ទីក្រុងបាងកក, ហូជីមិញ និងរ៉ង់ហ្គូន «ប្រឈមមុខការលិចក្នុងទឹកសមុទ្រ នារយៈពេល ៥០ឆ្នាំទៀត…»

0

ប៉ារីស)៖ ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញ​បានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រ​​នឹងកើនឡើង ហើយទីក្រុង​ជាប់ ឬក្បែរឆ្នេរសមុទ្រ និងតំបន់ឆ្នេរនានា​​​​នឹងរងការជន់លិចខ្លាំង ​លើស​មុនទ្វេដង​ទៅទៀត។ នេះបើតាមការ​ដកស្រង់ការផ្សាយព័ត៌មានវិទ្យាសាស្ត្រ ពីវែបសាយ Channel News Asia នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

ការកើនឡើង​នៃកម្ពស់ទឹកសមុទ្រពី ១០ ទៅ ២០សង់ទីម៉ែត្ររហូតដល់​ឆ្នាំ២០៥០នោះ វានឹងធ្វើឲ្យតំបន់​ជាច្រើនលើភពផែនដី​ប្រឈមមុខនឹង​ការលិចលង់​ខ្លាំង លើសការព្យាករណ៍លើកមុនទ្វេដង​ឯណោះ។ ទីក្រុងធំៗជាច្រើន​នៅតំបន់អាមេរិក​ខាងជើងដូចជា Vancouver, Seattle, San Francisco and Los Angeles និងទីក្រុងមួយចំនួន​ទៀតនៅតំបន់អឺរ៉ុបខាងលិច ជាប់សមុទ្រអាត្លង់ទិក នឹងទទួលរងគ្រោះដោយទឹកជំនន់ខ្លាំងមុនគេ។

សម្រាប់មហន្តរាយ​ជាបន្តបន្ទាប់ទៀត នឹងកើតឡើងទៅលើ​ទីក្រុងនៃតំបន់ត្រូពិក ក្នុងនោះគឺ​ទន្លេជាច្រើននៃ​ទីក្រុងដែលមានប្រជាជនរស់នៅច្រើន​នៅទ្វីបអាស៊ី និងអាហ្វ្រិក នឹងទទួលរងគ្រោះនៅប៉ុន្មាន​ទសវត្សរ៍​ទៅមុខទៀត​ប៉ុណ្ណោះ។ ទោះបីជាទឹក​សមុទ្រអាច​មានការកើនឡើង​នូវនីវ៉ូទាបជាការរំពឹងទុកក្តី ក៏ទីក្រុង​មួយ​ចំនួនទៀត​ដូចជា Mumbai, Kochi និង Abidjan ជាដើម​នៅតែនឹងទទួលរងគ្រោះ​ដដែល​ពីទឹកជំនន់។

សម្រាប់តំបន់​អាស៊ីអាគ្នេយ៍យើងនេះ គឺបណ្តាទីក្រុងមួយ​ចំនួន ដូចជា បាងកក, ហូជីមិញ និងរ៉ង់ហ្គូន ជាដើម នឹងទទួលរងគ្រោះ​មុនទីក្រុងដទៃៗ នៅក្នុងបណ្តា​ប្រជាជាតិអាស៊ី​អាគ្នេយ៍ទាំង ១០ ហើយបើគិតពី​អាស៊ីខាងត្បូង​វិញ គឺទីក្រុង​ដូចជា ដាកា, សៀងហៃ និងកុលកាតា បន្ថែមទៀត អាចនឹងលិចទឹក​នៅអំឡុង ៥០ឆ្នាំទៀតប៉ុណ្ណោះ។ សម្រាប់តំបន់ ដែលនឹងក្លាយ​ទីឋានសុខដុម គឺស្ថិតនៅតំបន់​អាស៊ីកណ្តាល ដូចជានៅ​ប្រទេស Turkmenistan, Uzbekistan និង Kazakhstan។

គួរបញ្ជាក់ថា តាមការសិក្សារបស់អ្នកជំនាញសកល ទឹកជំនន់ដែលបង្កឡើងដោយ​នីវ៉ូទឹកសមុទ្រកើនឡើង ដែលជាគ្រោះ​មហន្តរាយ​នៃការកើនឡើង​កម្តៅពិភពលោកនោះ គឺជារឿងមិនអាចបកក្រោយ​នោះឡើយ ហើយសម្រាប់​​ដែនកោះតូចៗនានា ឬប្រទេសដីកោះ​មួយចំនួន ពិតណាស់ថា នឹងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕

ចែករំលែក