ប្រទេសសម្បូរព្រៃឈើបំផុតទាំង ១០ លើពិភពលោក! តើប្រទេសណាជាប់លេខ ១…?

0

(បរទេស)៖ ព្រៃឈើគឺជាផ្នែកដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច ព្រមទាំងសម្រាប់វប្បធម៌ និងសង្គម នៃប្រទេស​នីមួយៗ ហើយ​ត្រូវ​បាន​គេ​​ថែរក្សា​​ការ​ពារ​ តាំង​តែ​​ពី​យូរណាស់​មកហើយ ដោយសារតែគុណ​តម្លៃដ៏វិសេស​របស់ពួកវា។ ក្រៅ​តែពី​ផ្តល់​​ផល​ប្រយោជន៍​ដល់​​វិស័យ​សេដ្ឋកិច្ច​​ វប្បធម៌ និងសង្គម ព្រៃឈើក៏​ដើរតួនាទីក្នុងប្រព័ន្ធ​អេកូឡូស៊ីដទៃផ្សេង​ទៀត​ផងដែរ ដូចជាជួយ​គ្រប់គ្រង​លើវដ្តទឹក, ទប់ស្កាត់​សំណឹក​ដី, គ្រប់គ្រង​លំហូរខ្សែទឹក, និងរក្សាលំនាំ​ខ្យល់បក់ជាដើម។ ព្រៃឈើគឺជាធនធាន​សំខាន់ក្រៃលែង សម្រាប់​រាល់​​ប្រទេស​ទាំង​អស់​​នៅលើ​ពិភពលោក ប៉ុន្តែប្រភេទ និងគុណភាព​របស់ពួកវា គឺផ្អែកទៅលើកត្តា​ទីតាំង​ភូមិសាស្រ្ត។

ខាងក្រោមនេះគឺប្រទេសចំនួន ១០ ដែលមានព្រៃឈើលើ​ផ្ទៃដីលាតសន្ធឹងល្វឹងល្វើយ​ជាងគេបង្អស់ នៅលើពិភព​លោក ចាប់ពីតូច​ទៅធំ៖

១០. ឥណ្ឌា៖ ឥណ្ឌា ដែលជាប្រទេសមាន​ផ្ទៃដីធំជាងគេ​ទី០៧លើលោកនោះ គឺជាតំបន់មួយ ដែលមានភូមិសាស្រ្ត​យ៉ាងចម្រុះ និងមានព្រៃឈើ​​ជាច្រើនប្រភេទ​ខុសៗគ្នា តែមានព្រៃឈើ​នៅលើផ្ទៃដី​តូចជាងគេ ក្នុងចំណោម​ប្រទេស​ទាំង១០ ក្នុងបញ្ចីនេះ។

០៩. ឥណ្ឌូណេស៊ី៖ ទោះបីជាប្រទេស​ទាំងមូលមិនសូវជា​ធំប៉ុន្មានក្តី ឥណ្ឌូណេស៊ី មានព្រៃទាក់ទាញ​ទឹកភ្លៀង ដ៏ក្រាស់ៗ និងត្រូវបាន​អភិរក្ស​យ៉ាងល្អ នៅលើភពផែនដី​យើងនេះ ដោយ ៤៦ភាគរយ នៃតំបន់ដីគោក​ក្នុងប្រទេសប្រជុំកោះ នៅអាស៊ីអាគ្នេយ៍​មួយនេះ គឺ​សុទ្ធតែជាព្រៃ​ឈើ ដែល​​ស្មើនឹងទំហំ​ប្រមាណ ៨៨០,០០០គីឡូម៉ែត្រក្រឡា។

០៨. អាហ្សង់ទីន៖ ប្រជាជាតិនៃ​តំបន់អាមេរិកខាងត្បូង​មួយនេះ មាន ៣២ភាគរយ នៃតំបន់ដីគោក​របស់ខ្លួន ដែលត្រូវបានគ្រប​ដណ្តប់​ទៅដោយ​ព្រៃឈើ ឬស្មើនឹង ៩៥០,០០០គីឡូម៉ែត្រក្រឡា។

 

០៧.កុងហ្គោ៖ ស្ថិតនៅឯតំបន់អាហ្រ្វិកកណ្តាល ផ្ទៃដីប្រមាណ៥២ភាគរយ នៃតំបន់ដីគោកក្នុងប្រទេសនេះ គឺជាតំបន់ព្រៃឈើ។

០៦. អូស្រ្តាលី៖ ប្រទេសដែលនៅ​ដាច់ដោយឯងនេះ និងមានលក្ខខណ្ឌ​អាកាសធាតុ បែបវាលខ្សាច់ស្ងួតហែង​ទៀតនោះ មាន​ផ្ទៃ​ដី​ត្រឹម​ ១៩ភាគរយ ប៉ុណ្ណោះនៃតំបន់ដី​របស់ខ្លួន ដែលគ្របដណ្តប់​ដោយព្រៃឈើ ស្មើនឹង ១.៤លានគីឡូម៉ែត្រក្រឡា។

០៥. ចិន៖ ជាប្រទេសដ៏​ធំបំផុតនៅលើ​ពិភពលោក ចិនមានតែ ១៨ភាគរយ នៃតំបន់ដីគោក​របស់ខ្លួន​ប៉ុណ្ណោះ ដែលមានវត្តមាន​ព្រៃ​ឈើ ដែលអត្រា​នេះគឺទាបជាងគេ​បង្អស់ បើធៀបភាគរយ​នៃប្រទេសដទៃៗទៀត នៅក្នុងបញ្ចីនេះ ក៏ប៉ុន្តែពុំមែនមានន័យថា ចិនមាន​​ព្រៃឈើ​តិចជាងគេបំផុត​នោះឡើយ ព្រោះថា​បើគិតជាទំហំ​ព្រៃឈើវិញ​គឺចិនមានដល់ទៅ ១.៨លានគីឡូម៉ែត្រក្រឡា​ឯណោះ។

០៤. សហរដ្ឋអាមេរិក៖ នៅអាមេរិកតំបន់​ដីគោកប្រហែល ៣០ភាគរយ ត្រូវបានស្រោប​ដោយ​ព្រៃឈើ ស្មើ​នឹង​ជាង​ ០៣លាន​គីឡូ​ម៉ែត្រក្រឡា​។

០៣. កាណាដា៖ កាណាដា ដែលជាប្រទេសដ៏ធំ​ទីពីរលើលោក មានផ្ទៃដីគោក​ប្រមាណ ៣០ភាគរយ ដែលត្រូវក្រាល​ដោយព្រៃ​ឈើ ស្មើនឹង ៣.១លានគីឡូម៉ែត្រក្រឡា ជិតស្មើនឹងប្រទេស​ឥណ្ឌាមួយ​ទាំងមូល។

០២. ប្រេស៊ីល៖ ប្រេស៊ីលក៏ជា​ប្រទេសដ៏ធំមួយ​ផងដែរ នៅលើសកលលោក ហើយជាទីជម្រក​នៃព្រៃអាម៉ាហ្សូន (Amazonian Rainforest) ដែលជាព្រៃទាក់ទាញ​ដ៏ក្រាស់ជាងគេ​បំផុត។ ប្រទេស​អាមេរិកឡាទីននេះ ត្រូវបានគ្របដណ្តប់​ដោយព្រៃឈើ​​ប្រហែល​ ៥៦ភាគរយ នៃតំបន់ដីគោក​របស់ខ្លួន ដែលស្មើ​នឹង ៤.៧លានគីឡូម៉ែត្រក្រឡា។

០១. រុស្ស៊ី៖ មិនត្រឹមតែជា​ប្រទេស ដែលមានទឹកដី​ធំជាងគេបង្អស់​នោះឡើយ​ រុស្ស៊ីក៏ជាប្រទេស​ដែលមានព្រៃឈើ​ធំជាងគេបំផុត​​ផ​ង​ដែរ គឺច្រើនជាង ៧.៧លានគីឡូម៉ែត្រក្រឡា​ឯណោះ៕

taiga
ចែករំលែក