០៥ ចំណុចធំៗនេះ! បើអនុវត្តន៍មិនបានទេ ផែនដីនឹងរលាយកាន់តែឆាប់!

0

 

(ភ្នំពេញ)៖ ពិតណាស់ថា មហាអំណាច​នានាកាន់តែបង្ហាញ​ភាពគគ្លើន និងបង្កើន​ឥទ្ធិពល​ដាក់គ្នាទៅវិញ​ទៅមក ដើម្បីរក្សាការពារ​អំណាចរបស់ពួកគេ ក៏ដូចជាគំរាម​សត្រូវរបស់​ខ្លួន​មិនឲ្យបង្កើនឥទ្ធិពល​ជ្រុលហួស លើសពីដែនកំណត់។ នេះជាសិទ្ធិរបស់​មហាអំណាច ទាំងនោះ ប៉ុន្តែវាក៏ជាក្តី​ព្រួយបារម្ភ​រឹតតែខ្លាំង សម្រាប់​មនុស្សលោក​ជារួមផងដែរ ព្រោះថា ការបណ្តែត​​បណ្តោយឲ្យបញ្ហានានាកាន់តែរីកធំ និងការមិនសូវខ្វាយខ្វល់​ខ្លាំងពីបរិស្ថាន នោះពិត​ណាស់ថា​ ជីវិត​នៅលើផែនដី ឬ សូម្បីតែផែនដី​​ទាំងមូល នឹងអាច​រលំរលាយ​កាន់តែឆាប់​​ជាមិនខាន។

ការពិតដំណោះស្រាយ​មិនមែនគ្មាន​នោះទេ ហើយបើនិយាយ​ឲ្យងាយ និងឆាប់​យល់នោះ​ គឺដំណោះស្រាយ​ភាគច្រើន តែងតែជាការកាត់​សាច់ខ្លួនឯង ឬធ្វើឲ្យអ្នកចូល​រួមដោះ​ស្រាយ​បញ្ហានោះ ត្រូវតែហ៊ានលះបង់​ប្រយោជន៍​របស់ខ្លួន តួយ៉ាងដូចជា​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ នោះឯង គឺសមាជិក​ទាំងអស់ ជាពិសេស​មហាអំណាច​ជាម្ចាស់ហត្ថលេខី ត្រូវតែលះបង់​ផលចំណេញលើវិស័យ​សេដ្ឋកិច្ចរបស់​ខ្លួនខ្លះ​ដើម្បីនិរន្តរភាព​បរិស្ថាន និងភពផែនដី តែអាមេរិកបានដកខ្លួនចេញហើយ។

ខាងក្រោមនេះ គឺជាចំណុច​ទាំង ០៥ ដែលមនុស្សត្រូវព្យាយាមធ្វើឲ្យ​បាន និងលុប​បំបាត់ ព្រមទាំងកាត់​បន្ថយក្នុងកម្រិត​ច្រើនបំផុត តាមដែល​អាចទៅរួច ដើម្បីឲ្យផែនដីនេះ ក្លាយជាទី​សុខសាន្តរាប់លានឆ្នាំ​ទៅមុខទៀត ដោយមិន​ចាំភ័យថា រាប់រយឆ្នាំ​ខាងមុខ នឹងធ្វើឲ្យមនុស្ស​កាន់តែពិបាករស់នៅនោះ​ឡើយ៖

 

១៖ អាវុធនុយក្លេអ៊ែរ៖ សង្គ្រាមគឺជា​រឿងមួយផ្សេង ប៉ុន្តែសម្រាប់សង្គ្រាម​ដែលប្រើប្រាស់​នុយក្លេអ៊ែរ នោះវានឹងពិបាក​ក្នុងការស្រម៉ៃមើល អំពីសោកនាដកម្ម​នៃជីវិត និងបរិស្ថាន ដែលត្រូវជួប​ប្រទះខ្លាំង​ណាស់។ គ្រាន់តែ​សុបិន្តអាក្រក់ នៃទីក្រុង​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគិ គឺជាអាចឲ្យ​យើងដឹងថា តើមនុស្ស​នឹងអាចរងគ្រោះ​រាប់លានដង​ ខ្លាំងជាងកាលពីឆ្នាំ ១៩៤៥ នោះទៅហើយ ​ប្រសិនបើសង្គ្រាម​នុយក្លេអ៊ែរពិតជាផ្ទុះ​ឡើង។​ ដូច្នេះ​បើអាច ទាំង​មហាអំណាច​​នុយក្លេអ៊ែរស្រប​ច្បាប់ និងប្រទេស​កំពុងអភិវឌ្ឍន៍នុយក្លេអ៊ែរខុសច្បាប់ ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការផលិត ឬស្តុកអាវុធដ៏​គ្រោះថ្នាក់​បំផុតនេះ។

២៖ កំណើន​ប្រជាជន៖ ការកាត់បន្ថយ​ចំនួនប្រជាជន គួរតែត្រូវធ្វើ​ឡើងជារួម មិនមែន​សម្រាប់តែ​ប្រទេស​​ដែលមាន ប្រជាជន​ណែនណាន់តាន់​តាប់​​នោះឡើយ។ វាជា​ការបង្ការ​សម្រាប់អនាគត​ដ៏វែងឆ្ងាយ នៃប្រទេសនីមួយៗ ដូចជាប្រទេស​វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ឬប្រទេស​មួយចំនួនទៀត ដែលមានផ្ទៃដីមិន​សូវជាធំដុំ ប៉ុន្តែចំនួនប្រជាជន​កំពុង​កើនឡើង​​យ៉ាងគំហុក ហើយនៅពេល​ដែលកំណើន​កើនឡើង លើសពីអ្វីដែល​ប្រទេស​នោះអាចផ្គត់ផ្គង់ នោះផលវិបាក​នឹងអាចក្លាយជា​បញ្ហាថ្នាក់​តំបន់ ឬអន្តរជាតិ​ដែរ។

៣៖ ថាមពល៖ អ្វីដែលមនុស្ស​កំពុងធ្វើបច្ចុប្បន្ន គឺការស្រូបយក​ថាមពលពី ព្រះអាទិត្យ ខ្យល់ ចរន្តទឹក និងជីវៈឥន្ធនៈ ពិតជាការអនុវត្តន៍​ដ៏ល្អបំផុត ប៉ុន្តែវាកំពុង​ស្ថិតនៅក្នុង​ចំនួនទាប​នៅឡើយ បើប្រៀបធៀប​ទៅនឹង​ការប្រើប្រាស់ ធ្យូងថ្ម ប្រេងឥន្ធនៈ និងនុយក្លេអ៊ែរ ដែលបាន និងកំពុងបង្កផល​​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់បរិស្ថាន​ភពផែនដី។ ដូច្នេះការ​ប្រើប្រាស់​ថាមពលកើត​ឡើង​វិញ គួរតែព្យាយាម​បង្កើនឲ្យខ្លាំង​ជាងនេះ ជាពិសេស​គឺការផ្គត់ផ្គង់​ថាមពល លើមធ្យោយបាយ​ដឹកជញ្ជូន​ប្រចាំថ្ងៃ។

៤៖ ការដាំដើមឈើ៖ វាជារឿង​ធម្មជាតិ ដែលមនុស្សគួរ​តែព្យាយាម​រក្សា​គំរបបៃតង​នៅជុំវិញ​ខ្លួន។ មិនថាតែ​នៅ​ក្នុងផ្ទះ ឬភូមិឃុំស្រុក គួរតែ​បង្កើនការ​ដាំដើមឈើ​គ្រប់ប្រភេទ​ទៅតាមទម្លាប់ និងមិនបង្កផល​ប៉ះពាល់ដល់សុវត្ថិភាព​ទីឋាន​ដែលយើង​រស់នៅ។ ព្រៃឈើ​កាន់តែច្រើន លំនឹងបរិយាកាស​កាន់តែល្អ ដូច្នេះ​មនុស្ស នឹងរីករាយ​ចំពោះ​សុខភាពល្អ ព្រមទាំង​បរិស្ថានដ៏ស្អាត ដែលព្រៃឈើ​ជួយសម្អាត​តាមបែប​ធម្មជាតិ។

៥៖ ការអភិវឌ្ឍ​វិស័យអវកាស និង​ជម្រកថ្មី៖ វាជាអ្វីដែល​មនុស្សកំពុងធ្វើ​ស្រាប់ទៅហើយ ប៉ុន្តែមានមតិមួយ​ចំនួនបានលើក​ឡើងថា អ្នកវិទ្យាសាស្ត្រ គួរតែព្យាយាម​ចាប់យកអ្វី​ដែលនៅជិត​បំផុត មកដាក់​អាណានិគម ដូចជានៅឋាន​ព្រះច័ន្ទ បើទោះបី​ជាបរិស្ថាន​មានការលំបាក​ជាងភពអង្គារខ្លាំង តែការធ្វើដំណើរ និងចុះចតនៅ​ទីនោះ ពិតជាចំណេញ និងឆាប់បាន​ទទួលផល ជាង​ភពអង្គារឆ្ងាយមែនទែន៕

ចែករំលែក