តើព្រះច័ន្ទ​គោចរមកកៀកផែនដីខ្លាំងពេក បង្កផលអាក្រក់អ្វីខ្លះ? ស្អាតគួរ​​ឲ្យ​គយគន់​មែន តែគ្រោះ​​មហន្តរាយ​វិញ…

0

(បរទេស)៖ ទោះបី​ជាព្រះច័ន្ទ ជាបុត្របង្កើត​នៃភពផែនដី​ក៏ដោយ ប៉ុន្តែបើសិន​ជាទីឋានទាំងពីរនេះ​​គោចរមកកៀកគ្នា ក្នុងរយៈពេល​កំណត់មួយ​ដោយខានមិន​បាននោះ វានឹងបង្ក​ជាគ្រោះ​ធម្មជាតិ​ជាច្រើន ដែលមនុស្ស​លោកធ្លាប់ប្រឈមមុខ​ជាច្រើនដង​​មកហើយ ចាប់តាំង​ពីអតីតកាល រហូតមកដល់​ទល់​បច្ចុប្បន្ន និងបន្តទៅ​ថ្ងៃអនាគត។ នេះបើ​តាមការ​ដកស្រង់​របាយការណ៍​ពីវែបសាយ វិទ្យាសាស្ត្រ-អវកាស នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

 

១. តើវដ្តន៍នៃព្រះច័ន្ទ​​ប៉ះពាល់ដល់ភព​ផែនដីដែរ ឬទេ?

មនុស្សភាគ​ច្រើនពិតជា​បានដឹងហើយថា ព្រះច័ន្ទគឺជា​ប្រភពនៃបាតុភូតទឹកជោរ និងនាច នៅលើមហាសមុទ្រ​របស់​​ផែនដី។ នេះគឺដោយសារតែកម្លាំង​ទំនាញរវាងភព​របស់យើងហើយ និងព្រះច័ន្ទ។ ដោយឡែក តើព្រះច័ន្ទ​អាចបង្កឲ្យ​មានចលនា នៅក្នុងផ្ទៃ​ស្រទាប់​ខាង​លើ​​នៃ​ភពផែនដី ដែលបណ្តាល​ឲ្យកើតគ្រោះរញ្ជួយ​ដីដែរ ឬក៏អត់។

ការសិក្សាទៅ​លើហេតុការណ៍រញ្ជួយ​ផែនដី​ កាលពីខ្ទង់ឆ្នាំ២០០០ បានបង្ហាញថា ពួកវាអាចកើតមាន​នៅពេលកម្លាំង Tidal Force ស្ថិតចំចំណុច​កណ្តាលរបស់​គ្រោះ​រញ្ជួយដី។ ខណៈឥទ្ធិពល​នៃកម្លាំងទំនាញ ហាក់ដូចជា​ពុំមានលទ្ធភាព​គ្រប់គ្រាន់ ដើម្បីបង្កជា​​គ្រោះ​រញ្ជួយ​ផែនដីនោះ ការសិក្សាជាច្រើន បានរក​ឃើញថា វាទំនងជាមានការ​បង្កឡើងដោយ​ព្រះច័ន្ទ។ ការ​សិក្សា​កាល​ពី​​ឆ្នាំ​១៩៧៨ បានលើក​ឡើងថា ព្រះច័ន្ទ​បង្កឲ្យមានលំហូរ​ភាគ​ល្អិត ដែលជះការ​រំខានដល់ដែនម៉ាញេទិច​របស់ផែនដី។

២. ឥទ្ធិពលនៃបាតុភូតច័ន្ទគ្រាសមកលើផែនដី

ច័ន្ទគ្រាស​ត្រូវបានគេ​ដឹងថា មានឥទ្ធិពលទៅលើ​ស្រទាប់បរិយាកាស​របស់ផែនដី ជាពិសេស​គឺស្រទាប់ E-region ដែលជា​លទ្ធផល គឺប៉ះពាល់ទៅលើ​ដែនម៉ាញេទិច​ ភពរបស់យើង។ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ អ្នកវិទ្យាសាស្រ្ត​ម្នាក់​បានអះអាងថា គ្រោះរញ្ជួយ​ដី​តែងតែ បានកើតមាន​ឡើងនៅក្នុងអំឡុង​ពេលពីរ​សប្តាហ៍មុន ឬក៏ក្រោយ​ព្រឹត្តិការណ៍ច័ន្ទគ្រាស​ដែលងងឹតទាំងស្រុង ០៦លើក​ចុង​ក្រោយ។

 

ការប្រមើលមើល​របស់វិទ្យាសា​ស្រ្ត​រូបនេះ ពិតជា​ត្រឹមត្រូវដែលថា គ្រោះរញ្ជួយដីមួយ នឹងកើតមានក្រោយ​បាតុភូតច័ន្ទ​គ្រាស​នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០។ នៅថ្ងៃដដែល​នៃបាតុភូត​ច័ន្ទគ្រាស នៅឯប្រទេស​ជប៉ុន គ្រោះរញ្ជួយដី​កម្រិត ៧.៤រ៉ិចទ័រមូយ បាន​កើតមានឡើង ហើយភាគច្រើន គឺចំទៅលើតំបន់ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសកម្មភាព​ខ្លាំងក្លា នៃគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះ ច្រើនជាងកន្លែងផ្សេងៗទៀតនៅលើភពផែនដី។

ដូច្នេះសរុប​សេចក្តីមក រាល់ពេលព្រះច័ន្ទគោចរ​មកកៀកនឹងផែនដីខ្លាំង វាមិនមែន​ជារឿងល្អ​នោះ​ឡើយ ដោយការសិក្សាបញ្ហានេះ​នៅតែបន្ត ព្រោះវាអាច​បង្កជាគ្រោះ​រញ្ជួយដី ឬក៏ក៏ចលនា​កញ្ជ្រោល នៃភ្នំភ្លើង​នានានៅលើផែនដី និងគ្រោះរញ្ជួយដី​ក៏អាចកើត​មានដែរ។​ ជាក់ស្តែងដូច​ជាកាលពីអំឡុង កើតមាន​ព្រឹត្តិការណ៍ព្រះច័ន្ទក្រហម កាលពីចុងខែមករា ឆ្នាំ២០១៨ ដែលបានធ្វើឲ្យព្រះច័ន្ទ​នៅ​លើមេឃធំជាងមុន ៧ភាគរយនោះ វាបានបណ្តាល​ឲ្យភ្នំភ្លើងមួយចំនួន​​នៅជប៉ុនផ្ទុះ និងមាន​សកម្មភាពខ្លាំងក្លា រួមទាំងភ្នំភ្លើង​នៅហ្វីលីពីន និង​ឥណ្ឌូណេស៊ី ក៏មានសកម្មភាព​ផុសផុលឡើង​ព្រមៗ​គ្នាផងដែរ៕

ចែករំលែក