អច្ឆរិយៈវត្ថុលេខ ១ របស់ឥណ្ឌា «នឹងកំណត់ចំនួនភ្ញៀវចូលទស្សនា» ព្រោះតែបញ្ហាធំមួយ…

0

 

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាគ្រោង​នឹងកំណត់ចំនួនភ្ញៀវទេសចរ​ប្រចាំថ្ងៃ សម្រាប់ក្នុងចូល​ទស្សនប្រាសាទ Taj Mahal ក្នុងគោល​បំណង​ថែរក្សាការពារ​កេរ្តិ៍តំណែល ជានិមិត្តរូបទាំង​ពីសម័យសតវត្សទី ១៧នេះ ឲ្យបានគង់វង្សយូរអង្វែង។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨

ភ្ញៀវទេសចរ​ដែលភាគច្រើនសុទ្ធជា​ជនរួមជាតិឥណ្ឌាផ្ទាល់​រាប់លាននាក់ តែងតែធ្វើការ​ចូលទស្សនា​ប្រាសាទ Taj Mahal ជារៀង​រាល់ឆ្នាំ ហើយចំនួននៃ​ភ្ញៀវទេសចរ កំពុងមានការកើន​ឡើងជាលំដាប់ ដោយសារតែភាព​អំណោយផលនៃ មធ្យោបាយ​ធ្វើដំណើរ​​នៅក្នុង​ប្រទេស ដែលកាន់តែមាន​ភាពងាយ​ស្រួលទៅ។

ខណៈក្រុមអ្នក​ជំនាញបានលើកឡើង​ពីក្តីព្រួយបារម្ភ អំពីស្ថានភាព​នៃប្រាសាទបុរាណ​ពណ៌សនេះ នាថ្ងៃខាងមុខ ភ្ញៀវទេសចរ​ក្នុង​ស្រុកត្រឹម ៤០,០០០នាក់ ដែលនឹងត្រូវ​អនុញ្ញាតឲ្យចូលទស្សនា ​ក្នុងសំណង់​ស្ថាបត្យកម្ម​នេះ​ក្នុងមួយថ្ងៃៗ ប៉ុន្តែជនបរទេស ដែល​បង់ថ្លែ​សំបុត្រចូល​ទស្សនាប្រមាណ ១៦ដុល្លារនោះ នឹង​មិន​ស្ថិតក្រោម​ការដាក់កំហិត​នេះ​ឡើយ។

គួរជម្រាបថា ប្រាសាទ Taj Mahal ត្រូវបានស្ថាបនាឡើង​ដោយព្រះចៅអធិរាជ​ឥណ្ឌា Shah Jahan ដើម្បីធ្វើជាផ្នូរ​សម្រាប់មហេសីជាទី​គាប់ព្រះទ័យរបស់ទ្រង់ ព្រះនាម Mumtaz Mahal ដែលបានសោយ​ទិវង្គតនៅពេល​ប្រសូតបុត្រ កាលពី​ឆ្នាំ១៦៣១៕

ចែករំលែក