ស្មានតែអត់​មានអ្វីទេ! ទម្លាយ​អាថ៌កំបាំងក្នុង «​មឈូសបុរាណ​អេហ្ស៊ីប» ដែលអូស្ត្រាលី​ទិញតាំង​ពីឆ្នាំ១៨៥៨…

0

 

(ស៊ីដនី)៖ អ្នកស្រាវជ្រាវ​នៅឯសារមន្ទីរ Nicholson នៃសាកលវិទ្យាល័យ​ស៊ីដនី ប្រទេសអូស្ត្រាលី​មានការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានរកឃើញ​ដោយ​ចៃដន្យសាកសព ម៉ាមី (mummy) អេហ្ស៊ីបមាន​អាយុកាលជាង ២,៥០០ឆ្នាំ នៅក្នុងមឈូស​មួយ​ ដែលគេធា្លប់​ជឿជាក់​ថា ទទេស្អាត​ពីមុនមក។ នេះបើតាម​បណ្ឌិត Jamie Fraser ដកស្រង់ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយ ស៊ីនហួរ នៅថ្ងៃអង្គារនេះ បណ្ឌិត ចេមី ហ្វ្រេស៊ឺ (Jamie Fraser) ជាអ្នកបុរាណវិទ្យា និងអ្នកដឹកនាំ​ការស្រាវជ្រាវបានឱ្យដឹង​ថា មឈូសខាងលើ​មានដើមកំណើត​មកពីផ្សារ​ដ៏ចំណាស់មួយ​ នៅប្រទេស​អេហ្ស៊ីប ហើយវាត្រូវ​បានទិញ​ក្នុងឆ្នាំ១៨៥៨ ដោយ​លោក Charles Nicholson ដែលជាថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃសាកលវិទ្យាល័យ​ស៊ីដនី ដំបូង​គេម្នាក់។

Fraser បន្ថែមថា អ្នកយាមម្នាក់​កាលពី ឆ្នាំ១៩៤០ ធ្លាប់បានអះអាងថា នៅក្នុងមឈូសនេះ​គឺទទេស្អាត ប៉ុន្តែនាពេលថ្មីនេះ ពោលគឺនៅ​ពេលដែល Fraser សម្រេចចិត្ត​ថតរូបនៅខាង​ក្រោមមឈូស ដើម្បីធ្វើ​កំណត់ហេតុ ស្រាប់តែពួកគេ​បានរកឃើញ​សាកសព mummy នៅខាង ក្នុងដ៏គួរឱ្យ​ភ្ញាក់ផ្អើល។

គួរបញ្ជាក់ថា បើតាម Jamie Fraser មឈូស​ខាងលើ ត្រូវបានធ្វើ​ឡើងសម្រាប់ដាក់​សាកសពស្រ្ដីម្នាក់​ មានឈ្មោះថា មើ ណែស អ៊ីតស៍ (Mer-neith-ites) ហើយគេជឿ​ជាក់ថា ស្ត្រីរូបនេះបានរស់​នៅក្នុង​ប្រទេសអេហ្ស៊ីប នៅអំឡុង​ឆ្នាំ៦០០ មុនគ.ស ដោយសំអាង​លើរចនាបថ​ នៅ​លើ​មឈូស៕

ចែករំលែក