អាមេរិក និងអូស្ត្រាលី «រួមគ្នាបង្កើតទូកក្តោងស្វ័យប្រវត្តិ» ដើម្បីសិក្សាពី​សីតុណ្ហភាពសមុទ្រ អំបិល និងកាបូន…

0

(កង់បេរ៉ា)៖ អង្គការវិទ្យាសាស្រ្ត​នៃប្រទេសអូស្រ្តាលី បានសហកា​រជាមួយក្រុមហ៊ុនមួយ​ ស្ថិតក្នុងទីក្រុង​សាន់ហ្រ្វាន់ស្កូ នៃ​​សហរដ្ឋ​អា​មេ​រិក​ ​ដើម្បីលើកកម្ពស់​វិធានការក៏ដូចជា​ការពិនិត្យតាមដាន​របស់ខ្លួន ទៅលើស្ថានភាព​ដែនសមុទ្ររបស់​អូស្រ្តាលី។ នេះ​បើ​តាម​ការ​​​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

អង្គការអូស្រ្តាលី CSIRO បានប្រកាសពី​កិច្ចសហប្រតិបត្តិការ​នេះ ជាមួយនិងក្រុមហ៊ុន​ឯកទេសខាង​ផ្នែកបច្ចេកវិទ្យា​លើផ្ទៃសមុទ្រ​ Saildrone នាថ្ងៃព្រហស្បតិ៍​នេះ។ ទូកក្តោងគ្មាន​អ្នកបើកបរ ដែលគេ​ហៅថា Saildrone ​របស់ក្រុមហ៊ុន​អាមេរិក គឺ​ជា​ដ្រូន​​​​ប្រតិបត្តិការ​​លើមហាសារគរ ដែលទទួលថាមពល​ពីកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ ហើយអាចស្ថិត​នៅលើផ្ទៃសមុទ្រ ​បានរហូតដល់រយៈពេល ​១២ខែ។

គួរជម្រាបថា Saildrone នឹងត្រូវប្រើប្រាស់​ដោយអង្គការ CSIRO ដើម្បីប្រមូលទិន្នន័យ​អំពីសីតុណ្ហភាព​ផ្ទៃសមុទ្រ កម្រិតជាតិ​អំបិល និងសារធាតុកាបូន នៅក្នុងដែនសមុទ្រ​នៃប្រទេស​អូស្រ្តាលី ព្រមទាំងមហាសាគរ​អង់តាក់ទិក។

បើតាមប្រធាន​ក្រុមស្រាវជ្រាវ​របស់ CSIRO លោក Andreas Marouchos ក្រុម Saildrone ចំនួន ០៣គ្រឿង នឹងត្រូវបញ្ជា​គ្រប់គ្រង​ពីចម្ងាយ ចេញពីមូលដ្ឋាន​ស្រាវជ្រាវ​​របស់ CSIRO នៅឯ​ទីក្រុង Hobart, អូស្រ្តាលី៕​

ចែករំលែក