តោះ! មកតាមដាន «ភាពអស្ចារ្យប្លែកពីគេទាំង ០៥ របស់ភពអង្គារ» ពិតជាគ្មានកន្លែងណាដូចឡើយ…!

0

 

(ភ្នំពេញ)៖ សូមមកធ្វើការស្វែង​យល់បន្ថែម ពីពិភពលោកនាថ្ងៃអនាគត​របស់មនុស្ស នោះគឺភព​ព្រះអង្គារ ដែលបងប្អូនមួយ​ចំនួនមិនធ្លាប់បានដឹង​នោះឡើយ។ អ្វីសំខាន់សម្រាប់​ពេលនេះ គឺ​ភាពអស្ចារ្យប្លែក​ពីគេទាំង ០៥ របស់ភពអង្គារ ដែលភពនានា​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​​យើងនេះ​មិនមាននោះ​ឡើយ។ ចង់ដឹងថា តើភាពអស្ចារ្យនោះ​គឺមានអ្វីខ្លះ សូមទស្សនា​កម្រងរូបភាព​ដូចខាងក្រោម៖

១. ភ្នំភ្លើងអូឡាំភូស (Olympus)៖ ជាភ្នំភ្លើងខ្ពស់ និងធំជាងគេនៅក្នុង​ប្រព័ន្ធព្រះអាទិត្យ​យើង​នេះ ដោយវាមាន​កម្ពស់ ២៥គីឡូម៉ែត្រ (ខ្ពស់ជាងភ្នំ​អេវើរ៉ែស លើផែនដី​ជិត 0៣ដង) និងមុខកាត់ ៦២៤គីឡូម៉ែត្រ​ឯណោះ ពិតជាធំធេង​មែនទែន​តែម្តង។ អ្នកវិទ្យាសាស្ត្រ​អះអាងថា ទោះ​ភ្នំភ្លើង​នេះលែងមាន​សកម្មភាពទៀត តែវាមិនទាន់ស្លាប់​ទាំងស្រុងនោះ​ឡើយ។

២. ជ្រលងម៉ារីណឺរីស (Valles Marineris)៖ ជាជ្រលងដ៏ធំ និងប្លែកអស្ចារ្យ​នៅ​លើភពអង្គារ ប៉ុន្តែវាប្រៀបបីដូច​ស្នាមរបួសដ៏ធំ នៅលើភពក្រហមនេះ​ទៅវិញ។ Marineris មានជម្រៅ ៧គីឡូម៉ែត្រ, បណ្តោយ​ជាង ៤,០០០គីឡូម៉ែត្រ និងទទឹងកន្លែងខ្លះ​សន្ធឹងដល់ ២០០គីឡូម៉ែត្រ​ឯណោះ ពិតជាធំធេង​មិនអាចរកបាននៅ​កន្លែងផ្សេងទៀត​ឡើយ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ Marineris វែងជាប្រវែងផ្ទៃដី​សហរដ្ឋអាមេរិក ពីលិចទៅកើត​ទៅទៀត។

៣. សណ្ឋានដីធ្លាប់​មានទឹក ឬអាចជីវិតផង​ក៏ថាបាន៖ យានរុករក​ភពអង្គារ Curiosity បានរកឃើញស្នាម​ជ្រលងដងអូរ បឹង សមុទ្រ និងសំណឹកថ្ម​បង្កឡើងដោយ​ទឹកហូរ នៅលើ​ផ្ទៃភពអង្គារ ដែលនេះ​បង្ហាញថា ភពអង្គារធ្លាប់មានទឹក​នៅលើផ្ទៃ ដូចផែនដី​បច្ចុប្បន្ន ប៉ុន្តែមូលហេតុ​នៃការបាត់បង់ទឹក​ទៅវិញនោះ គឺពិតជាត្រូវការ​មនុស្សសិក្សា​បន្ថែមទៀត។

៤. សីតុណ្ហភាព៖ សីតុណ្ហភាពខ្ពស់​បំផុតនៅលើ​ភពអង្គារ គឺ ២០អង្សាសេ ដែលវាពិត​ជាចំណុច​វិជ្ជមាន​បំផុតមួយ ដែលមិនអាចរកបាន​នៅភពផ្សេងឡើយ (លើកលែងផែនដី) ដោយហេតុ​ដូច្នេះ​ហើយ​ទើបមនុស្សចាត់​ទុកភពអង្គារ ជាភព​ផ្សេងទី ១ ដែលត្រូវតែដាក់​អាណានិគម និងងាយស្រួល​សម្របខ្លួន ជាពិសេស​បរិយាកាស​របស់ភពអង្គារ មានភាពងាយស្រួល​ក្នុងការ​បំលែងជាងកន្លែងផ្សេងៗទៀត ព្រោះភពអង្គារមានទឹក​នៅក្រោមស្រទាប់ដី​ស្រាប់។

៥. បំណែកភពអង្គារ​មាននៅលើផែនដី៖ អ្នកវិទ្យាសាស្ត្រ​អះអាងថា គេបានរកឃើញ​ដុំថ្ម ឬបំណែកពី​ភពអង្គារ ធ្លាក់មកលើ​ផែនដី។ រឿងនេះកើតមាន​ឡើងក៏ព្រោះតែ​ភពអង្គារ បានប៉ះទង្គិចហ្នឹង​អាចម៍ផ្កាយ​ដ៏ធំ​ កាលពីរាប់ពាន់លាន​ឆ្នាំមុន ហើយវាក៏ជាមូលហេតុ​​ដែលអាច​បានបណ្តាល​ឲ្យភពនេះ​បាត់បង់បរិយាកាស និងទឹក​ផងដែរ។ បំណែក​ភពអង្គារ ក្រោយប៉ះ​ទង្គិចនឹង​អាចម៍ផ្កាយ បានរសាត់​ទៅគ្រប់ទិសទី ហើយ​មួយចំនួនក៏ធ្លាក់មកលើ​ផែនដី​ផងដែរ៕

ចែករំលែក