យន្តហោះ​​ផលិតដោយ​ចិនដំបូង មានការ​បញ្ជាទិញបន្ថែម​រហូត ៣០គ្រឿង ថ្មីៗក្តៅៗ​តែម្តង!

0

(ប៉េកាំង)៖ យន្តហោះដឹកអ្នក​ដំណើរផលិតចិនដំបូង C919 បានទទួលការ​បញ្ជាទិញ​រហូតដល់ទៅ ៣០គ្រឿងបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប​ពីការបញ្ជាទិញនោះ ឡើងដល់ ៨១៥គ្រឿងហើយ ពីសំណាក់អាកាសចរណ៍​ក្នុងស្រុក និងអន្តរជាតិ។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​​ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

សាជីវកម្មយន្តហោះពាណិជ្ជ​នៃប្រទេសចិន (COMAC) បានចុះហត្ថលេខា លើកិច្ចព្រម​ព្រៀងទិញដូរមួយ ជាមួយនិង​ក្រុមហ៊ុន Huarong Financial Leasing Co. , Ltd សម្រាប់ការលក់យន្តហោះ C919 ចំនួន ៣០គ្រឿង និងយន្តហោះ ARJ21 ចំនួន ២០គ្រឿង ដែលពិធីនេះត្រូវ​​បានធ្វើឡើង​ ​នៅឯទីស្នាក់ការ​​ក្រុមហ៊ុន ក្នុងរដ្ឋធានីប៉េកាំង។

គិតមកទល់នឹងចុងខែកុម្ភៈនេះ ក្រុមហ៊ុនរបស់ចិនបានទទួលការបញ្ជាទិញ ៨១៥គ្រឿង នៃប្រភេទ​យន្តហោះថ្មី C919 ពីអតិថិជនក្នុងស្រុក និងក្រៅប្រទេស​ចំនួន ២៨ក្រុមហ៊ុន។ ដោយឡែក​​យន្តហោះ​​​ប្រភេទ ARJ21 ទទួលបាន​​ការបញ្ជាទិញ ៤៥៣គ្រឿង មកពីអតិថិនជន​ចំនួន ២១។

សម្រាប់ការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទ​យន្តហោះដឹក​អ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុង​ស្រុកចិនផ្ទាល់ ត្រូវបានធ្វើឡើង​នៅទីក្រុង​សៀងហៃ ហើយវាបានបញ្ចប់​ដោយជោគជ័យ ជាគ្រឿងទីពីរ នៃការធ្វើតេស្ត។

សម្រាប់យន្តហោះ C919 គ្រឿងទីពីរនេះ ត្រូវបានយកទៅធ្វើតេស្ត​នៅឯអាកាសយានដ្ឋាន​ទីក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ហើយ​ទទួលបាន​​ជោគជ័យ​បន្ថែមទៀត បន្ទាប់ពីយន្តហោះប្រភេទដដែលខាងលើនេះគ្រឿងទី ១ ត្រូវបានធ្វើ​តេស្តដោយ​ជោគជ័យ​​ លើការហោះ​ហើរទាំងផ្លូវជិត និងផ្លូវឆ្ងាយ​កាលពីប៉ុន្មានខែមុន។

សម្រាប់មួយគ្រឿងដំបូង ដែលសម្រេចការហោះសាកល្បងដែរនោះ គឺត្រូវបាន​ក្រុម​ជំនាញ​ធ្វើតេស្តសាកល្បង ដោយធ្វើការហោះហើរ​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ Pudong នៃទីក្រុងសៀងហៃដដែល និងបាន​ទៅដល់មូលដ្ឋាន​នៃការធ្វើតេស្ត ស្ថិតនៅក្នុងតំបន់ Xi’an Yanliang ស្ថិតនៅក្នុងខេត្តហ្សានស៊ី ដែលជាការធ្វើតេស្តជោគជ័យ នៃការធ្វើ​ដំណើរឆ្ងាយ​បំផុតរបស់ C919 ក្នុងរយៈចម្ងាយ ១,៣០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៧,៨គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ​C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែង​ជាមួយ​យន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែ​ពេញនិយមបំផុតលើលោក នា​ពេលបច្ចុប្បន្ន។ មួយ​​វិញ​ទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការ​កក់យន្តហោះ​ប្រភេទ C919 នេះចំនួន ៥៧០គ្រឿង​ហើយ​ពី​ក្រុម​ហ៊ុន​ចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោក​ជាង​ប្រភេទ​ដូច​គ្នា​របស់​ក្រុម​​ហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុន​ដែលយក C919 មកបម្រើ​អតិថិជន​ដំបូងវិញនោះគឺ អាកាសចរណ៍​ភាគខាងកើតចិន China Easter Airlines៕

ចែករំលែក