អាថ៌កំបាំងទីក្រុងបុរាណអាយុ ២,០០០ឆ្នាំ ត្រូវបានទម្លាយ​នៅឦសានប្រទេសចិន…

0

 

(ប៉េកាំង)៖ ក្រុមអ្នកបុរាណ​វិទ្យាចិន បានរកឃើញសំណល់​ទីក្រុង​បុរាណមួយ នៅភាគខាងជើង​តំបន់ស្វយ័ត​ម៉ុងហ្គោលី របស់ចិន (ភាគឦសានប្រទេស) ដែលគេជឿជា​ក់ថា មានអាយុកាលជាង ២,០០០ឆ្នាំកន្លងមកហើយ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារ​ព័ត៌មានចិន​ ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

សំណល់​ទីក្រុង​បុរាណនេះ ត្រូវបានគេរកឃើញ​នៅតំបន់ភ្នំ ឌែលីង (Deling) ស្ថិតនៅភាគខាងលិច​តំបន់ស្វយ័ត​ម៉ុងហ្គោលី នៅ​ចំងាយ១.៣គីឡូម៉ែត្រ ពីភាគពាយ័ព្យនៃផ្នែកមួយរបស់​មហាកំពែងចិន កសាងឡើង​នៅកាលពីសម័យ​រាជវង្សហាន (ឆ្នាំ២៥មុនគ.ស ដល់ឆ្នាំ២២០ មុនគ.ស)។

ចំណែកឯ​ក្រុមអ្នកបុរាណ​វិទ្យាចិន​ជឿជាក់ថា​ ទីក្រុងនេះ​ត្រូវបាន​កសាង ដោយអ្នកគ្រប់​រាជវង្សហាន​ ដើម្បីធ្វើជាជម្រក​សម្រាប់កងទ័ព​មកពីក្រុមជនជាតិ​ដើមបុរាណ សុងនូ (Xiongnu) ដែលត្រូវ​​ចាប់ខ្លួន។ បន្ថែមពីខាងលើ ក្រុមអ្នក​បុរាណវិទ្យាចិន បានឱ្យ​ដឹងដែរ​ថា ទីក្រុងបុរាណនេះ​គ្របដណ្ដប់​លើផ្ទៃដី ២១០ហិកតា ព្រមទាំង មាន​បណ្ដោយ ៥,៨៥០ម៉ែត្រ និងមានជញ្ជាំង​មួយនៅក្រៅ​ជញ្ជាំងក្រុង។

ដោយឡែក​នៅខាងក្នុង​ទីក្រុងនេះ មានកន្លែង​ស្នាក់នៅ​ជាច្រើនត្រូវបាន​គេប្រទះឃើញ ប៉ុន្តែវាមានហាក់​ដូចជាជំរុំយោធា ប្រើប្រាស់ដោយ​ក្រុមជនជាតិដើម​ភាគខាង​ជើង ហើយតង់​មួយមានអង្កត់ផ្ចិត ៣២ម៉ែត្រ ក៏ត្រូវគេរក​ឃើញ​ផងដែរ។

គួរបញ្ជាក់ថា ជនជាតិ​ដើម Xiongnu គឺជាក្រុមកុលសម្ព័ន្ធ​ដើរពនេចរ ឬគេស្គាល់ថា Huns ដែលមានវត្ដមាន​នៅចុង ស.វទី ៣ មុនគ.ស ហើយពួកគេ​បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់ចិន និងប្រវត្តិសាស្ត្រ​ពិភពលោក។ លើសពីនេះ​ទៅទៀត នៅសម័យ​រាជវង្សហាន Xiongnu បានបះទង្គិចគ្នា​ជាច្រើនដងជា​មួយចិន៕

ចែករំលែក