ឱមនុស្ស​បំផ្លាញ​ធម្មជាតិ! ពពួកសត្វ​សមុទ្រ «កំពុងរងគ្រោះ​ដោយសារកម្ទេចកម្ទីរសម្រាម និងប្លាស្ទិក» ដែលមនុស្ស​បោះចោល…

0

(ស៊ីដនី)៖ របាយការណ៍​សិក្សាថ្មីមួយ ដែលចេញផ្សាយ​នៅក្នុងប្រទេស​អូស្រ្តាលី នាថ្ងៃចន្ទនេះ​បានព្រមាន​អំពីកា​របង្កគ្រោះថ្នាក់នៃ​​កម្ទេចកម្ទីរ​សម្រាមប្លាស្ទិក ចំពោះពពួក​សត្វសមុទ្ររួមមាន​បបែល និង​ត្រីបាឡែន។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ដឹកនាំដោយ​សាកលវិទ្យាល័យ Murdoch ក្នុងប្រទេសអូស្រ្តាលី ក្រោមការសហការ​ជាមួយមូលនិធិ Marine Megafauna នៅ​ឥណ្ឌូ​ណេស៊ី បានធ្វើការស្រាវជ្រាវ​ទៅលើរបៀប​ដែល​សារធាតុគីមីពុល ដែលត្រូវ​បានរកឃើញ នៅក្នុងវត្ថុប្លាស្ទិក អាច​ប្រមូលផ្តុំវត្តមាន​នៅ​ក្នុងពពួកសត្វ​សមុទ្រខាងលើ អស់រយៈពេលរាប់​​ទសវត្សរ៍ រហូតអាចបណ្តាលឲ្យមាន​ហានិភ័យធ្ងន់ធ្ងរ ដែលអាចឈាន​ដល់ការ​លែង​លូតលាស់ ការផ្លាស់ប្តូរ​ចំពោះ​ការអភិវឌ្ឍខ្លួន និងបញ្ហាផ្នែកបន្តពូជ​របស់​ពួកវាជាដើម។

ក្រុមស្រាវជ្រាវខាងលើ​ក៏បានរកឃើញផងដែរថា ពពួកសមុទ្រ ហាក់ដូចជាមាន​ទំនោរទៅប្រមូលផ្តុំ នៅតាមតំបន់​ដែលជាចំណុច​​សម្បូរទៅដោយការបំពុល​​ភាគល្អិតប្លាស្ទិកថែមទៀត ដែលរួមមាន​​ឈូង​សមុទ្រម៉ិចស៊ីកូ, សមុទ្រ​មេឌីរ៉ាណេ, ឈូងសមុទ្រ​បេង​​ហ្គាល់, និងតំបន់ Coral Triangle នៅអាស៊ីអាគ្នេយ៍​ជាដើម។

គួរជម្រាបថា ខណៈផលិតកម្ម​នៃសារធាតុប្លាស្ទិក ត្រូវគេព្យាករណ៍ថា នឹងកើនឡើងខ្លាំងជាសាកល​តែម្តងនោះ ការបង្កើតកម្មវិធី​ឃ្លាំ​មើលរយៈពេលវែង គឺត្រូវការចាំ​បាច់ជាខ្លាំង នៅក្នុងកន្លែងរុករក​ចំណីអាហារ​នៃសត្វសមុទ្រ​យក្សទាំងនេះ ដើម្បីអាចឲ្យ​ក្រុម​អ្នកវិទ្យា​សាស្រ្ត ក៏ជាអ្នកអភិរក្សធនធាន​សមុទ្រ ធ្វើការតាមដាន​កម្រិតជាតិពុល​នៅក្នុងខ្លួន ពពួកសត្វ​ទាំងអស់នេះ ក្នុងអំឡុង​ពេលណាមួយ​៕

ចែករំលែក