អាកាសធាតុ​ក្តៅ-ស្ងួត បង្កភ្លើងឆេះព្រៃ​នៅអូស្ត្រាលី ដែលនឹងអូស​បន្លាយរយៈពេល ០១ខែពេញ!

0

(ស៊ីដនី)៖ ភ្លើងឆេះព្រៃនៅភាគខាងជើង​ទីក្រុងស៊ីដនី ដែលកំពុងតែរីកធំនោះ ត្រូវបាន​ក្រុម​ជំនាញខាងពន្លត់​អគ្គីភ័យអះអាងថា នឹងបន្តរហូតដល់រយៈពេលមួយខែ​ឯណោះ ព្រោះតែពេល​នេះវាឈានដល់​ចំណុច ដែលគ្រប់លែង​បានទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ភ្លើងឆេះព្រៃដ៏ខ្លាំងក្លា​ខាងលើនេះ គឺបានលេបត្របាក់​ផ្ទៃដី ៧,០០០ហិកតា​ទៅហើយ ស្ថិតនៅឧទ្យាន​ធម្មជាតិ Putty និង Wollemi ហើយកត្តាធំៗដែលបង្ក​គ្រោះធម្មជាតិនេះឡើង គឺគ្រោះរាំងស្ងួត និងកម្តៅកើនឡើងក្នុងបរិយាកាស។ ផ្នែកព្យាករណ៍​អាកាសធាតុបាន​បន្តទៀត​ភ្លើងឆេះព្រៃ នឹងកាន់តែអាក្រក់ខ្លាំងនៅ​ថ្ងៃព្រហស្បតិ៍នេះ ដោយសារតែ​អាកាសធាតុក្តៅ និងខ្យល់ស្ងួតត្រូវបានគេព្យាករណ៍ថា នឹងគ្របដណ្តប់នៅថ្ងៃនេះ។

អ្នកគ្រប់គ្រង​ទីភ្នាក់ងារពន្លត់​អគ្គីភ័យរដ្ឋ ញូសោតវែលស៍ លោក Ben Shepherd បានឲ្យដឹងថា «វាពិតជាភ្លើងឆេះព្រៃ​ដ៏ធំមហិមា ហើយឥឡូវវា​កំពុងរាលដាលទៅរកតំបន់ដាច់​ស្រយាលផ្សេង​ទៀតហើយ។ ដោយសារ​តែគ្មានសញ្ញា​នៃភ្លៀងធ្លាក់បែបនេះ ភ្លើងឆេះព្រៃ​​ខាងលើ នឹងអាចបន្ត​រីករាលដាលក្នុងរយៈពេលមួយ​ខែពេញតែម្តង»។

គួរបញ្ជាក់ថា ទោះបីជា​មានការព្យាករណ៍ដ៏គួរឲ្យព្រួយបារម្ភបែបនេះ​ក៏ដោយ ក៏ក្រុម​ពន្លត់ភ្លើង​ព្រៃនៅតែបន្តសកម្មភាព​ខ្លាំងក្លា ដើម្បីពន្លត់ និងពិនិត្យតំបន់​ដែលងាយរកគ្រោះ​ផ្សេងទៀត ដើម្បីទប់ស្កាត់​ជាមុន។ បច្ចុប្បន្នយន្តហោះ​ដឹកទឹកពីរទៅបីគ្រឿង កំពុងតែធ្វើ​សកម្មភាព​ពន្លត់ភ្លើង​ដែលកំពុងឆេះនៅ ០៥ទីតាំង ដាច់ដោយ​ឡែកពីរគ្នា នៅរដ្ឋ​ញូសោតវែលស៍៕

ចែករំលែក