HOT NEWS: ផ្ទុះភ្នំភ្លើង Sinabung នៅឥណ្ឌូណេស៊ី ជះកម្អែលផេះជិត ០៥គីឡូម៉ែត្រ​ឡើងលើអាកាស​…

0

(ហ្សាការតា)៖ ភ្នំភ្លើង​ស៊ីណាប៊ុង (Sinabung) ដ៏ល្បីល្បាញបំផុត​ប្រចាំកោះស៊ូម៉ាត្រា នៃប្រទេស​ឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងកក្រើក​នៅថ្ងៃចន្ទនេះ នាំឲ្យកម្អែលផេះ​ជះឡើង​លើអាកាស​រហូតដល់កម្ពស់ ៤.៩គីឡូម៉ែត្រ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានទីភ្នាក់ងារ​តាមដានភ្នំភ្លើងជាតិ លោក Kasbani បាន​និយាយថា កម្អែលយ៉ាង​ក្តៅគគុក​បានជះឡើងលើ​អាកាសក្នុង​រយៈកម្ពស់ ៤.៩គីឡូម៉ែត្រ ទៅកាន់​ភាគខាងត្បូង នៃរណ្តៅ​ភ្នំភ្លើង និង ៣.៥គីឡូម៉ែត្រ ទៅកាន់ភាគ​ខាងកើត​វិញ។ មន្ត្រីខាងលើ​បានប្រាប់ ស៊ីនហួរ តាម​ទូរស័ព្ទ​ថា «នេះជាការផ្ទុះ​ដ៏ខ្ពស់បំផុត នៅក្នុងឆ្នាំនេះ​ហើយ»។

សម្រាប់ភ្នំភ្លើង​ស៊ីណាប៊ុង ដែលផ្ទុះនោះ គឺស្ថិតនៅក្នុងស្រុក ការ៉ូ នៃកោះ​ស៊ូម៉ាត្រា ហើយវា​ត្រូវបាន​ក្រុមអ្នកតាមដាន​អះអាងថា មិនបានបង្កការ​លំបាកដល់វិស័យ​អាកាសចរណ៍​នោះឡើយ ដូច្នេះចរាចរណ៍​ផ្លូវអាកាសទៅ​មកតំបន់នេះ នៅតែដំណើរការ​ជាធម្មតា។ សម្រាប់​អាកាសយានដ្ឋាន​ទីក្រុង Medan នៃភាគខាងជើង​កោះស៊ូម៉ាត្រា ដែលស្ថិតនៅក្នុង​តំបន់ខាង​​លើនេះ នៅតែ​អាច​ដំណើរការ​​ជាធម្មតា​ដដែល។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ី​មិនទាន់ចេញសេចក្តី​ព្រមានណាមួយ ឬក៏ការ​ជម្លៀស​ប្រជាជន និងបង្កើតតំបន់​សុវត្ថិភាពនោះ​ឡើយ។ ភ្នំភ្លើង​ស៊ីណាប៊ុង តាមពិតទៅ​បាន​ស្ងប់ស្ងាត់​ជាង ៤០០ឆ្នាំ​មកហើយ ប៉ុន្តែបែរផ្ទុះឡើងវិញ​កាលពី​ឆ្នាំ២០១០ ហើយវាក៏បាន​ផ្ទុះបន្ត​បន្ទាប់​ទៀតកាលពី​ឆ្នាំ២០១៤ និងឆ្នាំ២០១៦៕

ចែករំលែក