ហ៊ានជិះទេ? ប្រទេសចិន «បង្កើតយន្តហោះដ្រូន ដឹកមនុស្សជា​លើក​ដំបូង» និងជំរុញឲ្យ​បង្កើន​ការអភិវឌ្ឍ…

0

 

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុង​ប៉េកាំង នឹងផ្តោតទៅលើក​ស្ទួយការប្រើប្រាស់​ដ្រូន (Drone) នៅក្នុងវិស័យ​គមនាគមន៍​​របស់ខ្លួន​ ដើម្បី​លើក​កម្ពស់​​ប្រសិទ្ធ​ភាព សុវត្ថិភាព ព្រមទាំង​គុណភាព​នៃវិស័យដ៏​សំខាន់ ខណៈដែលចិន​បានដាក់​គោលដៅ ប្រែក្លាយខ្លួន​ជា​អ្នក​នាំ​មុខគេ​ក្នុងវិស័យ​គមនាគមន៍ ដែលមានគុណភាព​ក៏ដូចជាប្រសិទ្ធភាព ព្រមទាំងក្នុង​ការបង្កើតគំនិត​ច្នៃប្រឌិត​ តាមបែប​បច្ចេក​វិទ្យា។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូនចិន លោក លី ហ្សាវប៉េង (Li Xiaopeng) បានថ្លែងឲ្យ​ដឹងយ៉ាងដូច្នេះថា «ពួកយើង​កំពុងរៀបចំ​ផែនការ ដើម្បីអភិវឌ្ឍន៍​​​បច្ចេក​​វិទ្យាដ្រូន ហើយនិងស្តង់​ដា​បច្ចេកទេស ដែលពាក់ព័ន្ធ​ដទៃទៀត»។ លោក Li មានជំនឿ​ចិត្តខ្ពស់ថា​ ដ្រូន នឹង​អាចផ្តល់​​អនាគតដ៏​ត្រចះ​ត្រចង់​​​ សម្រាប់​វិស័យ​គមនាគមន៍ចិន ខណៈពួកវា​មួយចំនួន ត្រូវបានប្រើប្រាស់​រួចស្រេចទៅហើយ រួមមានទូក​ដែល​បញ្ជាចង្កូត​​របស់​វា​​ដោយ​ខ្លួនឯង និងរថភ្លើង​ស្វ័យប្រវត្តិ​ជាដើម។ លោក Li បាន​និយាយថា ក្រសួង​ដឹកជញ្ជូន កំពុងធ្វើការ​សាងសង់ទីតាំង​​សាក​ល្បង ដើម្បី​ស្រាវជ្រាវ​បន្ថែមទៀត លើ​បច្ចេកវិទ្យា​នេះ។

គួរជម្រាបថា ការអភិវឌ្ឍ​វិស័យគមនាគមន៍ នៅក្នុង​ប្រទេសចិន គឺជាគោលដៅ​ដ៏សំខាន់មួយ ក្នុងចំណោម​គោលដៅ​ដទៃទៀត ដែល​ត្រូវ​​បាន​កំណត់នៅក្នុង​មហាសន្និបាត​បក្សកុម្មុយនិស្តចិន​លើកទី ១៩ កាលពី​ខែតុលា ឆ្នាំ២០១៧ ដែលធ្វើឲ្យវា​ស្ថិតក្នុង​លំដាប់​កំពូល​​ នៃ​របៀប​វារៈ​របស់​រដ្ឋាភិបាល​ទីក្រុងប៉េកាំង។

ជុំវិញការប្រើប្រាស់​​បច្ចេកវិទ្យាដ្រូន​ក្នុងវិស័យដឹកជញ្ជូន​នេះ យន្តហោះ​ដ្រូន​តាក់ស៊ី (Drone Taxi) ដំបូងបំផុត នៅ​ក្នុងប្រទេស​ចិន ទើប​តែ​​ត្រូវ​​បាន​​ដាក់​​ឲ្យដំណើរការ​សាកល្បងហើយ​ប៉ុណ្ណោះ កាលពីម្សិលមិញ នៅក្នុងទីក្រុង​ក្វាងចូវ នៃខេត្តក្វាងទុង ភាគខាងត្បូង​ ដែលឈ្មោះ​របស់វាគឺ Autonomous Aerial Vehicle ឬ AAV អាចដឹក​មនុស្សបាន​ម្នាក់ ក្នុងល្បឿន ១៣០គីឡូម៉ែត្រ​​ក្នុងមួយម៉ោង ហើយអ្វីដែល​ពិសេសនោះ គឺវាអាចហោះហើរ​ឆ្លងកាត់ ក្នុងពេលមាន​ព្យុះ​ទីហ្វុងខ្លាំងក្លា រហូតដល់​កម្រិតទី ៧ ទៀតផង៕

ចែករំលែក