សង្គ្រាមមនុស្សយន្ត «កាន់តែជិតក្លាយជាពិតហើយ» ដោយអាមេរិកកំពុង​សម្ងំអភិវឌ្ឍន៍…

0

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមអ្នកស្រាវជ្រាវ​នៃកងទ័ពអាមេរិក ក្រោមការសហការ​គ្នាជាមួយ អ្នកវិទ្យាសាស្រ្ត​មកពីសាកលវិទ្យាល័យ Texas បានអភិវឌ្ឍន៍បច្ចេកទេសថ្មី​សន្លាងមួយ ដើម្បីប្រើ​ប្រាស់​គ្រឿងយន្ត ឬកម្មវិធី​ប្រព័ន្ធកុំព្យូទ័រ ឲ្យធ្វើកិច្ច​ការនានា តាម​ការ​បញ្ជាណែនាំពីមនុស្ស។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ​២០១៨។

ក្រុមការងារ​ចំរុះខាងលើ មានបំណង​ចង់ប្រើប្រាស់​វិធីសាស្រ្ត Deep Learning ជាគោលការណ៍​បង្ហាត់បង្រៀនមួយ ដែល​អាច​និយាយ​​បានថា មានគំរូស្រដៀង​នឹងខួរក្បាលរបស់យើង ដើម្បីបង្វឹក​មនុស្សយន្ត ឲ្យសិក្សារៀនសូត្រ ពីរបៀបអនុវត្តន៍កិច្ចការ​ ​តាម​រយៈការមើល​វីដេអូអនឡាញនៅក្នុងរយៈពេល​ខ្លី ជាមួយគ្រូបង្ហា​ត់​ដែលជាមនុស្ស។

ក្រុមអ្នកស្រាវជ្រាវ​មកពីមន្ទីរ​ស្រាវជ្រាវ​របស់យោធាអាមេរិក និងសាកល​វិទ្យាល័យ Texas ក្នុងក្រុង Austin បានបង្កើតក្បួន​កម្មវីធី​មួយ​ហៅថា Deep TAMER។ កាលពីមុន​ក្រុមការងារនេះ បានបង្ហាត់មនុស្ស​យន្តមួយ ឲ្យប្រព្រឹត្តខ្លួននៅក្នុងស្ថានភាព ស្រដៀងទៅនឹង​របៀប​ដែលសត្វសុនខ ត្រូវបានបង្ហាត់ឲ្យ​ធ្វើត្រាប់ផ្សេងៗ។ ពេលនេះវិញ ពួកគេចង់បង្ហាត់​មនុស្សយន្ត ឬក៏កម្មវិធី​កុំព្យូទ័រ ឲ្យ​មើល​​ពិភពលោក តាមរយៈរូបភាព​នានាវិញម្តង ដែលវាគឺជាជំហានដំបូង​មួយដ៏សំខាន់ នៅក្នុងការ​បង្វឹកភ្នាក់ងារ​ស្វ័យប្រវត្តិ ដែលអាច​ធ្វើ​ប្រតិបត្តិការ​នៅក្នុងពិភពពិតបាន។

នៅក្នុងការពិសោធន៍មួយ ក្រុមអ្នក​ស្រាវជ្រាវ បានបង្រៀនមនុស្សយន្តឲ្យលេងហ្គេមបោះប៊ូលីង (Bowling) Atari និងបានផ្តល់ឲ្យ​វា​នូវ​មតិ​យោបល់​ពីមនុស្សរយៈពេល ១៥នាទី។ ពួកគេមាន​ភាពភ្ញាក់ផ្អើលជាខ្លាំង ដោយរកឃើញថា មនុស្ស​យន្តនោះ លេងបានល្អ​​ជាងមនុស្ស​ទៅទៀត។

គួរជម្រាបថា បើតាមលោក Garrett Warnell ដែលជាអ្នកស្រាវជ្រាវ​ម្នាក់របស់កងទ័ពអាមេរិក យោធានា​ពេលអនាគត នឹងរួមផ្សំនូវ​​ពលទាហាន​ដែលមនុស្ស ហើយនិង​មិត្តរួមក្រុម​ដែលជា​មនុស្សយន្ត ឬ គ្រឿងយន្ត​ស្វ័យប្រវត្តិ ធ្វើការជាមួយគ្នា៕

ចែករំលែក