២០១៥, ២០១៦, និង២០១៧ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ! ចុះ​ឆ្នាំ២០១៨ នេះ​វិញ?

0

 

(យូអិន)៖ អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អាកាសធាតុក្ដៅជាប់​កំណត់ត្រា​កាលពីបី​ឆ្នាំមុន និងរលក កម្ដៅនៅក្នុង​ប្រទេស​អូស្ត្រាលី រួមទាំងការ​រលាយផ្ទាំងទឹកកក​អាក់ទិច និងកង្វះខាតទឹក​នៅអាហ្វ្រិក​ខាងត្បូង បាននិង​កំពុងធ្វើឱ្យ អាកាសធាតុ​ក្នុងឆ្នាំ២០១៨ នេះកាន់តែអាក្រក់​ឡើង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។

យោងតាម​របាយការណ៍ប្រចាំ​ឆ្នាំ ​របស់អង្គការ​ឧតុនិយម​អន្តរជាតិ (WMO) ព្យុះហឺរីខិន និងទឹកជំនន់​មូសុង​នៅក្នុងប្រទេស​ឥណ្ឌា បានចូលរួមចំណែក​ធ្វើបរិយាកាស និងអាកាសធាតុ​កាលពីឆ្នាំ២០១៧ ស្ថិតនៅក្នុង​សភាពដ៏អាក្រក់បំផុត។ WMO បានបញ្ជាក់ បន្ថែម​យ៉ាងដូច្នេះថា «ការចាប់ផ្ដើម​ឆ្នាំ២០១៨ បម្រែបម្រួល​អាកាសធាតុ​ បានផ្ដាច់​យកអាយុ​ជីវិតមនុស្ស និងបំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ ជាច្រើន…។

មិនតែ​ប៉ុណ្ណោះ​​ក្នុងឆ្នាំ​ដដែល​នេះ អូស្ត្រាលី​ និងអាហ្សង់ទីន បានរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសាររលកកម្ដៅ ដែលកំពុង​បន្តកើតមាន​ផងដែរ នៅក្នុងប្រទេស​កេនយ៉ា សូម៉ាលី ព្រមទាំង​ទីក្រុង Cape Town ប្រទេស​អាហ្រ្វិក​ខាងត្បូង ជាមួយ​កង្វះទឹកប្រើប្រាស់​គួរឱ្យ​ព្រួយបារម្ភ»។ វាជាគ្រោះ​មហន្តរាយជារួមសម្រាប់​ភព​ផែនដី ក៏ព្រោះតែការ​កាប់បំផ្លាញព្រៃឈើ ការរីកចំរើន​ឧស្សាហកម្មធំៗ​ដែលបំពុល​បរិស្ថាន កាន់តែខ្លាំង និងកំណើន​មនុស្សលោក​ជាដើម។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន​ធានារ៉ាប់រង​អាល្លឺម៉ង់ Munich Re គ្រោះមហន្តរាយ​ធម្មជាតិ​ បានបង្កការខូចខាត​គិតជាទឹកប្រាក់ ជាង ៣២០ពាន់លានដុល្លារ​កាលពី​ឆ្នាំ២០១៧ បើទោះជាបណ្ដា​ប្រទេស​ជាង ២០០ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុងគោលដៅ​ទប់ស្កាត់បម្រែបម្រួល​អាកាសធាតុ កាលពី​ឆ្នាំ២០១៥ក៏ដោយ។

ចំណុចគួរឲ្យ​ចាប់អារម្មណ៍៖ ក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​វិភាគថា បើសិនជា​តំបន់​ត្រូពិក និងអេក្វាទ័រ នៃភពផែនដី​កាន់តែឡើងកម្តៅ នោះគ្រោះធម្មជាតិ​ក៏កាន់តែខ្លាំងផងដែរ ហើយរាប់រយឆ្នាំ​ទៅមុខទៀត ដែលនឹងនាំឲ្យប្រជាជននៅតំបន់ទាំងនេះ ពិបាកនៅក្នុង​ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត (ប្រទេសកម្ពុជា ក៏នឹងប្រឈមមុខដែរ ព្រោះយើង​សិននៅតំបន់ត្រូពិក ដែលកៀកនឹងអេក្វាទ័រ)។

ដោយឡែកតំបន់ដែលនឹងក្លាយជាទីសុខសាន្ត សម្រាប់មនុស្សលោកវិញនោះ គឺស្ថិតនៅតំបន់​លើត្រូពិក ឬតំបន់ត្រជាក់បង្គួរ ដែល​អាកាសធាតុនៅទីនោះ នឹងប្រែជា​សមរម្យ​ក្នុងការរស់នៅ។ តំបន់ទាំងនោះ​​មានដូចជា ភាគខាង​ត្បូងកាណាដា, ភាគអាគ្នេយ៍ និរតី ខាងត្បូង និងនិរតី​ប្រទេសរុស្ស៊ី, ព្រមទាំងបណ្តា​ប្រទេសទាំងអស់ ដែលជាប់នឹង​ភាគខាងត្បូងរុស្ស៊ី (អាស៊ីខាងត្បូង)៕

ចែករំលែក