មានអ្វីអាច​ជួយបាន? កម្រិត​​នីវ៉ូទឹកសមុទ្រ កើនឡើងលឿន​ជាង​ការព្យាករណ៍ឆ្ងាយ ដែលវាពិតជា​រឿងគ្រោះ​ថ្នាក់…

0

(អូស្រ្តាលី)៖ ខណៈដែល​យើងទាំងអស់គ្នា​បានដឹងហើយថា កម្ពស់នីវ៉ូទឹកសមុទ្រ​កំពុងតែកើនឡើង ការសិក្សាថ្មី​មួយទៀត​បាន​បង្ហាញថា ពួកវាកំពុងកើនឡើង​ក្នុងកម្រិតកាន់​តែលឿនទៅៗ​ ពីមួយឆ្នាំទៅ​មួយឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ការសិក្សាដ៏សំខាន់មួយ ចេញផ្សាយនាដើមសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Proceedings of the National Academy of Sciences បានបង្ហាញឲ្យឃើញថា កម្ពស់នីវ៉ូទូទាំងសាកលលោក កំពុងតែកើនឡើង ហើយកើនឡើងក្នុងកម្រិតយ៉ាងច្រើន ជារៀង​រាល់ឆ្នាំ ដែលប្រការនេះ​ពិតជាការគំរាមកំហែង​មួយយ៉ាង​ពិតប្រាកដ ចំពោះ​បណ្តាតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅជិតឆ្នេរសមុទ្រ។

 

គួរជម្រាបថា ការសិក្សា​ខាងលើនេះ ដែលបានកត់ត្រា​ពីការកើនឡើង​ នៃកម្ពស់នីវ៉ូទឹកសមុទ្រ​លើពិភពលោក​នេះ គឺផ្នែកទៅលើ​ទិន្ន​ន័យ​​ស្រាវជ្រាវ​រយៈពេល ២៥ឆ្នាំ ដោយប្រើប្រាស់​បណ្តាញនៃផ្កាយរណប​ចំនួន ០៤គ្រឿង ដែលឃ្លាំមើល​ផែនដី។ យោងតាម​ការ​រក​ឃើញ​ដដែល ប្រសិន​បើ​កម្រិត​កើនឡើង​នាពេលបច្ចុប្បន្ន​ នៅតែបន្ត​រហូតដល់ឆ្នាំ២១០០ កម្ពស់នីវ៉ូទឹកសមុទ្រ​​ទូទាំងសាកល​​​ ត្រូវបាន​​គេប៉ាន់​ប្រមាណថា នឹងកើនប្រមាណ ៦៦សង់ទីម៉ែត្រ។

ចំណុចសំខាន់៖ កាលពីដើមខែមករា អ្នកវិទ្យាសាស្ត្របានព្រមានថា ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញ​បានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រ​​នឹងកើនឡើង ហើយទីក្រុង​ជាប់ ឬក្បែរឆ្នេរសមុទ្រ និងតំបន់ឆ្នេរនានា​​​​នឹងរងការជន់លិចខ្លាំង ​លើស​មុនទ្វេដង​ទៅទៀត។

ការកើនឡើង​នៃកម្ពស់ទឹកសមុទ្រពី ១០ ទៅ ២០សង់ទីម៉ែត្ររហូតដល់​ឆ្នាំ២០៥០នោះ វានឹងធ្វើឲ្យតំបន់​ជាច្រើនលើភពផែនដី​ប្រឈមមុខនឹង​ការលិចលង់​ខ្លាំង លើសការព្យាករណ៍លើកមុនទ្វេដង​ឯណោះ។ ទីក្រុងធំៗជាច្រើន​នៅតំបន់អាមេរិក​ខាងជើងដូចជា Vancouver, Seattle, San Francisco and Los Angeles និងទីក្រុងមួយចំនួន​ទៀតនៅតំបន់អឺរ៉ុបខាងលិច ជាប់សមុទ្រអាត្លង់ទិក នឹងទទួលរងគ្រោះដោយទឹកជំនន់ខ្លាំងមុនគេ។

សម្រាប់មហន្តរាយ​ជាបន្តបន្ទាប់ទៀត នឹងកើតឡើងទៅលើ​ទីក្រុងនៃតំបន់ត្រូពិក ក្នុងនោះគឺ​ទន្លេជាច្រើននៃ​ទីក្រុងដែលមានប្រជាជនរស់នៅច្រើន​នៅទ្វីបអាស៊ី និងអាហ្វ្រិក នឹងទទួលរងគ្រោះនៅប៉ុន្មាន​ទសវត្សរ៍​ទៅមុខទៀត​ប៉ុណ្ណោះ។ ទោះបីជាទឹក​សមុទ្រអាច​មានការកើនឡើង​នូវនីវ៉ូទាបជាការរំពឹងទុកក្តី ក៏ទីក្រុង​មួយ​ចំនួនទៀត​ដូចជា Mumbai, Kochi និង Abidjan ជាដើម​នៅតែនឹងទទួលរងគ្រោះ​ដដែល​ពីទឹកជំនន់។

សម្រាប់តំបន់​អាស៊ីអាគ្នេយ៍យើងនេះ គឺបណ្តាទីក្រុងមួយ​ចំនួន ដូចជា បាងកក, ហូជីមិញ និងរ៉ង់ហ្គូន ជាដើម នឹងទទួលរងគ្រោះ​មុនទីក្រុងដទៃៗ នៅក្នុងបណ្តា​ប្រជាជាតិអាស៊ី​អាគ្នេយ៍ទាំង ១០ ហើយបើគិតពី​អាស៊ីខាងត្បូង​វិញ គឺទីក្រុង​ដូចជា ដាកា, សៀងហៃ និងកុលកាតា បន្ថែមទៀត អាចនឹងលិចទឹក​នៅអំឡុង ៥០ឆ្នាំទៀតប៉ុណ្ណោះ។ សម្រាប់តំបន់ ដែលនឹងក្លាយ​ទីឋានសុខដុម គឺស្ថិតនៅតំបន់​អាស៊ីកណ្តាល ដូចជានៅ​ប្រទេស Turkmenistan, Uzbekistan និង Kazakhstan៕

ចែករំលែក