ទីបំផុតរដ្ឋធានីញូដេលី «ក្លាយជាទីក្រុងពុលបំផុតលេខ ១ ក្នុងប្រទេសឥណ្ឌា» ជាមួយប្រជាជន ២៤លាននាក់!

0

(ញូដេលី)៖ រដ្ឋធានីនៃប្រទេស​ឥណ្ឌា បានក្លាយជាទីក្រុង​ដែលទទួលរង​ការបំពុលខ្លាំងក្លា​ក្រៃលែងជាងគេ​បង្អស់ ប្រចាំ​ប្រទេស​អាស៊ី​​ខាង​ត្បូង​មួយនេះ ខណៈរដ្ឋ Uttar Pradesh បានជាប់ឈ្មោះ​ជារដ្ឋ​ ដែលរងការបំពុល​ធ្ងន់ធ្ងរបំផុត។ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ ដកស្រង់ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ​ទី៣០ ខែមករា ឆ្នាំ២០១៨។

របាយការណ៍​ខាងលើ ដែលមានចំណង​ជើងថា «មហាគ្រោះមហន្តរាយ​ខ្យល់អាកាសទីពីរ» របស់អង្គការ​​ការពារបរិស្ថាន​ពិភព​លោក Geenpeace ប្រចាំនៅ​ប្រទេសឥណ្ឌា បានរកឃើញថា​ រដ្ឋធានីញូដេលី គឺជាទីក្រុង​ដែលរងការបំពុល​ខ្លាំងគេបំផុត​នៅ​ឥណ្ឌា ខណៈ​រដ្ឋ Uttar Pradesh គឺជារដ្ឋមាន​ការបំពុលជាង​គេ​​របស់ឥណ្ឌា ដោយនៅ​ក្នុងរដ្ឋនេះ មានទីក្រុងដល់ទៅ ១៥ក្រុង ទៅហើយ​ដែលស្ថិត​ក្នុងចំណោម​ទីក្រុងរងការបំពុល​ទាំង ៣០ របស់​មហាយក្សមានប្រជាជនច្រើនបំផុត លំដាប់លេខពីរ​លើលោកមួយនេះ។

ជុំវិញការអះអាងរបស់របាយការណ៍នេះ រដ្ឋាភិបាលឥណ្ឌា មិនទាន់បាន​បញ្ចេញប្រតិកម្មឆ្លើយតប​នោះឡើយ ប៉ុន្តែបើតាមធាតុពិតជាក់ស្តែង ទីក្រុងញូដេលី និងរដ្ឋ Uttar Pradesh គឺសុទ្ធតែមានប្រជាជនរស់នៅច្រើន និងជាតំបន់មានសេដ្ឋកិច្ច​រីកលូត​លាស់ខ្លាំង តាមរយៈរោចក្រឧស្សាហកម្ម ទាំងខ្នាតតូច រហូតដល់ធំ។

គួរបញ្ជាក់ថា សម្រាប់រដ្ឋធានីញូដេលីតែមួយប៉ុណ្ណោះ មានប្រជាជនរស់នៅរហូតដល់ទៅជាង ២៤លាននាក់ (ច្រើនជាងទីក្រុងប៉េកាំងរបស់ចិន ដែលមានតែជាង ២១លាននាក់) ខណៈ​រដ្ឋ Uttar Pradesh វិញ គឺមានប្រជាជនឥណ្ឌារស់នៅរហូតដល់ទៅជិត ២២០លាននាក់ (តួលេខឆ្នាំ២០១៧ ច្រើនជាងខេត្តក្វាងទុងរបស់ចិន ដែលមានប្រជាជនរស់នៅច្រើន​បំផុត​ដល់ទៅជាង ២ដង ឬ ១០៤.៣លាននាក់ ជាតួលេខឆ្នាំ២០១០)។

អ្វីគួរឲ្យ​កំណត់ចំណាំ៖ ប្រទេសឥណ្ឌា មិនមាន​នយោបាយកូន ១ ដូចប្រទេសចិន​នោះឡើយ ហើយប្រជាជន​ឥណ្ឌាសរុប​កាលពីឆ្នាំ២០១៦ មានចំនួន ១.៣២៤ពាន់លាននាក់ ខណៈប្រទេស​ចិនប្រជាជន​សរុបចំនួន ១.៣៨៨ពាន់លាននាក់។ ដូច្នេះ​អ្នកវិភាគធ្លាប់​បានលើក​ឡើងថា នៅ​ឆ្នាំ២០២០ ខាងមុខនេះ ចំនួនប្រជាជន​ឥណ្ឌា នឹងវ៉ាដាច់​ប្រទេសចិន ក្លាយជា​មហាយក្ស​លេខ ១ ដែលមានប្រជាជន​រស់នៅច្រើនជាងគេបង្អស់​លើ​លោក ខណៈដែល​បច្ចុប្បន្នប្រជាជន​សរុប​ទូទាំងសកលលោក មានចំនួន ៧.៦ពាន់លាននាក់៕

ចែករំលែក