រកឃើញផ្នូរមន្ត្រីស្រីជាន់ខ្ពស់​ «អាយុកាល ៤,៤០០ឆ្នាំ»​ ក្នុងអតីតព្រះរាជវាំង​អេហ្ស៊ីប…

0

(អេហ្ស៊ីប)៖ ក្រុមបុរាណវិទូ​នៅក្នុងប្រទេស​អេហ្ស៊ីប ទើបតែបានរកឃើញ​ផ្នូរដ៏អស្ចារ្យមួយ ដែលមានអាយុ​កាលប្រមាណ ៤,៤០០ឆ្នាំ​ មកហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រុមបេសកកម្ម​ផ្នែកបុរាណវិទ្យា​អេហ្ស៊ីប បានរកឃើញ​ផ្លូរសម័យអាណាចក្រ​បុរាណ ​​របស់នារី​ម្នាក់មាន​ឈ្មោះថា «Hetpet» ដែលជា​មន្រ្តី​ជាន់ខ្ពស់ផ្នែក​សាសនា នៅក្នុងព្រះរាជវាំង​អេហ្ស៊ីប កាលពីអំឡុង​ចុងរជ្ជកាល​ទី ដែលគេហៅថា Fifth Dynasty។

ផ្នូរខាងលើ​នេះ​ ត្រូវបានរកឃើញ​នៅអំឡុងដំណើរការ​ជីករុករក ដែលប្រព្រឹត្ត​ទៅនៅឯតំបន់ប្រជុំផ្នូរ​ភាគខាងលិច​នៃទីក្រុង ជីសា (Giza) ក្បែររដ្ឋធានីគែរ ដែល​​ជាតំបន់ផ្ទុក​ទៅដោយផ្នូរ​មន្រ្តី​សំខាន់ៗ របស់អេហ្ស៊ីបកាលពី​សម័យព្រះចៅ​ផារ៉ាអ៊ុង ​ដែល​ធ្លាប់​ត្រូវ​បានរកឃើញ​ជាបន្តបន្ទាប់​ ​​ដោយ​ក្រុមអ្នកបុរាណ​វិទ្យាតាំង​តែ​ពីឆ្នាំ១៨៤២ មក។

គួរជម្រាបថា យុគ្គសម័យ​អាណាចក្រ​បុរាណ Old Kingdom គឺជាសម័យ​ចន្លោះឆ្នាំ២៦៨៦ ដល់ឆ្នាំ២១៨១ មុនគ្រិស្តសករាជ ដែលត្រូវ​បានគេស្គាល់យ៉ាង​ទូលំទូលាយ​ថា ដែលយុគសម័យ​នៃប្រាសាទពីរ៉ាម៊ីត​ ដ៏ល្បីល្បាញបំផុត។

ចំណុចពិសេស៖ តំបន់ប្រាសាទពីរ៉ាមីត គឺជាអច្ឆរិយៈវត្ថុមួយ ក្នុងចំណោម ៧ នៅលើពិភពលោក ដែលមានវ័យ​ចំណាស់បំផុត រហូតដល់​ទៅ ៦,០០០ឆ្នាំ មកហើយ។ តំបន់ប្រាសាទពីរ៉ាមីត នៃប្រទេស​អេហ្ស៊ីប មានអាថ៌កំបាំង​ច្រើនឥតគណនា ដែល​អ្នកបុរាណ​វិទ្យាជឿជាក់ថា កំពុងលាក់​បាំងអ្វីៗជាច្រើន ដែលត្រូវការ​ជីករកជាបន្តបន្ទាប់ ជាពិសេសគឺស្តីអំពីបែបបទ នៃ​ការអភិវឌ្ឍ​អរិយធម៌​ដ៏អស្ចារ្យ ខុសពីសម័យកាល​ក្រោយៗ​របស់មនុស្សលោក​នោះ៕

ចែករំលែក