ភ្នំភ្លើងមួយ​ទៀតនៅជប៉ុន កំពុងឲ្យ​សញ្ញាមិនស្រួល​ខ្លាំងមែនទែន… សង្ស័យតែផ្ទុះឆាប់ៗ…

0

(តូក្យូ)៖ មួយរយៈនេះ​ភ្នំភ្លើងនៅជប៉ុន ហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់បង្ហាញ​សញ្ញា​មិនសូវ​ស្រួលខ្លាំង ដោយសារតែ​បណ្តាប្រទេស​ទាំងនេះ ស្ថិតនៅក្នុងតំបន់​ខ្សែក្រវាត់ភ្លើង នៃ​មហាសាគរ​ប៉ាស៊ីហ្វិក ដែលងាយនឹង​រងគ្រោះធម្មជាតិ ស្ទើរគ្រប់ជំពូក​តែម្តង ជាពិសេសរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

នាដើម​សប្តាហ៍នេះ ភ្នំភ្លើងមួយទៀត​របស់ជប៉ុនគឺ Zao ហាក់បង្ហាញ​សញ្ញាមិនស្រួលខ្លាំង ដែលទីភ្នាក់ងារ​ឧតុនិយមជប៉ុន (JMA) បានបង្កើនកម្រិត​ប្រកាសអាសន្ន ទៅកាន់​លំដាប់​លេខ ២ ដែលជាសញ្ញា​មធ្យម ពីព្រោះតែតំរុយចេញពី​មាត់ភ្នំភ្លើងដូច​ផ្សែងហុយ និងរំញ័រ​តិចៗ​នោះ អាចជា​សញ្ញាថា វានឹងអាចផ្ទុះ​បាននៅពេលឆាប់ៗ​ខាងមុខនេះ។

យោងតាម JMA បាន​បន្ថែមថា យោងតាមកម្រិត​ប្រកាសអាសន្នខាង​លើនេះ ប្រជាជន​ទាំង​ឡាយត្រូវបាន​ហាមឃាត់ មិនឲ្យធ្វើដំណើរ​ឆ្លងកាត់ភ្នំមួយ​នេះឡើយ ស្ថិតនៅ​រយៈចម្ងាយ​ជុំវិញកំពូល​ភ្នំប្រមាណ ១.២គីឡូម៉ែត្រ។ សញ្ញាមិនស្រួល​បានកើតមានឡើង កាលពីម៉ោង ៧៖០០នាទី​យប់ថ្ងៃអាទិត្យ ចុង​សប្តាហ៍មុន និងម្តងទៀត​នៅម៉ោង ១៖០០នាទីរំលង​អាធ្រាត​ឈានចូល​ថ្ងៃទី៣០​ ខែមករា ឆ្នាំ២០១៨នេះ។

JMA បានធ្វើការ​កត់សម្គាល់​ទៀតថា ក្រុមអង្កេត​បានដឹងអំពីកំសួល​ឧស្ម័ន និងទឹកក្រោមដី មានការពុះ​កញ្ជ្រោលខុស​ពីធម្មតា កាលពី​វេលាម៉ោង ២៖១៨នាទីរសៀល ថ្ងៃអង្គារនេះ (ម៉ោង​នៅតូក្យូ) ដែលជាហេតុ​ធ្វើឲ្យកម្រិត​ប្រកាសអាសន្ន ត្រូវបានបង្កើន​ដូចខាងលើនេះ។ ភ្នំភ្លើង Zao ស្ថិតនៅក្នុងខេត្ត Yamagata ភាគកណ្តាលប្រទេសជប៉ុនតែម្តង។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី២៣ ខែមករា កន្លង​ទៅនេះ ភ្នំភ្លើង Kusatsu-Shirane ស្ថិតនៅ​ក្នុងខេត្ត Gunma ភាគខាងជើង​ទីក្រុងតូក្យូ បានផ្ទុះឡើង​បណ្តាលឲ្យមនុស្ស​ម្នាក់​ស្លាប់ និង ១១នាក់​ទៀតរងរបួស ដោយសារ​តែកម្អែល និងដុំថ្មបូករួមទាំងផ្ទាំងព្រិលធំៗ បានធ្លាក់ទៅ​គ្របសង្កត់​លើរមនីយដ្ឋាន​មួយកន្លែង ដែលនៅ​ក្បែរនោះ៕

ចែករំលែក