ទិន្នន័យថ្មី! មកស្គាល់​ប្រទេស​យក្សទាំង ៥ ដែល​មាន​មាសសុទ្ធ ច្រើនជាង​គេ​លើ​លោក!

0

(ម៉ូស្គូ)៖ ទីបំផុតមហាយក្ស​យោធាលេខ ២ នៅលើ​ពិភពលោក គឺសហព័ន្ធរុស្ស៊ី បានលោតមកឈរលេខ​រៀងទី ៥ ក្នុងនាមជាប្រទេស​កាន់កាប់​មាសសុទ្ធ ច្រើនបំផុត​ ក្នុងចំណោមប្រទេសធំៗទាំង ៥ នៅលើ​សកលលោក​​យើងនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមការបង្ហាញ​​ទិន្នន័យពីធនាគារជាតិ​រុស្ស៊ី (CBR) ការបង្កើនចំនួន​​មាសយ៉ាងច្រើន​របស់រុស្ស៊ី ធ្វើឲ្យប្រទេសនេះ​​កាន់កាប់មាស​រហូត​ដល់ទៅ ២០តោន​បន្ថែម សរុបចំនួន​បច្ចុប្បន្ន ១,៨៥៧តោន។ បើតាមតួលេខ​ឲ្យ​ដឹងទៀតថា ចំនួនមាស​​​ដែលរុស្ស៊ី​កាន់​កាប់នេះ គឺមានការកើន​ឡើង​ជារៀង​រាល់ខែ គិតចាប់តាំងពី​​ខែមីនា ឆ្នាំ២០១៥មក។

យោងតាម​សារព័ត៌មាន RT របស់ប្រទេស​រុស្ស៊ី ការបង្កើន​មាសរុស្ស៊ី គឺស្ថិតនៅ​ក្នុងគោលដៅ​ធំមួយ ដែលត្រូវបាន​ដាក់ចេញដោយ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលនេះ​ក៏ជាយុទ្ធសាស្ត្រ​ចម្បងមួយ ធ្វើជារនាំង​ការពារប្រទេស​ដ៏ធំមួយ​នេះ ពីការកើតមាន​ហានិភ័យ នៃភូមិសាស្ត្រ​នយោបាយ។

ទោះបីជារុស្ស៊ី​ជាប់លេខ ៥ ទៅហើយក្តី ប៉ុន្តែបើប្រៀបធៀប​នឹងអាមេរិក ដែលនៅឈរ​លេខរៀងទី ១ យ៉ាងរឹងមាំ​នោះ គឺចំនួនខុសគ្នា​ឆ្ងាយណាស់។ គិតត្រឹមតួលេខ​ចុងក្រោយ នៃដើម​ឆ្នាំ២០១៨នេះ អាមេរិក​ជាប់លេខ ១ មានមាស​ស្តុកច្រើន​ជាងគេ រហូតដល់ទី ៨,១៣៣តោន ខណៈអាល្លឺម៉ង់​ជាប់លេខ ២ មានមាស​រហូតដល់ ៣,៣៧៤តោន។

ដោយឡែក IMF (មូលនិធីរូបិយ​វត្ថុ​អន្តរជាតិ) មានមាស ២,៨១៤តោន (មិនគិតក្នុង​ប្រទេសលេខរៀង) ខណៈអ៊ីតាលីឈរលេខ ៣ មានមាន​សរុបជាង ២,៤៥០តោន និងបារាំងឈរ​​នៅលេខ ៤ មានមាស​សរុបជាង ២,៤៣០តោន។ បន្ថែមពី​នេះចិន ដែលជា​មហាយក្ស​សេដ្ឋកិច្ច​លេខ ២ លើពិភពលោក​នោះ មានមាសតម្កល់តិចជាង​រុស្ស៊ី​បន្តិច ឈរនៅលេខរៀងទី ៦ និងប្រទេសស្វីស​ឈរនៅ​លេខ ៧ មានជាង ១,០០០តោន៕

ចែករំលែក