យន្តហោះ​ប្រកាស​អាសន្ន​ថ្មី KJ-500 នឹងពន្រីកឥទ្ធិពល​ចិន លើការគ្រប់គ្រង​ដែនអាកាស…

0

(ប៉េកាំង)៖ ប្រទេសចិន​បានផលិតយន្ដហោះ​ប្រកាសសញ្ញា​អាសន្នធុន KJ-500 ជាច្រើងគ្រឿង​បន្ថែមទៀត ដែលនេះគឺ​ជាសញ្ញាមួយបង្ហាញថា ឧស្សហកម្មសព្វាវុធរបស់ចិន កាន់តែរីកចំរើន​ទៅមុខយ៉ាង​ឆាប់រហ័ស។ នេះបើតាម​រូបភាពផ្កាយរណប ដកស្រង់ ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

រូបភាពផ្កាយរណប​ថតចេញពី​ក្រុមហ៊ុនផលិត​យន្ដហោះ Shaanxi Aircraft Corporation ក្នុង​ទីក្រុង ហានចុង (Hanzhong) នៃខេត្ត ហ្សានស៊ី (Shaanxi) កាលពីពាក់​កណ្ដាលខែធ្នូ ឆ្នាំ២០១៧ បាន​បង្ហាញថា ក្រុមហ៊ុន​ផលិតយន្ដហោះ​មួយនេះ​ បានផលិត KJ-500 ចំនួន ០៨គ្រឿង ដែលនេះធ្វើឱ្យយន្ដហោះ​ប្រកាសអាសន្ន​ប្រភេទនេះ កើនពី ០៤គ្រឿង ដល់ ១២គ្រឿង។ នេះបើតាម​អ្នកជំនាញ​ផ្នែកយោធា លោក អាន់ឌ្រាស រ៉ាប់ព្រីច (Andreas Rupprecht)។

លោក Rupprecht បានបន្ថែមថា តាមរយៈការផលិត​យន្ដហោះ KJ-500 បច្ចេកវិទ្យា​យន្ដហោះចិន​កាន់តែរីកចំរើន ហើយវានឹងអាចជួយ​ដល់កងទ័ពរំដោះ​ប្រជាជនចិន ក្នុងការកំណត់​ទីតាំង និងព្រមានសញ្ញា​អាសន្ន​ពីយន្ដហោះ​ចម្បាំងដទៃ ​​ដែលហោះ​​នៅរយៈចំងាយ​ឆ្ងាយទៀតផង។

គួរបញ្ជាក់ថា KJ-500 គឺជាប្រភេទ​យន្ដហោះប្រកាស​អាសន្ន មានបំពាក់ទៅ​ដោយប្រព័ន្ធរ៉ាដា ជាមួយប្រព័ន្ធអេឡិចត្រូនិក​ស្កេន​ចំនួន ០៣ នៅលើដំបូល។ ម្យ៉ាងវិញទៀត បើទោះ​ជា​មិនមាន​ការអះអាង​​ជាផ្លូវការ​ក៏ដោយ ប៉ុន្តែ​ក្រុមអ្នកជំនាញ​ខ្លះដូចជា លោក Rupprecht យល់ថា ដោយសារតែ KJ-500 ចាប់តាំងពី​ឆ្នាំ២០១៦មក កងទ័ព​រំដោះប្រជាជនចិន​ កាន់តែមាន​សមត្ថភាព​ខ្ពស់រហូត ចាប់បាន​សញ្ញាយន្ដហោះ​ចម្បាំងអាមេរិក​ធុន F-22 នៅតំបន់​សមុទ្រចិន​ខាងកើត៕

ចែករំលែក