នេះជាបញ្ជីឈ្មោះ «ប្រទេសក្តៅជាងគេបំផុតទាំង ១០» លើសកលលោក! តើប្រទេសណាជាប់លេខ១?

0

(បរទេស)៖ ប្រទេសភាគច្រើនមានរដូវក្តៅ និងរដូវត្រជាក់ ក៏ប៉ុន្តែប្រទេស​ខ្លះទៀត ហាក់បីដូចជា​ពុំមានរដូវ​ផ្សេងទៀត ក្រៅតែពីរដូវ​ក្តៅ​នោះឡើយ។ នៅលើពិភពលោក​យើងនេះ មានប្រទេសខ្លះ ដែលមានសីតុណ្ហភាព​ខ្ពស់រហូត ស្ទើរតែពេញមួយឆ្នាំៗ​តែម្តង ដោយប្រទេស​ទាំងនេះ​ត្រូវគេចាត់ទុកថា ជាប្រទេស ដែលមាន​អាកាសធាតុក្តៅ​ជាងគេ​បង្អស់។

ខាងក្រោមនេះ គឺជាប្រទេស​ដ៏ក្តៅបំផុត​ចំនួន ១០ ដែលត្រូវ​បានវិនិច្ឆ័យ​ដោយសីតុណ្ហភាព​ប្រចាំថ្ងៃ​ជាមធ្យម និងកំណត់ត្រា​សីតុ​ណ្ហភាព​ដែលខ្ពស់​បំផុត៖

១០. ម៉ិចស៊ីកូ៖ ស៊ីតុណ្ហភាព​នៅថ្ងៃក្តៅបំផុត​នារដូវក្តៅ ក្នុងប្រទេសនេះ អាចកើនដល់ ៥០អង្សាសេ ហើយភ្ញៀវទេសចរ​មកពីស្រុក​​​ត្រជាក់ តែងតែនាំគ្នា​មកប្រមូលផ្តុំ នៅម៉ិចស៊ីកូ ដើម្បីទទួល​ចំហាយក្តៅនៃរដូវក្តៅ​នៅទីនេះ។

០៩. សូម៉ាលី៖ ស្ថិតលើចំណុច​ស្នែងនៃទ្វីប​អាហ្រ្វិក ឬតំបន់ Horn of Africa ដែលនៅភាគឦសាន​ទ្វីបនេះ សូម៉ាលី ក្សត់ភ្លៀងខ្លាំង​មែនទែន ពីមួយឆ្នាំ​ទៅមួយឆ្នាំ ហើយសីតុណ្ហភាព​ជាមធ្យម ក្នុងប្រទេសនេះ​អាចឡើងដល់​ប្រមាណ ៥០អង្សាសេ។ ជារឿយៗ សូម៉ាលី តែងជួបប្រទះ​គ្រោះទុរ្ភិក្ស​ និងរាំងស្ងួត​ដោយកង្វះប្រព័ន្ធ​ធារាសាស្រ្ត។

០៨. ឥណ្ឌា៖ ជួរភ្នំទឹកកក​ហិម៉ាល័យ នៅតំបន់ភាគខាងជើង និងឦសានឥណ្ឌា ពុំអាចរារាំង​សម្ពាធ​ខ្យល់ក្តៅ មកពីមហាសមុទ្រ​​ឥណ្ឌា មិនឲ្យបន្ថែម​កម្តៅលើ​សីតុណ្ហភាព​ជាមធ្យម នៅក្នុងប្រទេស​អាស៊ីខាងត្បូង​មួយនេះ​បានឡើយ។ នារដូវក្តៅ សីតុណ្ហភាព​​ជាមធ្យម​ គឺ ៥០អង្សាសេ នៅតាមតំបន់​ភាគកណ្តាល​ភាគខាងលិច និងភាគខាងត្បូង​មួយចំនួន​នៃប្រទេស។

០៧. ស៊ូដង់៖ ជាមួយនិងកម្រិតសីតុណ្ហភាពជាមធ្យម៥២អង្សាសេ ស៊ូដង់ ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលក្តៅនិងមាន​អាកាសធាតុស្ងួតហួតហែង ជាងគេបង្អស់ នៅក្នុងពិភពលោក។ ប្រទេស​អាហ្រ្វិកនេះ ក៏ប្រឈមនឹងគ្រោះទុរ្ភិក្សព្រមទាំងគ្រោះ​រាំង​​ស្ងួត​ធ្ងន់​ធ្ងរ​​ផង​ដែរ។

០៦. អូម៉ង់៖ អូម៉ង់ ដែលជារដ្ឋអារ៉ាប់​ដ៏មានជាងគេ​បំផុតមួយ ប្រចាំ​សាកលលោកនោះ ក៏ជាប្រទេសដ៏ក្តៅ​បំផុតមួយផងដែរ។ សម្រាប់រយៈពេល​ស្ទើរតែពី ០៥ទៅ០៦ខែ ក្នុងមួយឆ្នាំៗ សីតុណ្ហភាព​ក្នុងប្រទេសនេះ ស្ថិតនៅកម្រិត​ប្រមាណ ៥០ទៅ​ ៥៣​អង្សា​សេ​។ ដោយសារតែ​ជាប្រទេសអ្នកមាន ប្រជា​ពលរដ្ឋអូម៉ង់ ទទួលបាន​មធ្យោបាយ និងសម្ភារៈជាច្រើន ដើម្បីទប់ទល់​នឹងបញ្ហានេះ។

០៥. អ៊ីរ៉ង់៖ ប្រទេសនេះមាន​អាកាសធាតុ ដែលត្រជាក់ខ្លាំង​នៅរដូវរងា និងក្តៅខ្លាំងនារដូវក្តៅ។ ស្ថិតនៅតំបន់​មជ្ឈិមបូព៌ា តំបន់​ភាគខាងជើង​អ៊ីរ៉ង់ ដែលហ៊ុមព័ទ្ធ​ដោយជួរភ្នំនោះ ជាទូទៅមាន​អាកាសធាតុ​ត្រជាក់ ដោយសីតុណ្ហភាព​នៅតំបន់នោះ មិនលើសពី​២៩អង្សាសេ​ឡើយ ទោះបីជានៅរដូវក្តៅ​ក៏ដោយ។ យ៉ាងណាមិញ សម្រាប់តំបន់​ភាគខាងត្បូង​នៃប្រទេសវិញ គឺមានអាកាសធាតុ​ក្តៅ​ខ្លាំងមែនទែន ដោយនៅទីនោះ សីតុណ្ហភាពអាចហក់​ឡើងដល់ ៥០អង្សាសេ ហើយសីតុណ្ហភាពធម្មតា នារដូវក្តៅ​គឺចន្លោះពី ​៤០ ទៅ៤៥អង្សាសេ។

០៤. អាល់ហ្សេរី៖ ដូចដែលយើង​បានកត់សម្គាល់ ប្រទេសក្តៅ គឺត្រូវនឹងប្រទេស​នៅតំបន់​អាហ្រ្វិកតែម្តង។ ដោយសារតែសម្បូរ​​ទៅដោយវាលខ្សាច់ សីតុណ្ហភាព​នៅប្រទេសអាហ្វ្រិក​ខាងជើងនេះ អាចក្តៅរហូត​ពេញមួយឆ្នាំៗ។ សីតុណ្ហភាពមធ្យមគឺចន្លោះពី​ ៥០ទៅ ៥៣អង្សាសេ ដោយសីតុណ្ហភាពក្តៅបំផុត​ត្រូវបានកត់ត្រា គឺនៅតំបន់ Salah។ ខណៈតំបន់ភាគ​កណ្តាលនៃ​ប្រទេសនេះ មានសភាពក្តៅ​​ស្ងួតខ្លាំង នៅតាមតំបន់​ឆ្នេរវិញ គឺអាចទទួលបានភ្លៀង​ធ្លាក់ខ្លះ។

០៣. អ៊ីរ៉ាក់៖ បញ្ហានៅក្នុង​ប្រទេសនេះ គឺមិនមែនមានតែរឿង​សង្រ្គាមមួយមុខ​នោះឡើយ។ អំឡុងរដូវក្តៅ ប្រទេសមជ្ឈិមបូព៌ា​នេះ​​​ មានសីតុណ្ហភាពដែលលើសពី ៤៨អង្សាសេ ហើយកើនរហូតដល់ ៥៤អង្សាសេ។

០២៖ អារ៉ាប៊ីសាអូឌីត៖ ដោយសារតែជា​​ប្រទេសអ្នកមាន ស្តេចអារ៉ាប៊ីសាអូឌីត បានផ្តល់បរិក្ខា​ចាំបាច់គ្រប់ប្រភេទ ដល់ពលរដ្ឋ​​របស់​​​ខ្លួន ដើម្បីទប់ទល់​នឹងកម្តៅអាកាសធាតុ​នៅក្នុងប្រទេសនេះ ដែលសីតុណ្ហភាព​ជាមធ្យម នារដូវក្តៅ អាចឡើងដល់ ៥៤​អង្សា​សេ។

០១៖ លីប៊ី៖ ជាប្រទេសដែលមាន​សីតុណ្ហភាពក្តៅបំផុត នៅលើពិភពលោក។ សីតុណ្ហភាពដ៏ខ្ពស់បំផុត​នៅលើពិភពលោក ត្រូវ​បានគេ​ធ្វើកំណត់​ត្រាថា ស្ថិតក្នុងប្រទេសលីប៊ី ដោយនៅឆ្នាំ១៩២២ សីតុណ្ហភាពកាល​នោះគឺដល់ទៅ ៥៧.៨អង្សាសេ ឯណោះ៕

 

ចែករំលែក