អាកាសធាតុ​នៅភាគ​ខាង​ជើងអូស្ត្រាលី នឹងកើន​ឡើងកម្តៅខ្លាំង សូម្បីតែ​ចេញដើរលេង ក៏មិនបានដែរ…

0

 

(កង់បេរ៉ា)៖ សីតុណ្ហភាព​នៅភាគខាងជើង​ប្រទេសអូស្រ្តាលី ត្រូវគេព្យាករណ៍​ថា នឹងកើនឡើង​ខុសពីធម្មតា មិនធ្លាប់​ក្នុងអំឡុងពេល ១២ឆ្នាំ បន្ទាប់ ដោយ​ទីក្រុង​ដា​វីន (Darwin) ត្រូវគេរំពឹងថា នឹងជួបកំណើន​សីតុណ្ហភាព​ចាប់ពី ៣៥អង្សាសេ ឡើងទៅក្បែរ ៤០អង្សាសេ សម្រាប់រយៈពេល ១៣២ថ្ងៃ នៅ​ឆ្នាំ​២០៣០ ហើយនៅ​ពេលដល់​ឆ្នាំ២០៧០ រដ្ឋធានីនៃតំបន់​សហព័ន្ធ Northern Territory របស់ប្រទេស​មួយនេះ អាចស្ថិតក្រោម​សីតុណ្ហ​ភាព​​លើសពី ៣៥អង្សាសេ សម្រាប់រយៈពេល​ដល់ទៅ ២៧៥ថ្ងៃ​ក្នុងឆ្នាំ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

ការព្រមានអំពីការ​កើនឡើងសីតុណ្ហភាព​​ ដ៏គួរឲ្យព្រួយបារម្ភ​ខាងលើនេះ ត្រូវបានលើក​ឡើងឲ្យដឹង​ នៅក្នុងរបាយការណ៍​សិក្សាមួយ​របស់​វិទ្យាស្ថាន​អូស្រ្តាលី ដោយផ្អែកលើទិន្នន័យពី​អង្គការស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត និងការិយាល័យ​ឧតុនិយម នៃប្រទេស​អូស្រ្តាលី ដែលទើប​ចេញផ្សាយ​នាថ្ងៃអង្គារនេះតែម្តង។

របាយការណ៍នេះ​បានបញ្ជាក់ទៀតថា ប្រជាជន​នៅទីក្រុង Darwin ព្រមទាំងតំបន់​ភាគខាងជើង (Northern Territory) កំពុងប្រឈមមុខ​ការកើនឡើង​យ៉ាងគំហុក នៃចំនួនថ្ងៃ ដែលកម្តៅ​មានការកើនឡើង​ ដល់កម្រិតយ៉ាង​គ្រោះ​ថ្នាក់។

មិនត្រឹមតែ​តំបន់ភាគខាងជើងនេះទេ ដោយតំបន់ខ្លះទៀតនៅភាគកណ្តាល​ និងខាងត្បូង ដូចជាទីក្រុងស៊ីដនី និងមែលប៊ន សីតុណ្ហភាពធ្លាប់តែសុខដុមសម្រាប់ប្រជាជន​ដើរ​កម្សាន្ត ក៏បាន និងកំពុងប្រែបន្តិចម្តងៗទៅជាអាកាសធាតុក្តៅ ស្ទើរទ្រាំលែងបានតែម្តងពេលថ្ងៃ។

គួរជម្រាបថា ចំនួនថ្ងៃនៃ​មានសីតុណ្ហភាព​ខ្ពស់ជាង ៣៥អង្សាសេ កាលពី​ចន្លោះ​ឆ្នាំ១៩១១ និងឆ្នាំ១៩៤០ ត្រូវបានគេកត់ត្រា​ទុកថា មានចំនួនតែ ​៥.៦ថ្ងៃ ក្នុងមួយឆ្នាំគិតជាមធ្យម ប៉ុន្តែចំនួននេះ​បានកើនឡើងដល់​ចំនួនជាមធ្យម ២២.២ថ្ងៃ ចាប់តាំងពី​ឆ្នាំ២០១៣ ក្រោយពីបញ្ហា​ប្រែប្រួលអាកាសធាតុ​​ជាសកល ដែលធ្វើឲ្យតំបន់​នានានៅលើពិភពលោក​ រងគ្រោះកាន់តែ​ខ្លាំងនោះ៕

ចែករំលែក