បារាំងបោះមួយ​ជំហានធំ «ដើម្បីការពារ​បរិស្ថានផែនដី» ដោយគ្រោង​បិទរោងចក្រ​ធ្យូងថ្ម​ទាំងអស់…

0

 

(ប៉ារីស)៖ ដោយបញ្ជាក់ពី​ការចំណាយ​លើការថែទាំ និងការទទួលខុសត្រូវ​ផ្នែកបរិស្ថាន រដ្ឋាភិបាល​បារាំង​អាចនឹង​បិទរោងចក្រ ដើរ​ដោយថាមពលធ្យូងថ្ម​ទាំងអស់ នៅឆ្នាំ២០២១។ នេះគឺជាការលើកឡើង​របស់ប្រធានាធិបតី​បារាំង ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ធ្វើការកត់​សម្គាល់បែបនេះ នាឱកាស​ចូលរួមកិច្ចប្រជុំ​វេទិកាសេដ្ឋកិច្ច​ពិភពលោក នៅឯ​ទីក្រុង Davos ប្រទេស​ស្វីស កាលពីថ្ងៃអាទិត្យ។ បន្ថែមពី​លើនេះ ជុំវិញការបេ្ដជ្ញា​ចិត្តនេះ​ដែរ លោក ម៉ាក្រុង បាន​និយាយថា ទីក្រុង​ប៉ារីស​អាចនឹងជំនួស​រោងចក្រថាមពល​ចាស់ៗ ដោយរោងចក្រ​ថាមពល​កកើតឡើង​វិញ ឬក៏ថាមពល​ដើរដោយរ៉េអាក់ទ័រ​នុយក្លេអ៊ែរ នៅ​ឆ្នាំ២០២១។


«ការផ្លាស់ប្ដូរនេះ​នឹងផ្ដល់ផលប្រយោជន៍​ក្នុងការ​ទាក់ទាញ និងការប្រកួត​ប្រជែង… ហើយយើង​នឹងបង្កើត​ការងារ​ជាច្រើន តាមរយៈ​យុទ្ធសាស្ត្រ​ថ្មីនេះ»។ នេះបើតាម​លោក អែមម៉ានុយអែល ម៉ាក្រុង។ មិនថាតែប្រទេសបារាំងនោះទេ ប្រទេសផ្សេងៗទៀត​ដូចជា អាល្លឺម៉ង់ ឆេក ប៉ូឡូញ និងប៊ុលការី ក៏គ្រោងនឹងកាត់បន្ថយ ឬអនុវត្តន៍ដូចបារាំងផងដែរ។

គួររំលឹកថា អតីត​ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ ក៏ធ្លាប់បាន​អះអាងដែរថា ទីក្រុងប៉ារីស​នឹងបិទរោងចក្រ​ថាមពលធ្យូង​ថ្ម នៅ​ឆ្នាំ២០២៣។ តែយ៉ាងណា​ក៏ដោយ ការប្ដេជ្ញាចិត្តជាថ្មី​របស់​លោក ម៉ាក្រុង ធ្វើឡើងនៅ​ចំពេលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមានដក​សហរដ្ឋអាមេរិក​ ចេញពី​កិច្ចព្រមព្រៀងទី​ក្រុងប៉ារីស ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ដែលនេះធ្វើ​ឱ្យក្រុមអ្នក​ការពារបរិស្ថាន​យល់ថា អាចនឹងជះឥទ្ធិពល​មិនល្អដល់​ការប្រយុទ្ធ​ប្រឆាំង​ នឹងការកើនឡើង​កម្ដៅផែនដី​ជាសកល៕

ចែករំលែក