មហាអំណាចអាចនឹងផ្ទុះជម្លោះ «ដោយសារការដណ្តើមធនធានរ៉ែ នៅសមុទ្រ​ទឹកកក​​អាក់ទិក»

0

(ប៉េកាំង)៖ រដ្ឋាភិបាលចិន​បានអំពាវនាវ​ឱ្យ បន្តការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅក្នុងតំបន់​មហាសមុទ្រទឹកកក​អាក់ទិក ជាទីដែលក្រុមអ្នក​ជំនាញមើលឃើញថា អាចនឹង ក្លាយជាកន្លែង​ដណ្ដើម​ឥទ្ធិពល និងឧស្ម័នធម្មជាតិ​រវាងមហាអំណាច​ពិភពលោក នៅពេល​អនាគត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់ទីក្រុង​​ប៉េកាំង ធ្វើឡើងនៅ​ក្នុងសៀវភៅស​ ស្ដីពីគោល​នយោបាយ​​​ចិន​ លើមហាសមុទ្រ​អាក់ទិក ចេញផ្សាយ​នៅថ្ងៃសុក្រ​នេះ។ ក្នុងសៀវភៅ​ដដែល​ចិនបាន កត់សម្គាល់​យ៉ាងដូច្នេះថា «ប្រទេសចិន​បានធ្វើ​ការងារ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ ក្រោមគោលនយោបាយ​សេដ្ឋកិច្ច​ខែ្សក្រវាត់ និងផ្លូវ អនុឡោម​តាមគោលការណ៍​ពិគ្រោះយោបល់ យ៉ាងស៊ី​ជម្រៅ, ចែករំលែក​ផលប្រយោជន៍​រួមគ្នា ក៏ដូចជាផ្ដោត​សំខាន់លើគោល​នយោបាយ​សម្របសម្រួល, ផ្សាភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ, ពាណិជ្ជកម្ម​សេរី, សមាហរណកម្ម​សេដ្ឋកិច្ច និងបង្កើតទំនាក់​ទំនងកាន់​តែជិតស្និទ្ធ រវាង​ប្រជាជន និងប្រជាជន»។

គួរបញ្ជាក់ថា នៅក្នុងសៀវភៅ​សរបស់ខ្លួន ទីក្រុង​ប៉េកាំង​ក៏បានអំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀង​អន្តរជាតិមួយ​សម្រាប់គ្រប់គ្រង​ធនធានជលផល​ នៅក្នុងតំបន់​មហាសមុទ្រ​អាក់ទិច​ ព្រមទាំង​អនុញ្ញាតក្នុងការស្រាវជា្រវ​វិទ្យាសាស្ត្រ និងការនេសាទ​នៅក្នុងតំបន់ ក្រោមកិច្ចការពារ​ពីបណ្ដារដ្ឋពាក់ព័ន្ធ​ទំាងអស់ អនុឡោមតាម​ច្បាប់​អន្តជាតិ។

អត្ថបទមុន៖ កងកម្លាំងឆ្មាំ​ការពារដែរសមុទ្រអាមេរិក កំពុងស្វែងរក​ជាលើកដំបូង នូវការបំពាក់​គ្រាប់មីស៊ីល​ នៅលើនាវាបំបែកទឹកកក ដែលកំពុង​ធ្វើប្រតិបត្តិការ​នៅឯតំបន់​មហាសមុទ្រ អាក់ទិក ខណៈទីក្រុង​វ៉ាស៊ីនតោន ត្រូវបាន​ទីក្រុងមូស្គូ មើលឃើញ​ថា កំពុងអភិវឌ្ឍន៍សមត្ថភាពយោធា​របស់ខ្លួន ត្រៀមសម្រាប់សង្រ្គាមក្នុងដែនទឹក​ដ៏ត្រជាក់​ជាងគេបំផុត​នៅក្នុង ពិភពលោក​មួយនេះ។

ជុំវិញផែនការ​នេះដែរ បើតាម​សារព័ត៌មាន Washington Times មេបញ្ជាការ​កងឆ្មាំសមុទ្រ​អាមេរិក លោក ផូល ហ្ស៊ូគុន (Paul Zukunft) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន​ពិតជាកំពុង​ស្វែងរក ការអភិវឌ្ឍ​សមត្ថភាព​នាវាបំបែក​ទឹកកក​របស់ខ្លួន ជាមួយការ​បំពាក់គ្រាប់​មីស៊ីលពិតមែន។ «យើងត្រូវតែ​សំឡឹងមើលពីភាព​ខុសគ្នា នូវអ្វីដែលនាវាបំបែកទឹកកក​បាននិងកំពុងធ្វើ ពីព្រោះពិត​ណាស់យើងត្រូវ​ការវា ដើម្បីរក្សា​ទីតាំង ទម្ងន់ និងឥទ្ធិពល របស់យើង»។ នេះជាការ​លើកឡើង​របស់ លោក Zukunft។ឮ

មេបញ្ជាការឆ្មាំដែនសមុទ្រអាមេរិកខាងលើនេះ ក៏បានបន្ថែមទៀតដែរថា សហរដ្ឋអាមេរិក​គួរតែបំពាក់គ្រាប់​មីស៊ីល នៅលើនាវា​បំបែកទឹក ខណៈពិភពលោក​ត្រូវបានគេ​រំពឹងថា អាចនឹងមាន​ការផ្លាស់ប្ដូរពី ០៥ ឬ ១៥ឆ្នាំខាងមុខ។ ក្រៅពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក​មួយចំនួន រុស្ស៊ីដែល​មានឆ្នេរសមុទ្រ​ជាប់មហាសមុទ្រអាទិក​ធំជាងគេ ក៏កំពុងធ្វើប្រតិបត្តិការ​ក្នុងតំបន់ដ៏ត្រជាក់​នេះដែរ ដោយមាននាវា​បំបែកទឹកកក​ចំនួន ៤០គ្រឿង៕

ចែករំលែក