ការកើនឡើងកម្តៅភពផែនដី «ឈានដល់​ចំណុចអាក្រក់ថ្មីមួយ» ដែលពិតជាគ្រោះថ្នាក់ណាស់…

0

(អាមេរិក)៖ ច្រើនជាង ២៥ភាគរយ នៃផ្ទៃដីសរុបបច្ចុប្បន្ន​លើភពផែនដី​យើងនេះ អាចជួបភាព​ស្ងួតហួតហែង​កាន់តែខ្លាំង​ថែម​ទៀត ប្រសិន​បើកម្រិតនៃ​ការកើនឡើង​កម្តៅពិភពលោក កើនសីតុណ្ហភាព ០២អង្សាសេបន្ថែម ដែលវាគឺជាការព្រមាន​ដ៏គួរឲ្យព្រួយបារម្ភ​ថ្មី​មួយ​ទៀត ជុំវិញបញ្ហា​បម្រែបម្រួល​អាកាស សម្រាប់ស្វាគមន៍​ឆ្នាំថ្មី២០១៨ នេះតែម្តង​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​នៃការសិក្សាថ្មី​ខា​ងលើ បានការត្រួតពិនិត្យ​ទៅលើគំរូអាកាស​ចំនួន ២៧ ខុសៗគ្នា ដើម្បី​កំណត់ថា តើតំបន់ណា​ខ្លះនៅ​ជុំវិញពិភពលោក ដែលកម្រិត​ស្ងួតហួតហែង មានការផ្លាស់​ប្តូរប្រែប្រួល​ខ្លាំង​ជាងរាល់ដង នៅពេលដែល​សីតុណ្ហភាព​នៃ​​ការកើនឡើង​កម្តៅសកល ឈានដល់ ១.៥អង្សាសេ ក៏ដូចជា ០២អង្សាសេនោះ។

ពួកគេបាន​រកឃើញថា ការប្រែប្រួលនៅ​ក្នុងសីតុណ្ហភាព​ពិភពលោក អាចបង្កើន​ការគម្រាម​កំហែង នៃគ្រោះរាំងស្ងួត និងភ្លើង​ឆេះ​ព្រៃ ប្រសិនបើ​គោលដៅនៃកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស នឹងត្រូវសម្រេច​បានទេនោះ។ កិច្ចព្រមព្រៀង​អន្តរជាតិនេះ ដែលបានចូល​ជាធរមានកាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន​អំពាវនាវ​ដល់ប្រទេស​ទាំងឡាយ រួមកម្លាំងគ្នា​កាត់បន្ថយការ​​​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ ក្នុងគោល​បំណងធ្វើយ៉ាង​ណា ឲ្យបញ្ហាបម្រែបម្រួល​នៃសីតុណ្ហភាព​ភពផែនដី ស្ថិតនៅក្រោម ០២អង្សាសេ។

គួរជម្រាបថា បើតាមការព្យាករណ៍​របស់ក្រុមអ្នកស្រាវជ្រាវ​ខាងលើ ជាង ២០ភាគរយ ទៅ ៣០ភាគរយ នៃផ្ទៃដីរបស់​ពិភពលោក អាចក្លាយ​ជា​ដីដែលស្ងួត​សោះកក្រោះ នៅពេលដែលការ​ប្រែប្រួល នៃសីតុណ្ហភាពសកល​ឈានដល់ ០២អង្សាសេ។ ក៏ប៉ុន្តែពួកគេ​ជឿជាក់​ថា ពីរភាគបីនៃ​តំបន់ដែលទទួលរង​ផលប៉ះពាល់ ក៏អាចជៀស​វាងការស្ងួតហួត​ហែងខ្លាំងបាន​ផងដែរ ប្រសិន​បើ​បម្រែ​បម្រួល​​សីតុណ្ហភាព ត្រូវដាក់កំហិត​ឲ្យនៅត្រឹម ១.៥អង្សាសេ៕

ចែករំលែក