អាមេរិក​រកឃើញវិធីសាស្ត្រ​ល្អមួយ «ដើម្បីការពារ​យន្តហោះ កុំឲ្យ​រន្ទះបាញ់…»

0

(វ៉ាស៊ីនតោន)៖ ក្រុមវិស្វករ​ជំនាញៗ​នៅសហរដ្ឋអាមេរិក បានដាក់សំណើ​ស្តីពីវិធីសាស្រ្ត​ថ្មីមួយ ដើម្បីកាត់បន្ថយ​ហានិភ័យ​ នៃការត្រូវរន្ទះ​បាញ់លើយន្តហោះ ដោយមធ្យោបាយនោះ​គឺបំពាក់ប្រព័ន្ធមួយ នឹងការពារ​យន្តហោះ តាមរយៈការ​សាកថាមពល​ទៅឲ្យពួកវា។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។

ការសិក្សា​ស្រាវជ្រាវ​ខាងលើ ដែលចេញ​ផ្សាយនៅក្នុងលេខថ្មី​ចុងក្រោយ​បំផុត នៃទស្សនាវដ្តី​វិទ្យាសាស្រ្តរបស់​សមាគមវិស្វកម្ម​​ផ្នែក​​អាកាសចរណ៍​ American Institute of Aeronautics and Astronautics បានរក​ឃើញថា ប្រសិនបើ​យន្តហោះ​មួយគ្រឿង ត្រូវ​បាន​សាក​បញ្ជូលចរន្ត​អគ្គិសនី ទៅដល់កម្រិត​ត្រឹមត្រូវ​មួយ ភាគរយរបស់វា​ដែលនឹង​ត្រូវរន្ទះបាញ់ ទំនងជាថយ​ចុះច្រើន។

ក្រុមអ្នកជំនាញ​ផ្នែក​​អាកាសចរណ៍ បានប៉ាន់​ប្រមាណថា យន្តហោះដឹក​អ្នកដំណើរ​នីមួយៗ នៅក្នុង​ពិភពលោក ត្រូវប្រឈម​នឹងរន្ទះបាញ់​ យ៉ាងហោច​ណាស់​ម្តង​​ក្នុងមួយឆ្នាំ។

គួរជម្រាបថា នៅក្នុងលក្ខខណ្ឌអាកាស​ដែលមានព្យុះ និងរន្ទះ ផ្នែកខាងក្រៅ​របស់យន្តហោះ អាចដើរតួជាបង្គោល​ទាក់ទាញ​រន្ទះ​មួយ ដែល​បង្កឲ្យមាន​រន្ទះ​​បាញ់ ដែលអាចបណ្តាល​ឲ្យ​ទម្រង់ផ្នែកខាងក្រៅ​របស់យន្តហោះ​ខូចខាត និងប៉ះពាល់ដល់​គ្រឿងអេឡិចត្រូនិច​នានា​របស់​វា​​​នៅ​​លើ​នោះ​​។

យ៉ាងណាមិញ ទោះបីជា​រន្ទះផ្ទាល់ បង្កគ្រោះថ្នាក់​តិចតួចបំផុតដ​ល់អ្នកដំណើរ ដែលនៅក្នុងយន្តហោះ​យ៉ាងណាក៏ដោយ ​​យន្តហោះ​ដែលត្រូវបាន​រន្ទះបាញ់ ជារឿយៗតែត្រូវឆ្លងកាត់​ការត្រួតពិនិត្យ​សុវត្ថិភាព ដែលអាចបង្កភាព​រាំងស្ទះ ដល់ជើងហោះ​ហើរ​​បន្ទាប់​របស់វា៕

ចែករំលែក