេះ​នៅថ្ងៃទី១៦ ខែតុលានេះ ក្នុង​ទីក្រុងមូនិច (Munich) នៃប្រទេស​អាល្លឺម៉ង់ ដែលជាស្រុកកំណើតរបស់ Leica ជាដៃគូសហការដ៏ជិតស្និទ្ធក្នុងការបង្កើត​កាមេរ៉ា​ស្មាតហ្វូនកំពូលៗរបស់​ Huawei៕

ចែករំលែក