គេដើរ​មុនយើង​ហើយ! ប្រទេស​ឡាវ «បើកសម្ពោធ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា» ​ដំបូងបំផុត​មិនធ្លាប់មាន…

0

(វៀងច័ន្ទ)៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាធនធាន​មនុស្សផ្លូវការដំបូង​គេបំផុត​នៅឯ​ប្រទេសឡាវ ត្រូវ​បានបើកសម្ពោធ​ដាក់ឲ្យប្រើប្រាស់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ​​ កាលពីដើម​សប្តាហ៍​នេះ។ នេះបើតាម​​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល ដែលត្រូវបានផ្តួចផ្តើម​​កាលពីឆ្នាំ២០១៥ ក្រោមក្រសួង​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឡាវ ​​ចំណាយ​ថវិកា​អស់ប្រមាណ ៤.៣លានដុល្លារ ខណៈវៀតណាម​បានជួយដល់ទៅ ៣.៩លានដុល្លារ។

 

បើតាមរដ្ឋមន្រ្តី​ក្រសួងវិទ្យាសាស្រ្ត និងបច្ចេក​វិទ្យាឡាវ លោក បូវាងខាំ វង់ដារ៉ា (Boviengkham Vongdara) មជ្ឈមណ្ឌល​ថ្មីនេះ នឹងត្រូវប្រើប្រាស់ ដើម្បីពង្រឹង​សមត្ថភាព​ មន្រ្តីផ្នែក​វិទ្យាសាស្រ្ត និង​​បច្ចេកវិទ្យា ព្រមទាំងការ​សិក្សាស្រាវជ្រាវ ក៏ដូចជាដើម្បី​​ឲ្យត្រូវតាមការអភិវឌ្ឍ​ក្នុងស្រុក និងការធ្វើ​សមាហរណកម្ម​អន្តរជាតិ ហើយ​និង​ដើម្បីលើកកម្ពស់​ការស្រាវជ្រាវផ្នែក​វិទ្យាសាស្រ្ត នៅក្នុង​ប្រទេស។

 

គួរជម្រាបថា ពីធីសម្ពោធបើក​មជ្ឈមណ្ឌល បានទទួលការចូលរួម​ពីសំណាក់ នាយករដ្ឋមន្រ្តី​ឡាវ លោក ចុងលួន ស៊ីសួលីត (Thongloun Sisoulith) និង​នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ហ្ស័នភុក (Nguyen Xuan Phuc)៕

ចែករំលែក