ភ្ញាក់ផ្អើល! ប្រទះឃើញខ្មោច​នាវាដឹក​យន្តហោះ​អាមេរិក អាយុកាលក្បែរ​មួយ​សតវត្សរ៍… (រូបភាពខាងក្នុង)

0

(ស៊ីដនី)៖ ខ្មោច​នាវាដឹកយន្តហោះ​ចម្បាំងមួយគ្រឿង​​របស់អាមេរិក ដែលត្រូវបាន​គេបាញ់ពន្លិច​ ក្នុងអំឡុងសមរភូមិ​លើផ្ទៃ​សមុទ្រ ខរ៉ាល់ (Coral) កាលពី ៧៦ឆ្នាំមុន ទីបំផុតត្រូវបានរកឃើញ​នៅក្រោមបាត​សមុទ្រ ចម្ងាយប្រមាណ​ ៨០០គីឡូម៉ែត្រ ភាគឦសាន​នៃប្រទេស​​អូស្រា្តលី នាថ្ងៃអង្គារនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ​២០១៨។

កាលពីសម័យ​សង្រ្គាមលោក​លើកទីពីរ នាខែឧសភា ឆ្នាំ១៩៤២ គឺប៉ុន្មានខែ​ក្រោយពីកងទ័ពជើង​ទឹក​អាមេរិក បានទទួលរង​ការ​វាយ​ប្រហារ​យ៉ាងចាស់ដៃ ពីកងយន្តហោះ​ចម្បាំង​រាប់រយ​គ្រឿងរបស់​ប្រទេសជប៉ុន នៅឯកំពង់​ផែន Pearl Harbor នៃកោះហាវ៉ៃ ប្រទេស​​អូស្រ្តាលី​មាន​ការ​ភ័យខ្លាចជា​ខ្លាំងថា ច្បាស់ជា​នឹងមានការឈ្លានពាន​ពីជប៉ុន មកលើខ្លួន​ជាក់ជា​ពុំខាន។

ប្រការហេតុនេះ ដើម្បីបោះដៃជួយ​ដល់អូស្រ្តាលី និងដើម្បីបញ្ឈប់​ការកើនឡើងឥទ្ធិពល​កាន់តែខ្លាំង​របស់ជប៉ុន​​នៅប៉ាស៊ីហ្វិក អា​មេ​រិក​បាន​សម្រេច​បញ្ជូន នាវាដឹក​យន្តហោះ​​ចម្បាំងពីរ​គ្រឿគឺ USS Lexington និង USS​ Yorktown ចុះមក​កាន់ភាគនិរតី ដើម្បី​ប្រយុទ្ធ​ក្នុង​សម​រភូមិ​​ដ៏​ក្តៅ​គគុក​​លើ​​ផ្ទៃ​សមុទ្រ Coral Sea ក្បែរប្រទេស​អូស្រ្តាលី។

យ៉ាងណាមិញ ទោះបីជាមានស្នាដៃ​ចូលរួមយកឈ្នះ​លើការគំរាមកំហែង​ពីជប៉ុនក៏ដោយ នាវាដឹកយន្តហោះ​ចម្បាំង Lexington បាន​រងការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដោយពុំអាច​ស្រោចស្រង់វិញ​បានឡើយ នៅក្នុងអំឡុង​នៃការប្រយុទ្ធគ្នា ហើយទីបំផុត​ក៏លិចចូល​ទៅ​ក្នុង​​​​ផ្ទៃ​សមុទ្រ ដោយសារតែ​ការវាយប្រហារ​ពីមីស៊ីល និងការទម្លាក់​គ្រាប់បែកជប៉ុន។

គួរជម្រាបថា នៅកន្លែង​រកឃើញខ្មោច​នាវា​ខាងលើ យន្តហោះចម្បាំង​មួយចំនួន​ ក៏ត្រូវបានរក​ឃើញ​ផងដែរ រួមមាន​យន្តហោះធុន Douglas TBD-1 Devastator និង​ធុន Grumman F4F-3 Wildcats ជាដើម៕

ចែករំលែក