គួរឲ្យ​សង្វេគ! ត្រីបាឡែន​ជាង ១៤០ក្បាល ងាប់ពេញលើ​ឆ្នេរសមុទ្រ​​អូស្ត្រាលី, អាជ្ញាធរ​បិទឆ្នេរ​ជាបណ្តោះ​អាសន្ន…

0

 

(អូស្រ្តាលី)៖ ទីបំផុតត្រី​បាឡែន​តែ ០៦ក្បាល ប៉ុណ្ណោះដែលនៅមានជីវិត ក្នុងចំណោម​ពូជត្រីបាឡែន​ម៉្យាង ចំនួន​ច្រើនជាង ១៥០ក្បាល ដែលបាន​រសាត់មក​ទើនៅលើឆ្នេរសមុទ្រ​មួយកន្លែង ក្នុងរដ្ឋអូស្រ្តាលី​ខាងលិចនោះ ដែលបានងាប់អស់​ទៅហើយ ទោះបីជាមានការ​ស្ទុះស្ទារប្រឹងប្រែង ពីអាជ្ញាធរ​ក្នុង​តំបន់ ព្រមទាំងមហាជនដែលទៅធ្វើដំណើរកម្សាន្ត នៅឯឆ្នេរសមុទ្រ ដែលបានខិតខំជួយ​សង្រ្គោះជីវិតរបស់​ពួកវាយ៉ាងណាក្តី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។

សត្វត្រីបាឡែន​ជាច្រើនក្បាលនេះ បានជាប់គាំង​នៅលើឆ្នេរសមុទ្រ Hamelin កាលពីចន្លោះ​ថ្ងៃទី២២ និងទី២៣ ខែមីនានេះ ហើយអាជ្ញាធរ​​ជំនាញ និងមហាជន​ទាំងឡាយ ដែលបានធ្វើដំណើរ​ទៅកាន់​ឆ្នេរសមុទ្រ បានព្យាយាមជួយ​សង្រ្គោះពួកវា ១៥ក្បាល ក្នុងចំណោមនោះ​នៅ​តាមទឹករាក់ៗ ប៉ុន្តែមានតែ ០៧ក្បាលប៉ុណ្ណោះ ដែលអាចត្រូវ​​គេរំកិលយកទៅដាក់​ក្នុងទឹក​សមុទ្រវិញ​ បានដោយ​ជោគជ័យ។

យ៉ាងណាមិញ ក្នុងចំណោម ០៧ក្បាល ដែលត្រូវបាន​គេជួយសង្រ្គោះនោះ មាន​មួយក្បាល បានមកទើនៅ​លើឆ្នេរដោយ​ខ្លួនវា ជាថ្មីម្តងទៀត ហើយអាជ្ញាធរ​ក៏បង្ខំចិត្តបញ្ចប់​ជីវិតរបស់វាតែម្តង។ មកទល់ពេលនេះ​ត្រីបាឡែន ០៦ក្បាលទៀត ទំនងជា​បានរួចរស់ជីវិត ប៉ុន្តែមន្រ្តីជំនាញ​​បានលើក​ឡើងថា ពួកវាប្រហែលជាអាចព្យាយាម​ភៀសខ្លួនមកលើ​ឆ្នេរសមុទ្រ នៅតាមទីតាំង​ឯទៀតៗ​បាន។

ខណៈត្រីបាឡែន ជាទូទៅតែងនៅទើលើឆ្នេរសមុទ្រ ក្នុងពេលធ្វើការភៀសខ្លួនរវាង​តំបន់រកចំណីនៅមហាសមុទ្រអង់តាកទិច នៅប៉ូលខាង​ត្បូង និងផ្ទៃទឹកក្តៅៗ​នៅភាគខាងត្បូង ជាទីដែលពួកវាចិញ្ចឹម​បីបាច់កូនត្រីបាឡែន ចំនួនត្រីបាឡែន​ជាប់គាំងដ៏ច្រើននា​ពេលនេះ គឺវាខុស​ពី​ធម្មតា។ កាលពី​ឆ្នាំ១៩៩៦ ហេតុការណ៍ដូចគ្នា ក៏ធ្លាប់បានកើតមានឡើងផងដែរ ដោយត្រីបាឡែនពូជស្រដៀងគ្នា ចំនួន ៣២០ក្បាល បាន​​ទៅលើ​ឆ្នេរភាគខាង​ជើងឆ្នេរ Hamelin ហើយបាន​ងាប់​ទាំងអស់។

ត្រីបាឡែន​ខាងលើ គឺជាពូជត្រីបាឡែន​ម៉្យាង​ហៅថា Pilot Whale ដែលមានជាប់​ខ្សែក្រឡាយនឹងពូជត្រី​ដូហ្វីន ដោយពួកវាមួយ​ក្បាលៗ​មាន​ទម្ងន់ចន្លោះ​ពីមួយតោន​ទៅបួនតោន ជាហេតុបង្កផលលំបាក​ដល់អាជ្ញាធរក្នុងតំបន់ ក្នុងការ​ដឹកជញ្ជូនសាក​សពពួកវាទៅបោះចោល ឬសូម្បីតែពេលត្រូវសង្គ្រោះវា​ចូលទៅក្នុង​សមុទ្រវិញនោះ។

ទន្ទឹម​នឹងនេះ ប្រជាជនរស់នៅ​ក្នុងតំបន់ ព្រមទាំង​ភ្ញៀវទេសចរត្រូវបានណែនាំ​ឲ្យនៅឲ្យឆ្ងាយ​ពីទឹកសមុទ្រ ដោយសារតែចំនួន​ត្រីឆ្លាមអាចកើន​ឡើង ព្រោះតែការទាក់ទាញ​របស់សាកសព​ត្រីបាឡែន ហើយឆ្នេរ Hamelin ត្រូវបានបិទជា​បណ្តោះអាសន្ន ខណៈអាជ្ញាធរ​កំពុងរៀបចំ​ចាត់​ចែងសាកសព​របស់ត្រីបាឡែនជា ១០០ក្បាល​នោះ៕

ចែករំលែក