ធ្លាប់គិតដល់ទេ? នៅ​សុខៗបាត់មនុស្ស​អស់​រលីង! តើភពផែនដីនឹង​​ទៅជា​ដូចម្តេច??

0

(អង់គ្លេស)៖ វាពិតជាពេលវេលាមួយ ដែលឈានទៅ​រកក្តីមរណៈបន្តិចៗ​ម្តងនៃជីវិតផ្សេងៗ នៅលើ​ភពផែនដី​ប្រសិនបើ​មនុស្សម្នា សុខៗ​ស្រាប់តែបាត់ពីភពផែនដី​យើង​នេះទៅតែម្តង ហើយប្រាកដ​​ណាស់ថា វាពិតជាពិបាករកមូលហេតុ​ណាមួយ ដែលបង្កើតអភូតហេតុ​នេះឡើងណាស់ ប៉ុន្តែ​ឧទាហរណ៍ថា មនុស្ស​ទាំងជាង ៧ពាន់លាននាក់ ពិតជាបាត់ខ្លួន​ទៅទាំងអស់​មែននោះ តើផែនដីនឹង​វិវឌ្ឍន៍ទៅជា​ដូចម្តេច? នេះបើតាមការដកស្រង់ពី Daily Mail។

ជាក់ស្តែងបើតាមក្រុមអ្នកវិភាគតាមបែបវិទ្យាសាស្ត្រ ផែនដីនឹងមិនប្រើពេលយូរ​នោះឡើយ​នៅក្នុងប្រែប្រួលដោយខ្លួនឯង ប៉ុន្តែដំណើរការនៃបម្រែបម្រួលនោះ គឺពិតជាគួរឲ្យ​​ខ្លាចណាស់។ គ្រាន់តែប៉ុន្មាន​​ម៉ោងប៉ុណ្ណោះ ពន្លឺបំភ្លឺនានា​នឹងត្រូវ​រលត់អស់ ហើយនៅរយៈពេល​ប៉ុន្មានខែបន្ត​បន្ទាប់ទៀត រោងចក្រ​នុយក្លេអ៊ែរនានា នៅទូទាំង​ពិភពលោកនឹង​ផ្ទុះឡើង ហើយសោកនាដកម្ម​ឥតគណនា គឺប្រាកដគ្មាន​នរណាចង់ឃើញនោះ​ឡើយ ប៉ុន្តែវាត្រូវតែ​កើតមាន។

រយៈពេលបន្តបន្ទាប់ទៀត រឺអាចនិយាយថាយ៉ាងយូរ ១០ថ្ងៃ សត្វពាហនៈដែលមនុស្ស​ចិញ្ចឹម ឬឃុំទុក នឹងត្រូវស្លាប់ ហើយ​សត្វសុនខវិញ គឺអាចវិវឌ្ឍន៍​ទៅជាការស្វែងរក​ចំណីក្នុងព្រៃ ឬក៏ស៊ីសាច់ជា​អាហារក៏ថា​បានដែរ។ ដោយឡែក​សត្វព្រៃ​ផ្សេងៗ នឹងអាចមានវត្តមាន​ដដែល ប៉ុន្តែបើពួកវា​ស្ថិតនៅតំបន់​ជុំវិញរោងចក្រ​នុយក្លេអ៊ែរ ដែលបានរលំ​រលាយនោះ ជីវិតពួកវាក៏មិន​គង់វង់នោះដែរ ព្រោះរលក​នៃធាតុ​វិទ្យុសកម្ម នឹងបំផ្លាញ​ជីវៈចំរុះ​ទាំង លើគោក ក្នុងទឹក និង​អាកាស។

ចាប់ពីរយៈពេលរាប់ពាន់ឆ្នាំឡើងទៅ អគារ សំណង់ វត្ថុប្រើប្រាស់ ឬចំណាក់ផ្សេងៗ​ដែលមនុស្សបង្កើតឡើងនោះ វាជាគ្រាន់តែជាតឹកតាង ដែលបានបន្សល់ទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា​ មហាកំផែងចិន ប្រាសាទអង្គរវត្ត ឬក៏ប្រាសាទពីរ៉ាមីត​ជាដើម ហើយតថភាព​ទាំងមូល ត្រូវបានបង្ហាញយ៉ាងច្បាស់​នៅក្នុងវីដេអូឯកសារ ដែលត្រូវបាន​បង្កើត​ឡើងដោយ National Geographic ឬក៏លោក​អ្នកអាចឆែកក្នុង Youtube ដោយវាយ​ចំណងជើងថា «Earth without Humans»។

គួរបញ្ជាក់ថា សម្រាប់ហេតុការណ៍​​ដែលនឹងកើតឡើង​មុនគេ នៅពេលមនុស្ស​ទាំងអស់​បាត់ខ្លួនភ្លាមៗ​ពីភពផែនដីនោះ គឺតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ អគ្គិសនីនានា​នឹងចាប់ផ្តើម​ដាច់ចរន្ត​ជាបន្តបន្ទាប់, រោងចក្រ​អគ្គិសនី នឹងអស់ឥន្ធនៈ​ទ្រទ្រង់ចំហេះ, ផ្ទាំងស្រូបពន្លឺ​ព្រះអាទិត្យ នឹងត្រូវគ្របដោយ​ធូលីប្រើលែងកើត, និងហេតុការណ៍​បន្តបន្ទាប់ទៀត ដែលភាគច្រើន នឹងគំរាមកំហែង​ជីវិតសត្វលោក ដែលរស់នៅ​លើ​ផែនដី។

ចំណុចពិសេស៖ គ្មានមូលហេតុ​ណាមួយ ដែលមនុស្សនឹងត្រូវបាត់ខ្លួន​ចេញពីផែនដី​ទាំងអស់​នោះឡើយ លើកលែង​តែការស្ម័គ្រចិត្តធ្វើ… ព្រមៗគ្នាតែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​មនុស្សនៅ​លើផែនដី​មានចំនួន ៧.៦ពាន់​លាននាក់ ដោយប្រទេសចិន​ឈរ​នៅលេខ ១, ឥណ្ឌា​លេខ ២ និងអាមេរិក​លេខ ៣ ហើយបូកចំនួនចូលគ្នាប្រទេសយក្សទាំងបី គឺស្នើនឹងជិត ២ពាន់លាននាក់។

កាលពីពេលថ្មីៗកន្លង​ទៅនេះ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មានថា នៅឆ្នាំ២១០០ មនុស្សលើ​ភពផែនដី នឹងកើនចំនួនដល់ ១១.៨ពាន់​លាននាក់ ដែលវាពិត​ជាសោកនាដកម្ម​ធំបំផុត សម្រាប់​ផែនដី។ បញ្ហាដែល​មនុស្សនឹងត្រូវ​ប្រឈមមុខ គឺ កង្វះផ្ទៃដី​រស់នៅ កង្វះចំណី​អាហារ ការកាប់​បំផ្លាញ​ព្រៃឈើ និងគ្រោះធម្មជាតិ​នានាជាដើម៕

ចែករំលែក