សង្គ្រាមដណ្តើម​សមុទ្រទឹកកកអាក់ទិក អាចផ្ទុះឡើងដោយសារ​អាមេរិក និងរុស្ស៊ីឬទេ?

0

(វ៉ាស៊ីនតោន)៖ កងកម្លាំងឆ្មាំ​ការពារដែរសមុទ្រអាមេរិក កំពុងស្វែងរក​ជាលើកដំបូង នូវការបំពាក់​គ្រាប់មីស៊ីល​ នៅលើនាវាបំបែកទឹកកក ដែលកំពុង​ធ្វើប្រតិបត្តិការ​នៅឯតំបន់​មហាសមុទ្រ អាក់ទិក ខណៈទីក្រុង​វ៉ាស៊ីនតោន ត្រូវបាន​ទីក្រុងមូស្គូ មើលឃើញ​ថា កំពុងអភិវឌ្ឍន៍សមត្ថភាពយោធា​របស់ខ្លួន ត្រៀមសម្រាប់សង្រ្គាមក្នុងដែនទឹក​ដ៏ត្រជាក់​ជាងគេបំផុត​នៅក្នុង ពិភពលោក​មួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

ជុំវិញផែនការ​នេះដែរ បើតាម​សារព័ត៌មាន Washington Times មេបញ្ជាការ​កងឆ្មាំសមុទ្រ​អាមេរិក លោក ផូល ហ្ស៊ូគុន (Paul Zukunft) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន​ពិតជាកំពុង​ស្វែងរក ការអភិវឌ្ឍ​សមត្ថភាព​នាវាបំបែក​ទឹកកក​របស់ខ្លួន ជាមួយការ​បំពាក់គ្រាប់​មីស៊ីលពិតមែន។ «យើងត្រូវតែ​សំឡឹងមើលពីភាព​ខុសគ្នា នូវអ្វីដែលនាវាបំបែកទឹកកក​បាននិងកំពុងធ្វើ ពីព្រោះពិត​ណាស់យើងត្រូវ​ការវា ដើម្បីរក្សា​ទីតាំង ទម្ងន់ និងឥទ្ធិពល របស់យើង»។ នេះជាការ​លើកឡើង​របស់ លោក Zukunft។

មេបញ្ជាការឆ្មាំដែនសមុទ្រអាមេរិកខាងលើនេះ ក៏បានបន្ថែមទៀតដែរថា សហរដ្ឋអាមេរិក​គួរតែបំពាក់គ្រាប់​មីស៊ីល នៅលើនាវា​បំបែកទឹក ខណៈពិភពលោក​ត្រូវបានគេ​រំពឹងថា អាចនឹងមាន​ការផ្លាស់ប្ដូរពី ០៥ ឬ ១៥ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា ក្រៅពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក​មួយចំនួន រុស្ស៊ីដែល​មានឆ្នេរសមុទ្រ​ជាប់មហាសមុទ្រអាទិក​ធំជាងគេ ក៏កំពុងធ្វើប្រតិបត្តិការ​ក្នុងតំបន់ដ៏ត្រជាក់​នេះដែរ ដោយមាននាវា​បំបែកទឹកកក​ចំនួន ៤០គ្រឿង។

សម្រាប់ទីតាំងសមុទ្រទឹកកកអាក់ទិក ត្រូវបានចាត់ទុកជាតំបន់សំបូរ​ដោយធនធានរ៉ែ​ច្រើនលើសលប់ ដែលពីមុនសហរដ្ឋអាមេរិក​គ្មានដែនទឹកនៅ​ទីនោះឡើយ ប៉ុន្តែក្រោយពីរុស្ស៊ីលក់កោះ អាឡាស្កា ឲ្យអាមេរិកនោះ ​អាមេរិក និងកាណាដា ដែលជាសម្ព័ន្ធមិត្ត​មានព្រំដែនសមុទ្របូកចូលគ្នា ក៏ធំធេងណាស់ដែរ៕

 

ចែករំលែក