រយៈពេល ៨០ឆ្នាំហើយ «ទីក្រុងស៊ីដនី, អូស្ត្រាលី មិនដែលក្តៅខ្លាំងដល់ថ្នាក់នេះឡើយ…»

0

 

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្ដាលី​បានឱ្យដឹងថា ទីក្រុងស៊ីដនី​បានជួបបទពិសោធន៍​ថ្មី​នៃរលកកម្ដៅក្ដៅ​បំផុតមួយ ក្នុងរយៈពេល ៧៩ឆ្នាំ មកនេះជាមួយសីតុណ្ហភាព​កើន​ដល់ ៤៧.៣អង្សាសេ កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​ក្នុងតំបន់ រលកកម្ដៅនៅ​ក្នុងទីក្រុង​ស៊ីដនី នៃរដ្ឋ New South Wales បានបង្ខំឱ្យអាជ្ញាធរ​ចេញបម្រាម​ មិនឱ្យបង្កាត់ភ្លើង​នៅទូទាំងរដ្ឋ រីឯការព្រមានពី គ្រោះអគ្គីភ័យ​ក៏ត្រូវបានប្រកាស​ នៅតាមតំបន់មួយចំនួន​ក្នុងទីក្រុងមួយនេះផងដែរ។ ជាងនេះ​ទៅទៀត ហេដ្ឋារចនាសម្ព័ន្ធមួយផ្នែក​គំាងដំណើរការ ខណៈផ្ទះជាង ៣,០០០ខ្នង គ្មានអគ្គីសនី​ប្រើប្រាស់ ហើយការធ្វើចរាចរណ៍​ត្រូវបានពន្យាពេលរវាងទីក្រុងស៊ីដនី និងទីក្រុង​មែលបឺន (Melbourne) ដែលមានប្រជាជនរស់នៅច្រើនថែមទៀតផង។

គួរបញ្ជាក់ថា អូស្ត្រាលីធា្លប់ទទួលរងសីតុណ្ហភាពក្ដៅបំផុតកម្រិត ៤៧.៨អង្សសេ កាលពីឆ្នាំ១៩៣៩ ហើយខណៈដែលតំបន់ផ្សេងទៀតលើលោក កំពុងតែរងភាពត្រជាក់ខ្លាំងនោះ ទីក្រុង​ដ៏ធំបំផុត​នៅប្រទេសនេះបែរជា​រងកម្តៅក្តៅខ្លាំង មិនធ្លាប់មានជិត ០៨ទសវត្សរ៍ ទៅវិញ។

រំលឹកកាលពីចុងខែធ្នូ ឆ្នាំ២០១៧ ទីក្រុងឡាសវេហ្គាស់ (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) បាន​បំបែក​កំណត់ត្រាអត់មាន​ភ្លៀងធ្លាក់បន្តិចសោះ ក្នុងរយៈពេល ១០២ថ្ងៃ (គិតត្រឹមថ្ងៃអាទិត្យ ទី២៤ ខែធ្នូ) ដែលវាជាសញ្ញា នៃការទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ​ទូទាំង​សហរដ្ឋអាមេរិក ខណៈដែល​រដ្ឋកាលីហ្វ័រញ៉ា ដែលស្ថិតនៅ​ក្បែរគ្នានោះ ក៏បានទទួលរងភ្លើងឆេះព្រៃ​ដ៏អាក្រក់ ប៉ុន្មានខែ​បន្តបន្ទាប់គ្នា។

បើគិតមកត្រឹមថ្ងៃបុណ្យណូអែល ទី២៥ ខែធ្នូ ឆ្នាំ២០១៧ គឺគ្រប់ ១០៣ថ្ងៃ ដែលទីក្រុង ឡាសវេហ្គាស់ អត់មានភ្លៀង​ធ្លាក់សោះ ហើយវាលើសពីកំណត់ត្រា​កាលពីឆ្នាំ១៩៤៤ ទៅទៀត ដែលកាលណោះ​ទីក្រុងដ៏ទំនើប និងពេញនិយមខ្លាំង ស្ថិតនៅភាគខាងលិច​សហរដ្ឋអាមេរិក​មួយនេះ អត់មានភ្លៀងធ្លាក់​សោះ​បន្តបន្ទាប់គ្នា​រហូតដល់ ១០១ថ្ងៃ៕

ចែករំលែក