HOT NEWS: ផ្ទុះភ្នំភ្លើង​​ទៀត​ហើយ នៅភាគ​ខាងលិច​ជប៉ុន បន្ទាប់ពី​វាទើបផ្ទុះ​កាលពី ០៥ខែមុន!

0

(តូក្យូ)៖ ភ្នំភ្លើង ហ្ស៊ីនមើ (Shinmoe) បានផ្ទុះឡើង​នៅ​​វេលា​ម៉ោង ១១៖០០នាទីព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​​តែម្តង ស្ថិតនៅលើ​​កោះគ្យូស៊ុ (Kyushu) នៃភាគខាងលិច​​​ប្រទេស​ជប៉ុន។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ ដកស្រង់​ពី​ទីភ្នាក់ងារ​​ភូមិសាស្ត្រ​ជប៉ុន (JMA) នារសៀល​​ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។

យោងតាម​​ទិន្នន័យពី JMA បានឲ្យដឹងថា ភ្នំភ្លើងខាងលើនេះ បានបង្កជារំញ័រ​មុនពេលផ្ទុះ ដែលអាច​នាំឲ្យគេដឹង តាំងពីវេលាម៉ោង ៨៖១៥នាទីព្រឹក ហើយក្រោយមក​នៅ​វេលាម៉ោង ១១៖០០នាទី​ព្រឹក វាក៏ផ្ទុះឡើង​តែម្តង​ ដែលនាំ​ឲ្យ​ខេត្ត កាហ្គោហ្ស៊ីម៉ា (Kagoshima) និង មីយ៉ាហ្សាគិ (Miyazaki) រងផលប៉ះពាល់ ខណៈដែល​ភ្នំភ្លើង ហ្ស៊ីនមើ នេះស្ថិត​នៅ​តាម​តំបន់​ប្រជុំភ្នំ គីរីហ្ស៊ីម៉ា ដែលមានកម្ពស់​រហូត​ដល់ ១,៤២១ម៉ែត្រ។

គួរបញ្ជាក់ថា ភ្នំភ្លើងសកម្ម​មួយនេះ ក៏ធ្លាប់បានផ្ទុះម្តង​ដែរ កាលពី​ខែតុលា ឆ្នាំ២០១៧ ហើយពេលនេះ​កម្អែលរបស់វា កំពុងតែជះ​ទៅរកក្រុង តាកាហារុ (Takaharu) ដែលស្ថិត​នៅមិនឆ្ងាយពី​នោះឡើយ។ ជុំវិញ​បញ្ហានេះ អាជ្ញាធរនៅតំបន់​កំពុងតែបញ្ជូន​ក្រុមអ្នកតាម​ដាន និងសង្គ្រោះ​បន្ទាន់ នៅកាន់តំបន់​ភ្នំភ្លើង ដើម្បីពិនិត្យមើល​ទៅលើស្ថានភាព​ជាក់ស្តែង និងបង្ការការបង្ក​គ្រោះថ្នាក់ ទៅដល់ប្រជាជន​នានា។

សម្រាប់ពេលនេះ ប៉ូលិសជប៉ុន​មិនទាន់​បានបញ្ជាក់​ព័ត៌មាន​ណាមួយ អំពីការ​ខូចខាត​ទ្រព្យសម្បត្តិ ក៏ដូចជាអាច​មានជនរង​គ្រោះ​នោះឡើយ បន្ទាប់ពីការផ្ទុះ​នេះ​កើតឡើង។ ចំពោះ​កម្រិត​​ប្រកាសអាសន្ន​វិញ គឺ JMA បានបង្កើន​វា​ដល់ថ្នាក់​បង្គួរ (កម្រិតទី ៣ ដែលកម្រិត​ខ្ពស់​បំផុតគឺ ៥) ហើយប្រជាជន​​ទាំងអស់ ត្រូវបានហាម​ឃាត់​មិនឲ្យទៅតំបន់​នោះឡើយ ព្រោះអាជ្ញាធរខ្លាចក្រែង​ភ្នំភ្លើងនេះ ផ្ទុះឡើងបន្ថែម​ទៀត។

បញ្ជាក់៖ ប្រទេស​ជប៉ុន គឺស្ថិតនៅតំបន់​ខ្សែក្រវាត់​ភ្លើង (Ring of Fire) នៃតំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដូចទៅនឹង​ហ្វីលីពីន និងឥណ្ឌូណេស៊ី​ដែរ ដែលជាហេតុនាំ​ឲ្យប្រទេសនេះ​សម្បូរទៅដោយ​ភ្នំភ្លើង គ្រោះរញ្ជួយ​ផែនដី និងព្យុះកំណាច​ជាដើម ហើយវាមិនមែន​ជារឿងអាចដោះស្រាយបាន​នោះឡើយ ព្រោះជា​គ្រោះ​ធម្មជាតិ៕

ចែករំលែក