ការប្រើប្រាស់​ថាមពល​បៃតង-ស្អាត ជាជម្រើសតែ​មួយគត់​សម្រាប់​ប្រទេសចិន ដើម្បី​និរន្តរភាព​បរិស្ថាន…

0

(ប៉េកាំង)៖ ស្ថានីយផ្គត់ផ្គង់​ថាមពល​​ដោយ​​ពន្លឺព្រះអាទិត្យ និងដោយ​កម្លាំងខ្យល់ កំពុងរីកស្គុះស្គាយ​នៅក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតី​​ប្រទេស​ចិន ខណៈដែល​​រដ្ឋាភិបាលទីក្រុងប៉េកាំង បានកំណត់ចក្ខុ​វិស័យថ្មី​ សម្រាប់ការអភិវឌ្ឍ នោះគឺការអភិវឌ្ឍ​ពណ៌បៃតង ពោលគឺធ្វើយ៉ាងណា​​ឲ្យ​មាន​ពុំការបំពុល​​តិចតួច​ជាងមុន​ តាមដែលអាចធ្វើទៅបាន ចំពោះ​បរិស្ថាន។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

​រូបភាពប៉ុន្មាន​សន្លឹកខាង​ក្រោមនេះ បានបង្ហាញឲ្យ​ឃើញពីស្ថានីយ​ផ្គត់ផ្គង់ថាមពល​ ដែលបានមកពី​ពន្លឺព្រះអាទិត្យ​ មានឈ្មោះថា ភីងជីង (Pingjing) និង​ស្ថានីយ​​ផ្គត់​ផ្គង់​ថាមពល​ ដែលបង្កើតឡើង​​ពី​កម្លាំង​​ខ្យល់បក់ ហាហៃហ្ស៊ី (Dahaizi) នៅក្នុងស្រុក វៃនីង (Weining) នៃខេត្ត Guizhou។ រដ្ឋាភិបាលចិន​បានគូស​បញ្ជាក់ថា ​​ការ​កសាង​ប្រព័ន្ធផ្គត់ផ្គង់​ថាមពល ដែលមាន​ការគិតគូរ​ខ្ពស់ពីបរិស្ថាន គឺជាមានសារៈសំខាន់​ជាទីបំផុត ដើម្បីផ្តល់និរន្តរភាព​ដល់​ការអភិវឌ្ឍ​​​របស់​ប្រជាជាតិ​ចិន។

គួរជម្រាបថា ជុំវិញការកំណត់​គោលដៅនេះ កិច្ចខិតខំប្រឹងប្រែង​យ៉ាងខ្លាំង ត្រូវបាន​ធ្វើឡើង​នៅក្នុងស្រុក Weining នៃខេត្ត Guizhou ក្នុង​ចំណោមទីតាំងដទៃៗ​ទៀត​របស់ប្រទេសចិន ដើម្បីលើកកម្ពស់​​ការអភិវឌ្ឍ​​ឧស្សាហកម្ម​ពណ៌បែតង រួមមានស្ថានីយ​ផ្គត់ផ្គង់​ថាមពលពី​កម្លាំង​ខ្យល់ និងស្ថានីយផ្គត់ផ្គង់​ថាមពល​ពីពន្លឺ​ព្រះអាទិត្យ។

ចំណុចសំខាន់៖ សម្រាប់ប្រទេសចិន​ទាំងមូល ត្រូវបានពិភពលោក​មើលឃើញថា ជាប្រទេសសេដ្ឋកិច្ចរីកចំរើន​ខ្លាំងបំផុត ប៉ុន្តែដោយសារតែបែបនេះ​ហើយ ការបំពុល​បរិស្ថាន​ចេញពីវិស័យឧស្សាហកម្ម​រីកចំរើន ក៏ខ្លាំងក្លាផងដែរ។ ទីក្រុងដែលមាន​សេដ្ឋកិច្ចកំពុង​លូតលាស់ខ្លាំង ដូចជា ប៉េកាំង សៀងហៃ និងធានជិន ជាដើម អាកាសធាតុ​ពុលបាន និងកំពុង​វាយប្រហារ​កាន់តែធ្ងន់ធ្ងរ​ឡើង ពីមួយឆ្នាំ​ទៅមួយឆ្នាំ។

ដូច្នេះការអភិវឌ្ឍ​ថាមពលបៃតង មិនមែនជារឿង​ដែលអាចត្រឹមតែ​ធ្វើជាគំរូឲ្យតែល្អ​មើល​នោះទេ ដោយវាត្រូវតែមាន​ការបង្កើនទៅកាន់​បណ្តាខេត្តនានា ដូចជាការប្រើប្រាស់​ថាមពលវារីអគ្គិសនី, ថាមពលខ្យល់, ថាមពលរលកទឹកសមុទ្រ, ថាមពលព្រះអាទិត្យ, និងជីវៈឥន្ធនៈជាដើម ដែលវាបង្កផលប៉ះពាល់តិចតួចបំផុត ឬមិនប៉ះពាល់ដល់បរិស្ថាន​សោះតែម្តង ទើបប្រទេសចិនមិន​រងការបំពុលបរិស្ថានធ្ងន់ធ្ងរជាងនេះ នៅ​ថ្ងៃមុខ៕

ចែករំលែក