សង្គ្រាមអវកាសរវាង សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី អាចផ្ទុះឡើងនៅថ្ងៃអនាគត?

0

(វ៉ាស៊ីនតោន)៖ ថវិការាប់ពាន់​លានដុល្លារ ត្រូវបានគ្រោង​នឹងចំណាយ ដោយ​សហរដ្ឋអាមេរិក ទៅលើការត្រៀម​​មហាអំណាច​​មួយ​​នេះ សម្រាប់សង្រ្គាម​អវកាសជា​មួយចិន និងរុស្ស៊ី នាពេលអនាគត។ នេះបើតាម​សម្តីរបស់ប្រមុខ​ការពារជាតិ​អាមេរិក លោក James Mattis ដកស្រង់ដោយ​សារព័ត៌មាន​អង់គ្លេស Express នៅរសៀល​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ការប្រកាសនេះ​បាន​លេចឡើង បន្ទាប់ពីផែនការ​យុទ្ធសាស្រ្តការពារជាតិ​ឆ្នាំ២០១៨ របស់​សហរដ្ឋអាមេរិក ដែលមាន​ចំណងជើង​ថា «ការដុះខាត់​សមត្ថភាព​ប្រកួតប្រជែង​ ផ្នែកយោធា​របស់អាមេរិក» ត្រូវបាន​លាត​ត្រដាង។ ​ប្រមុខកងទ័ព​របស់ លោក ដូណាល់ ត្រាំ បាន​និយាយថា ផែនការ​លម្អិតកំពុង​ត្រូវគូសវាស​ឡើង ដើម្បីជួយ​ស្តារឥទ្ធិពល​របស់អាមេរិក​ឡើងវិញ នៅក្នុង​ទីអវកាស ដោយ​សារ​​​មានការព្រួយ​បារម្ភថា ចិនក៏ដូច​ជារុស្ស៊ី កំពុងតាម​ពីក្រោយយ៉ាង​កៀក ជុំវិញ​រឿងនេះ។

លោក Mattis បានថ្លែងថា ឧត្តមភាព​ប្រកួត​ប្រជែង​របស់សហរដ្ឋអាមេរិក នៃផ្នែកយោធា នៅតាមផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ ផ្លូវព័ត៌មានវិទ្យា-អ៊ីនធឺណែត និងផ្លូវអវកាស កំពុងតែធ្លាក់ចុះខ្សោយ ហើយលោកបានសង្កត់ធ្ងន់​ដោយ​ប្រយោលថា ការប្រើប្រាស់​ទីអវកាស សម្រាប់​វិស័យយោធា កំពុងលេចឡើងជារូបរាងកាន់តែខ្លាំង ខណៈសង្រ្គាមទ្រង់ទ្រាយធំនាពេលខាងមុខ អាច​នឹង​ផ្ទុះ​ឡើង​​នៅ​ក្នុង​​ទីអវកាស។

យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក បានបន្ថែមថា សកម្មភាព​យោធានានា សំដៅដល់ការ​ដណ្តើមគ្រប់គ្រង​ទីអវកាស ទំនងជានឹងកើតមាន​នៅលើផ្ទៃនៃភពផែនដី​យើងផ្ទាល់ ជាជាង​នៅលំហខាង​ក្រៅ​នៃបរិយាកាស។ វាពុំមែនដូច​ជាអ្វីដែលយើង ប្រហែល​ស្រមៃ​មើលថា មានការបាញ់​ប្រហារ​ដាក់គ្នា នៅទីអវកាស​នោះឡើយ។

គួរជម្រាបថា សព្វថ្ងៃនេះ​មានផ្កាយរណប​សំខាន់ៗ​ជាច្រើន នៅក្នុងទីអវកាស ដែលអាចជួយ​ដល់ប្រទេស​នានា ក្នុងការងារជា​​ច្រើនបែបយ៉ាង រាប់ចាប់​ពីការព្យាករណ៍​អាកាសធាតុ រហូតដល់ការ​ឃ្លាំមើលយន្តហោះ​របស់គូសត្រូវ និងឈ្លប​យកការណ៍ ខណៈមហាអំណាច​​ពិភពលោក​ជាពិសេស​ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី បានបន្តធ្វើការ​បាញ់​បង្ហោះ​ផ្កាយ​​រណប​របស់​ខ្លួន​ ​ជា​បន្ត​បន្ទាប់​​ទៅ​កាន់​​​អវ​​កាស៕

ចែករំលែក