ពុទ្ធោ! មាន​ការព្យាករណ៍ថា ១០ឆ្នាំទៀត «សំណល់​​ប្លាស្ទិក​ក្នុងសមុទ្រ នឹងកើន​ឡើងលើស​នេះ ៣ ដងឯណោះ…»

0

 

(ឡុងដ៍)៖ ចំនួនកម្ទេចកម្ទីប្លាស្ទិក​ នៅតាមមហាសមុទ្រនានា​ទូទាំង​ពិភពលោក ត្រូវគេរំពឹងថា នឹងកើនឡើងបីដង​លើសពី​បរិមាណ​បច្ចុប្បន្ន​ នៅក្នុងអំឡុង​ពេល ០១មួយទសវត្សរ៍ទៀត ប្រសិនបើដល់​ថ្ងៃខាងមុខ នៅតែពុំមាន​វិធានការ​តឹងរ៉ឹង ដើម្បីដោះស្រាយ​បញ្ហាចោលសំរាម​​ទេ​នោះ។ នេះបើតាម​ការព្រមានពី​របាយការណ៍មួយ​ របស់រដ្ឋាភិបាល​នៃ​ចក្រភពអង់គ្លេស ដកស្រង់​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។

របាយការណ៍មាន​ចំណងជើងថា «Foresight Future of the Sea ឬការព្យាការណ៍​ដែនសមុទ្រនា​ពេលអនាគត» ដែលចុះផ្សាយ​ដោយ​ស្ថាប័ន​ផ្នែកវិទ្យាសាស្រ្ត​របស់រដ្ឋាភិបាលអង់គ្លេស បានរកឃើញថា ៧០ភាគរយ នៃចំនួនសំរាម​ទាំងអស់ នៅក្នុង​មហាសមុទ្រ គឺសុទ្ធតែជា​សារធាតុ​ប្លាស្ទិកមិនអាចពុក​ផុយបាន ដែលត្រូវគេ​ជឿជាក់ថា អាច នឹងកើនឡើង​យ៉ាងគំហុក​ លើសពីសព្វថ្ងៃដល់​ទៅបី​ដងឯណោះ នៅខ្ទង់​ចន្លោះ​​ឆ្នាំ​២០១៥ ដល់ឆ្នាំ២០២៥។

បើតាមការគូស​បញ្ជាក់បន្ថែម នៅក្នុងរបាយការណ៍​ខាងលើនេះ បច្ចុប្បន្នមានភស្តុតាង​ជាក់ស្តែង​ជាច្រើន បានបង្ហាញថា​ សារ​ធាតុប្លាស្ទិក កំពុងបង្កការ​គំរាមកំហែងជា​ខ្លាំងដល់ពពួក​សត្វសមុទ្រ ដោយសារតែការ​ជាប់ជំពាក់នឹងថង់​ប្លាស្ទិក​ ឬការលេបសារធាតុប្លាស្ទិក​​ចូលទៅក្នុងខ្លួន អាចបណ្តាល​ឲ្យ​សត្វសមុទ្រជា​ច្រើនប្រភេទ ទទួលរងរបួស ឬក៏ងាប់បាន ហើយម៉្យាងវិញទៀត​សារធាតុប្លាស្ទិក ​អាច​បំពុលឆ្នេរសមុទ្រដ៏ស្រស់ស្អាត​បានផងដែរ។

រំលឹកព័ត៌មាន៖ ក្រុមស្រាវជ្រាវអូស្ត្រាលី​បានរកឃើញផងដែរថា ពពួកសមុទ្រ ហាក់ដូចជាមាន​​ទំនោរទៅប្រមូលផ្តុំ នៅតាមតំបន់​​ដែលជាចំណុច ​សម្បូរទៅដោយ​ការបំពុល​​ភាគល្អិត​ប្លាស្ទិកថែមទៀត ដែលរួមមាន​​ឈូង​​សមុទ្រម៉ិចស៊ីកូ, សមុទ្រ​មេឌីរ៉ាណេ, ឈូងសមុទ្រ​បេង​​ហ្គាល់, និងតំបន់ Coral Triangle នៅតំបន់អាស៊ីអាគ្នេយ៍​ជាដើម។

គួរជម្រាបថា ខណៈផលិតកម្ម​នៃសារធាតុប្លាស្ទិក ត្រូវគេព្យាករណ៍ថា នឹងកើនឡើងខ្លាំងជាសាកល​តែម្តងនោះ ការបង្កើតកម្មវិធី​ឃ្លាំ​មើលរយៈពេលវែង គឺត្រូវការចាំ​បាច់ជាខ្លាំង នៅក្នុងកន្លែងរុករក​ចំណីអាហារ​នៃសត្វសមុទ្រ​យក្សទាំងនេះ ដើម្បីអាចឲ្យ​ក្រុម​អ្នកវិទ្យា​សាស្រ្ត ក៏ជាអ្នកអភិរក្សធនធាន​សមុទ្រ ធ្វើការតាមដាន​កម្រិតជាតិពុល​នៅក្នុងខ្លួន ពពួកសត្វ​ទាំងអស់នេះ ក្នុងអំឡុង​ពេលណាមួយ​៕

ចែករំលែក